ព័ត៌មានជាតិ
ដីព្រៃក្នុងឃុំដងពែង ស្រុកស្រែអំបិល រងការទន្រ្ទានធ្វើជាកម្មសិទ្ធិពីឈ្នួញមានអំណាច
ដីព្រៃឈើដែលសម្បត្តិរបស់រដ្ឋជាច្រើនហិកតា ស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល កំពុងរងការបំផ្លិចបំផ្លាញទន្រ្ទានយកធ្វើកម្មសិទ្ធិឯកជនពីសំណាក់ក្រុមឈ្នួញដែលមានអំណាចទឹកលុយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ដីព្រៃឈើដែលរងការបំផ្លិចបំផ្លាញនេះ ស្ថិតនៅចំណុចកំពង់ខ្លឹម ចំណុចពាមត្រែង និងចំណុចគងឆា ភូមិបាក់អង្រុត ដោយគេឃើញមានការដាក់គ្រឿងចក្រចូលឈូសឆាយដីព្រៃជាច្រើនហិកតាគ្មានការញញើតសមត្ថកិច្ចអាជ្ញាធរណាឡើយ។
ប្រភពព័ត៌មានច្បាស់ការណ៍ដដែល អះអាងដោយចោទប្រកាន់ឈ្មោះ ប៊ុន លូន ហៅតា លូន និងជាមេកន្ទុយលេខមានទឹកលុយដ៏ធំបំផុតក្នុងស្រុកស្រែអំបិលជាអ្នកបញ្ជាឱ្យគ្រឿងចក្រចូលទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិឯកជនគ្មានច្បាប់ណាមួយអនុញ្ញាតនោះទេ។ កម្ពុជាថ្មី មិនអាចសុំការបកស្រាយបំភ្លឺលោក ប៊ុន លូន ហៅតា លូន បានទេនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា នេះ។
លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល លើកឡើងរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពិតជាមានការចូលឈូសឆាយព្រៃឈើក្នុងតំបន់ខាងលើនេះដូចការផ្សព្វផ្សាយព័ត៌មានប្រាកដវមែន ប៉ុន្តែដីព្រៃឈើទាំងនោះវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តដែលបានកាត់ឆ្វៀលចេញពីអនុក្រឹត្យលេខ៣០កន្លងទៅ។ លោកអភិបាលរងស្រុកស្រែអំបិល អះអាងបន្តថា ក្រោយមានព័ត៌មានចុះផ្សាយ អាជ្ញាធរ និងមន្រ្តីជំនាញស្រុកក៏បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង តែមិនឃើញមានគ្រឿងចក្រ ឬមនុស្សកំពុងធ្វើសកម្មភាពឈូសឆាយរំលោភបំពានទៀតទេ ដោយក្រុមជនសង្ស័យជម្លៀសយកគ្រឿងចក្រចេញពីតំបន់កើតហេតុបាត់ទៅហើយ។ លើសពីនេះ អាជ្ញាធរក៏មិនទាន់ក្តោបក្តាប់ព័ត៌មានច្បាស់នៅឡើយទេថា ពិតជាឈ្មោះ ប៊ុន លូន ជាអ្នកបំពានយ៉ាងណា គ្រាកំពុងស្រាវជ្រាវលម្អិតជាមុនសិន ខណៈរកឃើញផ្ទៃដីជាង១ហិចតាប៉ុណ្នោះដែលរងការទន្រ្ទានបំផ្លាញ។
ជុំវិញករណីនេះដែរ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ទទួលបន្ទុកការងារតំបន់អភិរក្សធនធានធម្មជាតិជួរភ្នំក្រវ៉ាញខាងត្បូង មិនអាចសុំព័ត៌មានលម្អិតបានទេ ដោយទូរស័ព្ទរបស់លោកមិនទាក់ទងហៅចូលបាន។ ចំណែកលោក មុយ គួង មន្រ្តីបរិស្ថានស្រុកស្រែអំបិល ថ្លែងថា តំបន់រងការទន្រ្ទានយកដីធ្វើកម្មសិទ្ធិស្ថិតនៅតំបន់ការពារអភិរក្សជួរភ្នំក្រវ៉ាញខាងត្បូង រីឯរូបលោកដែនគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង ដូច្នេះលោកសុំឱ្យទៅសួរព័ត៌មានដឹកនាំមន្ទីរបរិស្ថានខេត្តវិញ។
ថ្មីៗនេះ ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសរួមគ្នាគាំទ្រពេញទំហឹងក្នុងកិច្ចសហការ ក្នុងគោលដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយមិនមានការលើកលែងនោះឡើយ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជាគោលការណ៍ គឺចំពោះមុខរក្សាគ្រប់យន្តការដែលមានស្រាប់ និងពង្រឹងការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលជាធរមាន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោកនាយកឧត្តមសេនីយ៍ សៅ សុខា បានអះអាងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងបរិស្ថាន ថា កងរាជអាវុធហត្ថបានត្រៀមរួចជាស្រេចនូវកម្លាំង និងមធ្យោបាយគ្រប់ប្រភេទសម្រាប់កិច្ចអន្តរាគមន៍តាមការស្នើសុំពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងបេសកកម្មចុះបង្ក្រាបករណីនៃបទល្មើសណាដែលមានការលំបាក ហើយក្រសួងជំនាញ ឬអាជ្ញាធរដែនដីមិនអាចធ្វើកិច្ចប្រតិបត្តិការបាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា