Connect with us

ព័ត៌មានជាតិ

តុលាការ បញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គល កង តារាវិឆៃ ដែលបាញ់បោះនៅភ្នំគិរីរម្យ ហើយកំពុងរត់គេច

បានផុស

នៅ

តុលាការខេត្តកំពង់ស្ពឺ តាមរយៈដីការបស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកចាប់ និងនាំខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលជាជនបង្កបាញ់បោះយ៉ាងសេរីនៅលើភ្នំគិរីរម្យ កាលពីពេលថ្មីៗនេះ ក្រោយបុគ្គលនេះកំពុងរត់គេចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដីកាបង្គាប់ឱ្យចាប់ខ្លួននេះ បានឱ្យដឹងថា បុគ្គលឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជា មន្ត្រីនគរបាល ត្រូវបានចោទប្រកាន់ពីពីបទប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ប្រព្រឹត្តទៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០ នាទីរសៀល រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង០០ នាទីព្រឹក បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

ដើម្បីឱ្យកិច្ចស៊ើបសួរអាចប្រព្រឹត្តទៅបានពេញលេញ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ តាមរយៈដីការចុះថ្ងៃទី២០ ខែវិច្ឆិកានេះ បានបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទខាងលើមកប្រគល់ជូនសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់។ ជាមួយគ្នានេះ លោកចៅក្រម សេង រិទ្ធី ក៏បានបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរផងដែរ។

គួរជម្រាបថា ពាក់ព័ន្ធករណីនេះ មានមនុស្សចំនួន ៤នាក់ ដែលបានចូលខ្លួនសារភាព ហើយត្រូវបានចៅក្រមស៊ើបបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ ប៉ុន្តែ បុគ្គលឈ្មោះ កង តារាវិឆៃ ដែលជាម្ចាស់ទីតាំង កំពុងតែរត់គេចខ្លួន៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម