Connect with us

ព័ត៌មានជាតិ

សមាគមកាយឫទ្ធិនារីកម្ពុជា និង ស.ស.យ.ក ចុះ MOU ជាមួយក្រសួងបរិស្ថាន និងខេត្តចំនួន ៦ ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ស​.​ស​.​យ​.​ក បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​ក្រសួងបរិស្ថាន និង​ខេត្ត​ចំនួន ៦ ទៀត ដើម្បី​ចូលរួម​យុទ្ធនាការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក ក្រោម​ប្រធានបទ«ថ្ងៃនេះ ភូមិ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ យើង​រួម​កម្លាំង​គ្នា​ការពារ​បរិស្ថាន​កម្ពុជា» នៅ​ក្រុង​កំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មាន​ការ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត​លាវ​ប្រចាំ​កម្ពុជា តំណាង​ក្រសួងបរិស្ថាន​ពាក់ព័ន្ធ អភិបាល​ខេត្ត​ទាំង ៦ មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​វិស័យ​ឯកជន សិស្សានុសិស្ស យ៉ាង​ច្រើន​កុះករ។ ជាមួយ​នោះ ខេត្ត​ចំនួន ៦ រួមមាន ៖ រដ្ឋបាល​ខេត្ត​កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង តាកែវ។ ហើយ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជាមួយ​ក្រសួងបរិស្ថាន និង​បើក​យុទ្ធនាការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ក្រោម​ប្រធានបទ«ថ្ងៃនេះ ភូមិ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ យើង​រួម​កម្លាំង​គ្នា​ការពារ​បរិស្ថាន​កម្ពុជា» នៅ​តាម​បណ្ដា​សាលារៀន​ទូទាំង ៤៣៨ សាលា ដែល​មាន​គ្រូ​សរុប ៥៨២៦ នាក់ និង​សិស្សានុសិស្ស​ចំនួន ១៣១ ២០៣ នាក់។

គិត​ចាប់ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ រដ្ឋបាល​ខេត្ត​ចំនួន ១៣ រួម​ជាមួយ​ស្ថាប័ន​ជាតិ​ធំៗ រួមមាន ៖ ស្ថាប័ន​កាកបាទក្រហម​កម្ពុជា​, សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ចុះ​អនុស្សរណៈ​យោគយល់ និង​បើក​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ក្រោម​ប្រធានបទ«ថ្ងៃនេះ ភូមិ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ យើង​រួម​កម្លាំង​គ្នា​ការពារ​បរិស្ថាន​កម្ពុជា» ជាមួយ​ក្រសួងបរិស្ថាន។

លោក​បណ្ឌិត អ៊ាង សុផល្លែត បាន​បញ្ជាក់​ថា បើ​បូករួម​ជាមួយ​ខេត្ត​ចំនួន ៦ ទៀត ដែល​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួងបរិស្ថាន​ស្ដីពី​យុទ្ធនាការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​នៅ​ថ្ងៃនេះ​មាន​ខេត្ត​ចំនួន ១៣ ក្នុង​នោះ​រួមមាន ៖ ខេត្ត​កំពង់ឆ្នាំង កណ្ដាល ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង​តាកែវ។ ដោយឡែក​មាន​ស្ថាប័ន​ធំៗ ចំនួន ៥ ហើយ បាន​និង​គ្រោង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួងបរិស្ថាន​ផង​ដែរ​រួមមាន ៖ កាកបាទក្រហម​កម្ពុជា កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP), អង្គការ​ស្បៀងអាហារ​ពិភពលោក (UNFAO) ,​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)។

លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍ ដែល​ជានិច្ចកាល បាន​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួងបរិស្ថាន។

លោក​បណ្ឌិត បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា កត្តា​រីកចម្រើន នៃ​សេដ្ឋកិច្ច​ជាតិ កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ គួបផ្សំ​នឹង​ភាព​ស៊ីវិល័យ​របស់​សង្គម និង​ការ​រស់នៅ បាន​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​សម្ភារៈ​ប្លាស្ទិក​មាន​ការ​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់។ ពិសេស​ថង់​ប្លាស្ទិក ដែល​ប្រជាជន​កម្ពុជា​ម្នាក់​ប្រើ​ជា​មធ្យម ៤ ថង់ ក្នុង ១ ថ្ងៃ គឺ​ប្រមាណ​ជា ៥៥ លាន​ថង់​ប្លាស្ទិក ប្រើប្រាស់​ក្នុង ១ ថ្ងៃ នៅ​កម្ពុជា។ ក្រៅពី​ថង់​ប្លាស្ទិក នៅ​មាន​សម្ភារៈ​ប្លាស្ទិក​ប្រើ​ក្នុង​សេវា​អាហារ និង​ភេសជ្ជៈ ដូចជា ៖ ចាន ប្រអប់​ស្នោ កែវ ស្លាបព្រា សម កាំបិត បំពង់​បឺត ប្រអប់​ជ័រ ដែល​កំពុង​ពេញ​និយម​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើងៗ។ ហើយ​សម្ភារៈ​ប្លាស្ទិក​ដែល​ប្រើ​រួច បាន​ចោល​លាយឡំ​ជាមួយ​សំរាម សំណល់​រឹង នៅ​ទីប្រជុំជន និង​មាន​ភាព​រាយប៉ាយ​តាម​ទីវាល និង​ប្រភព​ទឹក​ស្ទើរ​គ្រប់​ទីកន្លែង។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន ពិត​ជា​មាន​សុទិដ្ឋិនិយម និង​ការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ស្មារតី នៃ​យុទ្ធនាការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក «ថ្ងៃនេះ ភូមិ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ យើង​រួម​កម្លាំង​គ្នា​ការពារ​បរិស្ថាន​កម្ពុជា» នឹង​នៅ​ចងចាំ​ជានិច្ច​ចំពោះ​ការ​ចូលរួម​ក្នុង​ពេលនេះ និង​បន្ត​ការ​ផ្សព្វផ្សាយ​ទៅ​មិត្តភ័ក្ដិ បងប្អូន ក្រុម​គ្រួសារ ពី​ការ​មិន​ប្រើប្រាស់​ថង់​ប្លាស្ទិក យ៉ាងតិច ១ ថ្ងៃ និង​ពង្រីក​ទៅ ២ ថ្ងៃ ៣ ថ្ងៃ ឬ ៤ ថ្ងៃ ក្នុង ១ សប្តាហ៍ ដើម្បី​ឲ្យ​សាលារៀន លំនៅស្ថាន និង​ភូមិ​-​ឃុំ​ គ្មាន​ថង់​ប្លាស្ទិក សំដៅ​ធានា​បាន​ការ​រស់នៅ​ស្អាត បរិស្ថាន​បៃតង និង​ការ​អភិវឌ្ឍ​ចីរភាព និង​អព្យាក្រឹត្យ​កាបូន។

ទន្ទឹម​នោះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏បាន​បន្ថែម​ថា គិត​ចាប់ពី​ថ្ងៃ​ទី ១ ខែ​កញ្ញា ឆ្នាំ ២០២៣ រហូត​មក​ដល់​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ មាន​អ្នកចូលរួម​ផ្ទាល់​ប្រមាណ ៣ លាន អង្គ/នាក់។ សម្រាប់​ទិន្នន័យ​ការ​ចូលរួម​ដោយ​ប្រយោល​មាន​ចំនួន​សរុប ៨,៨៤៨,៣៥៣ អង្គ​/​នាក់​ (​មាតាបិតា​មនុស្ស​ក្នុង​គ្រួសារ​) ដូចនេះ​ចំនួន​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ស្មើនឹង ៥២% នៃ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម១០ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១០ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម