ព័ត៌មានជាតិ
ក្រសួងព័ត៌មាន លែងអនុញ្ញាតឲ្យប្រើប្រាស់ បណ្ណសម្គាល់អ្នកសារព័ត៌មាន ចេញដោយអង្គភាពសារព័ត៌មានទៀតហើយ
ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណ ដែលចេញដោយអង្គភាពសារព័ត៌មានទៀតហើយ។
ការបញ្ជាក់នេះ ធ្វើឡើងតាមលិខិតមួយចុះហត្ថលេខាដោយ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី ១៦ ខែវិច្ឆកា ឆ្នាំ ២០២៣ ដែលជម្រាបដល់ម្ចាស់អង្គភាពអាជីវកម្មអស់ លើវិស័យព័ត៌មាន និងសោតទស្សន៍។
នៅក្នុងលិខិតនេះ បានសរសេរថា កន្លងមក ក្រសួងព័ត៌មាន បានសង្កេតឃើញថា អង្គភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាន អនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានចុះបញ្ជីធ្វើអាជីវកម្មតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ដោយឡែក ម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិនមានអាជ្ញាបណ្ណ ប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ហើយបាននិងកំពុងប្រព្រឹត្តនូវទង្វើ ដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន បង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅ ព្រមទាំងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ស្ថាប័នព័ត៌មាន។
នៅក្នុងលិខិតដដែលនេះ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ចំពោះអង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត ដូចជា៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ត្រូវមកសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ជាកំហិត។ ផុតរយៈពេលនេះ អង្គភាពប្រព័ន្ធផ្សព្វផ្សាយណា ដែលនៅតែបន្តធ្វើអាជីវកម្មផ្សព្វផ្សាយដោយគ្មានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រសួងព័ត៌មាន ក៏បានបញ្ជាក់ដែរថា ក្រសួង នឹងលុបអាជ្ញាបណ្ណអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ ដោយស្វ័យប្រវត្តិ ប្រសិនបើម្ចាស់អាជ្ញាបណ្ណមិនដំណើរការ ឬឈប់ធ្វើអាជីវកម្មតាមលក្ខខណ្ឌដូចជា៖ រយៈពេល ១ ឆ្នាំ សម្រាប់អង្គភាពអាជីវកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ គិតចាប់ពីថ្ងៃទទួលអាជ្ញាបណ្ណពីក្រសួងព័ត៌មាន លើកលែងតែវិទ្យុ និងទូរទស្សន៍ គ្រប់ប្រភេទ។ រយៈពេល ៣ ឆ្នាំ សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ ដូចជាស្ថានីយទូរទស្សន៍ ទូរទស្សន៍ផ្កាយរណប (DTH) ទូរទស្សន៍ប្រភេទ OTT និង IPTV ជាដើម។ រយៈពេល ១ខែ គិតចាប់ពីថ្ងៃឈប់ធ្វើអាជីវកម្ម។
ក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ទៀតថា រាល់ការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន និងមិនអនុញ្ញាតឲ្យប្រើប្រាស់បណ្ណ ដែលចេញដោយអង្គភាពសារព័តមាន ទៀតឡើយ។
ក្រសួង តម្រូវឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវស្នើសុំប្តូរបណ្ណសម្គាល់ថ្មី សម្រាប់នីតិវិធីក្នុងការផ្ដល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ក្រសួង នឹងរៀបចំចេញបណ្ណតាមប្រព័ន្ធអនឡាញ ដោយភ្ជាប់មកជាមួយ QR Code បង្ហាញទិន្នន័យអត្តសញ្ញាណបុគ្គលជាអ្នកសារព័ត៌មាន ដែលអាចស្កេនបានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ https://www.verify.gov.kh ដើម្បីជៀសវាងការក្លែងបន្លំបណ្ណសម្គាល់អ្នកសារព័ត៌មាន និងអាចគ្រប់គ្រងទិន្នន័យអ្នកសារព័ត៌មាន បានច្បាស់លាស់។
ក្រសួងព័ត៌មាន នឹងរៀបចំនីតិវិធីបន្ថែម អំពីការបញ្ជាក់បណ្ណសម្គាល់អ្នកសារព័ត៌មាន ឬការអនុញ្ញាតទទួលស្គាល់ជាអ្នកសារព័ត៌មាន នៅក្នុងសេចក្តីជូនដំណឹងដោយឡែកមួយផ្សេងទៀត៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក