ព័ត៌មានជាតិ
ប.ស.ស បើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់អាជីវករ និងកម្មករ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌ និងនីតិវិធី នៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេសការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋត្រូវទទួលបាន ពេលក្លាយជាសមាជិក ប.ស.ស។

ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយមានរយៈពេល ៣០ ថ្ងៃនេះ បន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយគិតមកដល់ពេលនេះ មានប្រជាពលរដ្ឋ អាជីវករ និងកម្មករនិយោជិតសរុបប្រមាណជា ៨៦ ២៨៥ នាក់ ទទួលបានការផ្សព្វផ្សាយតាមរយៈយុទ្ធនាការខាងលើនេះ។

ដោយឡែកក្នុងយុទ្ធនាការថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ក្រុមការងារ ប.ស.ស បានចុះផ្សព្វផ្សាយសរុបចំនួន ៩៦ លើកបន្ថែមទៀត និងមានអ្នកចូលរួមសរុបចំនួន ៦៣ ៥០៥ នាក់ (ស្រី ៤៦ ៥២៤នាក់) ក្នុងនោះគោលដៅក្នុងរាជធានីភ្នំពេញសរុបចំនួន ២៤ សហគ្រាស ស្មើនឹង ២៤ លើក មានអ្នកចូលរួមសរុប ៤១ ២៦៤ នាក់ (ស្រី ៣១ ៣៧១ នាក់) និងចុះផ្សព្វផ្សាយតាមផ្សារសរុប ១៣ ផ្សារ ស្មើនឹង ៣៦ លើក អ្នកចូលរួមសរុប ១០ ៣៧២ នាក់ (ស្រី ៨ ៩១៩ នាក់)។ ដោយឡែកសម្រាប់សាខា ប.ស.ស ខេត្ត-ខណ្ឌ បានចុះផ្សព្វផ្សាយសរុបចំនួន ៣៩ សហគ្រាស ស្មើនឹង ៣៦ លើក និងមានអ្នកចូលរួមសរុប ១១ ៨៦៩ នាក់ (ស្រី ៦ ២៣៤ នាក់)។

គួរបញ្ជាក់ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាល បង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋឲ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុក ជាហេតុធ្វើឲ្យពលរដ្ឋអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗ សំដៅរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារ និងបង្កើនផលិតភាពការងារ។

សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៍ ដូចជា សេវាពិនិត្យពិគ្រោះយោបល់ ព្យាបាល និងថែទាំប្រាក់បំណាច់មាតុភាព និងប្រាក់វិភាជន៍បូជាសព ពិសេសអាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺនៅគ្រប់ មន្ទីរពេទ្យជាដៃគូ ប.ស.ស ទូទាំងប្រទេសដោយឥតគិតថ្លៃ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ