ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី ៖ សភា និងរាជរដ្ឋាភិបាល មានឆន្ទៈមោះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្ត្រី
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយមោះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្ត្រី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០។ ក្នុងនោះ រដ្ឋសភា បានអនុម័តច្បាប់មានលក្ខណៈទូលំទូលាយ និងគ្របដណ្ដប់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រក្នុងគោលនយោបាយសាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្ត្រី។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភា បាននិងកំពុងជំរុញយ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរយៈគំនិតផ្ដួចផ្ដើម និងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាថ្នាក់ជាតិ ស្ដីពី«ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ក្រោមប្រធានបទ«ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយ និងសាធារណៈ» នាព្រឹកថ្ងៃចន្ទ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី។
នាឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែល សម្តេច ជាបិតាក្នុងការជំរុញសមភាពយេនឌ័រ តាមរយៈគោលនយោបាយ សាធារណៈរួមមាន យុទ្ធសាស្ត្រត្រីកោណ (ឆ្នាំ ១៩៩៨-២០០៣) និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២៣ ដែលជាលទ្ធផលបានជំរុញឲ្យមានវត្តមានស្ត្រីកាន់តែច្រើនឡើងៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន។
ដោយឡែកក្នុងអាណត្តិទី ៧ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តនូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្ត្រី ដោយ សម្តេច បានសង្កត់ធ្ងន់ថា «ពិភពលោក នឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្ដៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រនេះ បានបង្ហាញយ៉ាងច្បាស់ពីការបន្តយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ។ ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើន ជាពិសេសចំនួនស្ត្រីក្នុងវិស័យនយោបាយ និងសាធារណៈ។ យោងតាមរបាយការណ៍វឌ្ឍនភាពស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០២៣ បានបង្ហាញថា ស្ត្រីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិមានប្រមាណ ២៦,៧% និងក្នុងជួររដ្ឋាភិបាល មានប្រមាណ ៣៥,៥% ប៉ុណ្ណោះ នៅទូទាំងសកលលោក។
ចំណែកនៅកម្ពុជា រដ្ឋសភានីតិកាលទី ៧ នេះ តំណាងស្ត្រីក្នុងតំណែងថ្នាក់ដឹកនាំកំពូលដែលសមាជិកព្រឹទ្ធសភាជាស្ត្រី មានអត្រាកើនឡើងប្រមាណពី ១៤,៧៥% ដល់ ១៦,១៣% ប៉ុន្តែចំនួនសមាជិករដ្ឋសភាជាស្ត្រីមានអត្រាធ្លាក់ចុះពី ២០,៨% មក ១៣,៦% វិញ។ ចំណែកអត្រាស្ត្រីនៅក្នុងស្ថាប័ននីតិប្រតិបត្តិហាក់មិនមានការប្រែប្រួលខ្លាំងទេ គឺប្រមាណ ១៥%។ ចំនួនស្ត្រីនៅក្នុងកម្រិតថ្នាក់ក្រោមជាតិ មានសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ការចូលរួមរបស់ស្ត្រីនៅថ្នាក់មេឃុំ/ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មានការកើនឡើងពី ១៣០ នាក់ (ប្រមាណ ៨%) ដល់ ១៧៦ នាក់ (ប្រមាណជា ១១%) ក្នុងអាណត្តិទី ៥ ពីឆ្នាំ ២០២២-២០២៧។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា កម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេស ១០ ក្នុងពិភពលោក ដែលសម្រេចគោលដៅអភិវឌ្ឍន៍សហស្សលើសុខភាពមាតា ក្នុងនោះអត្រាមរណភាពមាតាបានធ្លាក់ចុះពី ៤៧២ ក្នុងឆ្នាំ ២០០៥ ដល់ ១៥៤ ចំណោម ១ សែនកំណើតរស់នៅឆ្នាំ ២០២២។ យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ កម្ពុជា មានលំដាប់លេខ ៤១ ចំណោម ១៤៦ ប្រទេស ជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយស្ត្រី នៅតាមសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាអត្រាខ្ពស់ក្នុងតំបន់។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជារួមស្ត្រីកម្ពុជាផ្តល់តម្លៃ និងទទួលស្គាល់នៅសហគមន៍អន្តរជាតិសម្រាប់ការចូលរួមថែរក្សាសុវត្ថិភាព និងសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រទេសអាស៊ាន និងទី ១៣ ចំណោម ១២០ ប្រទេស ដែលបានបញ្ជូនទាហានស្ត្រីក្នុងការប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការវិវឌ្ឍន៍នេះសបញ្ជាក់ឲ្យឃើញថា នៅកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយពិតប្រាកដក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្ត្រី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០។ ប៉ុន្តែមានបញ្ហាមួយចំនួន បានប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច ជាពិសេសលើស្ត្រី និងកុមារ ដូចជាការប្រែប្រួល ស្មុគស្មាញ មិនប្រាកដប្រជារបស់ពិភពលោក វិបត្តិកូវីដ-១៩ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងសង្គ្រាមកើតឡើងនៅ អ៊ុយក្រែន និងមជ្ឈិមបូព៌ា ជាដើម។
ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ការពង្រឹងវិសមភាពយេនឌ័រ មានដូចជា ការពង្រឹងអភិបាលកិច្ចដោយទទួលស្គាល់ និងប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់ស្ត្រី។ ការលើកកម្ពស់ឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា។ ការដោះស្រាយសមភាពយេនឌ័រ ក្នុងការអប់រំ និងការអភិវឌ្ឍជំនាញ ជាពិសេសជំនាញឌីជីថល និងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន រួមនឹងការពង្រឹងសមភាពយេនឌ័រគ្រប់កម្រិត តាមរយៈការតាក់តែងគោលនយោបាយ និងច្បាប់ឆ្លើយតបទៅនឹងយេនឌ័រ ដើម្បីបង្កលក្ខណៈកាន់តែប្រសើរដល់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មក្នុងគ្រប់ទិដ្ឋភាព នៃជីវិតជាដើម៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ