Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសុខាភិបាល ណែនាំពលរដ្ឋថែទាំសុខភាពឲ្យបានល្អ កំឡុងអាកាសធាតុចុះត្រជាក់

បានផុស

នៅ

អ្នក​ជំនាញ​សុខាភិបាល បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពិសេស​កុមារ និង​មនុស្ស​វ័យ​ចំណាស់​មាន​សុខភាព​ទន់ខ្សោយ ត្រូវ​ចេះ​ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​ឲ្យ​បាន​ល្អ ដើម្បី​ចៀស​ផុត​ពី​ជំងឺតម្កាត់​ផ្សេងៗ ដែល​អាច​កើត​មាន​ជាហេតុ​បណ្ដាល​មកពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ២០ វិច្ឆិកា​នេះ​ថា «ជា​ធម្មតា កុមារ ប្រៀប​បាន​ដូច​រុក្ខជាតិ​ខ្ចី​អីចឹង​ដែរ នៅ​ពេល​ទទួល​រង​នូវ​ឥទ្ធិពល​អាកាស​ក្តៅ​ពេក ឬ​ត្រជាក់​ពេក តែងតែ​ស្លោក បើ​កុមារ​ពិបាក​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង បណ្តាល​ឲ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម ផ្ដាសាយ រលាក​បំពង់ក រលាក​សួត រលាក​ទងសួត​ជាដើម…។ ដូចនេះ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កុមារ​ទទួល​រង​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​យូរ ដើម្បី​ការពារ​កុំ​ឲ្យ​កុមារ​កើត​ជំងឺ​ទាំងនេះ»។

លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ដល់​អាណាព្យាបាល ឬ​ឪពុកម្តាយ ត្រូវ​ស្លៀកពាក់​ខោអាវ​ដៃ​វែង ជើងវែង និង​ពាក់មួក​ដល់​កុមារ​ឲ្យ​បាន​ជិត ដើម្បី​រក្សា​កម្ដៅ​ក្នុង​ខ្លួនប្រាណ​ឲ្យ​បាន​ល្អ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព ឬ​ការ​ឆ្លង​ជំងឺ​ដទៃ​ទៀត សូម​ប្រញាប់​ទៅ​ស្វែងរក​ការ​ពិនិត្យ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក ព្រោះថា​ការ​ទៅ​ស្វែងរក​គ្រូពេទ្យ​មាន​ជំនាញ​ច្បាស់លាស់ នឹង​ជួយ​ធ្វើ​ឲ្យ​សុខភាព​កុមារ​បាន​ល្អ​ប្រសើរ និង​រឹងមាំ។ ប៉ុន្តែ​បើសិនជា​ទៅ​ស្វែងរក​ការ​ផ្សំ​ថ្នាំលេប​ព្យាបាល​ដោយ​ខ្លួនឯង អាច​ធ្វើ​ឲ្យ​កុមារ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ចំណែក​មនុស្ស​វ័យ​ចំណាស់​ក៏​មិន​ខុស​ពី​កុមារ​ដែរ ជាពិសេស​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ជាដើម ដោយសារ​តែ​សកម្មភាព​រាង​កាយ​មាន​តិច ឬ​ចុះថយ ដែល​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ថយ​ចុះ​ជាង​ធម្មតា អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារតែ​ការ​ឆ្លើយតប​របស់​រាងកាយ​ជាមួយ​ភាព​ត្រជាក់។ ដូចនេះ​មនុស្ស​វ័យ​ចំណាស់​គួរតែ​ស្លៀក​សម្លៀក​បំពាក់​ច្រើន​ជាន់​ពេល​មាន​អាកាសធាតុ​ត្រជាក់ ដើម្បី​រក្សា​ភាព​កក់ក្ដៅ​ក្នុង​ខ្លួន​គាត់។ ចៀសវាង​សម្លៀក​បំពាក់​តឹង ពីព្រោះ​វា​អាច​រំខាន​ដល់​ចរាចរ​ឈាម​ក្នុង​រាងកាយ និង​បណ្តាល​ឲ្យ​បាត់បង់​កម្ដៅ​រាងកាយ​ទៅវិញ។ គូរ​ពាក់មួក និង​ស្រោមជើង​នៅ​ពេល​ចេញ​ទៅ​ខាងក្រៅ ក្នុង​ពេល​មាន​អាកាសធាតុ​ត្រជាក់ ដើម្បី​រក្សា​កម្ដៅ​ក្នុង​រាងកាយ ដែល​អាច​បាត់បង់​តាមរយៈ​ដៃ ក្បាល និង​ជើង។ ត្រូវ​ពិសា​ទឹក​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ចៀសវាង​ការបាត់បង់​ជាតិ​ទឹក​នៅ​ពេល​សរីរាង្គ​ខិតខំ​ទប់ទល់​ទៅ​នឹង​ភាព​ត្រជាក់។

លើស​ពី​នេះ​មនុស្ស​ពេញវ័យ ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ដែរ​នៅ​ក្នុង​ពេល​ដែល​មាន​អាកាសធាតុ​ចុះ​ត្រជាក់ នេះ​តែ​គ្រាន់តែ​ថា​មនុស្ស​ពេញវ័យ​មាន​សុខភាព​រឹងមាំ​ជាង​កុមារ និង​មនុស្ស​ចាស់​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ជា​មធ្យម​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ក្នុង ១ ថ្ងៃៗ មាន​កុមារ​មក​ពិគ្រោះ​ជំងឺ​ក្រៅ​ប្រមាណ​ពី ៧០០ ទៅ ៨០០ នាក់ ភាគច្រើន​មាន​ជំងឺ​ផ្លូវដ​ង្ហើម ជំងឺ​រាករូស និង​ជំងឺ​គ្រុនឈាម។

យោង​តាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជា នឹង​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ពី ១៨ ទៅ ៣១ អង្សា​សេ ពិសេស​នៅ​ខេត្ត​រតនគីរី និង​មណ្ឌលគីរី មាន​សីតុណ្ហភាព​ពី ១៨-១៩ អង្សា​សេ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤៧ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម