Connect with us

ព័ត៌មានជាតិ

ការប្រកួតរចនាគំនូរសុបិនស្រ្តីបញ្ចប់ទៅដោយរកឃើញម្ចាស់ជ័យលាភីលេខ២ស្ទួន គ្មានជ័យលាភីលេខ១

បានផុស

នៅ

ការប្រកួតរចនាគំនូរសុបិនស្ត្រីជំនាន់ទី១០ ក្រោមប្រធានបទ “អច្ឆរិយកម្ពុជា” បានបញ្ចប់ទៅដោយរលូននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះគឺបានរកឃើញម្ចាស់ជ័យលាភីលេខ៣ចំនួន៣រូប និងម្ចាស់ជ័យលាភីលេខ២ ចំនួន២រូប គ្មានជ័យលាភីលេខ១ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ជ័យលាភីលេខ៣ចំនួន៣រូបគឺបានទៅលើ បេក្ខនារីទី១ឈ្មោះ ខាត់ រីណា វ័យ២៥ឆ្នាំ  និងបេក្ខនារីទី២ឈ្មោះ ខៀវ សេរីរត្នសៅវត្តី វ័យ២០ឆ្នាំ កំពុងសិក្សាសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងបេក្ខនារីទី៣ឈ្មោះ កៀន ដាវី វ័យ២៣ឆ្នាំជាបេក្ខនារីមកពីខេត្តខេត្តសៀមរាប កំពុងបម្រើការងារនៅមន្ទីរពេទ្យ។

ដោយឡែកម្ចាស់ជ័យលាភីលេខ២ ទាំងពីររូបគឺបានទៅលើ​ បេក្ខនារីទី១ឈ្មោះ មៀន គីមចេង វ័យ២១ឆ្នាំ មានស្រុកកំណើត នៅខេត្តសៀមរាប បច្ចុប្បន្នកំពុងបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) និងបេក្ខនារីទី២ឈ្មោះ ភាព ស្រីរ័ត្ន វ័យ ២២ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

(រូបថត គំនូររបស់បេក្ខនារីជ័យលាភីលេខ២ មៀន គីមចេង និងរូបថត លោក​ស្រី WaKana Nukui ប្រគល់វិញ្ញាបនបត្រជូនបេក្ខនារី មៀន គីមចេង )

ចំពោះមូលហេតុដែលនាំ​ឱ្យគ្មានម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតរចនាគំនូរសុបិនស្ត្រីនេះ អ្នកស្រី ហ៊ាង វត្តី គណកម្មការ និងជាសហរៀបចំកម្មវិធីបានឱ្យដឹងថា ពីព្រោះតែ បេក្ខនារី មៀន គីមចេង មានកំហុសបច្ចេកទេសត្រង់ចំណុចប្រើប្រាស់ពណ៌ ឯបេក្ខនារី ភាព ស្រីរ័ត្ន មានកំហុសបច្ចេកទេសត្រង់ចំណុចខុសប្រធានបទរបស់កម្មវិធី។ អ្នកស្រី ហ៊ាង វត្តី បន្ថែមថា ការរចនាគំនូររបស់អ្នកទាំងពីរមានភាពល្អឥតខ្ចោះច្រើនអាចឆក់យកអារម្មណ៍របស់គណកម្មការ ក៏ប៉ុន្តែចំណុចកំហុសបច្ចេកទេសបន្តិចបន្តួច ទើបគណកម្មការសម្រេចផ្ដល់ជ័យលាភីលេខ២ស្ទួនជូនបេក្ខនារីទាំងពីរតែម្ដង។

(រូបថត គំនូររបស់បេក្ខនារីជ័យលាភីលេខ២ ភាព​ ស្រីរ័ត្ន និងរូបថត គណៈកម្មការប្រគល់វិញ្ញាបនបត្រជូន បេក្ខនារីភាព ស្រីរ័ត្ន។)

សម្រាប់ម្ចាស់ជ័យលាភីលេខ៣ចំនួន៣រូប ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន១រយដុល្លារ ចំណែកឯបេក្ខនារីជ័យលាភីលេខ២ចំនួន២រូប ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន៣រយដុល្លា។ក្រៅពីប្រាក់រង្វាន់ ចំពោះអ្នកឈ្នះក្នុងកម្មវិធីការប្រកួតរចនាគំនូរសុបិនស្ត្រីជំនាន់ទី១០ ក៏នឹងទទួលបានឳកាសការរៀនសូត្រ និងអាហារូបករណ៍ក្នុងសាលាសិល្បៈ។ លើសពីនេះ គឺស្មាដៃរបស់បេក្ខនារីមួយចំនួន ក៏ត្រូវបានបានយកទៅប្រើប្រាស់ក្នុងផលិតផលនៅហាង Amazing Cambodia ទាំង៧ ដែលទីតាំងនៅផ្សារទំនើប AEON និងព្រលានយន្តហោះ។

(រូបថត លោកស្រី WaKana Nukui រាប់ពីខាងឆ្វេង អ្នកស្រី ហ៊ាង វត្តី អ្នករៀចចំកម្មវិធីការរចនាគំនូរសុបិនស្រ្តី។)

គួរឱ្យដឹងថា ការប្រកួតរចនាគំនូរសុបិនស្ត្រីជំនាន់ទី១០ ប្រព្រឹត្តឡើងវិញម្តងទៀត បន្ទាប់ពីការរីករាលដាលជម្ងឺកូវិដ រយៈពេល៣ឆ្នាំ កន្លះ។ អ្នករៀបចំ គឺលោកស្រី WaKana Nukui ម្ចាស់ក្រុមហ៊ុន Blooming Life និង អ្នកនាង ហ៊ាង វត្តី ម្ចាស់ក្រុមហ៊ុន រៀល ថាយហ្គើរ។ លោកស្រីWaKana Nukui ដែលជាអ្នករៀបចំកម្មវិធី បានឱ្យដឹងថាអ្នកស្រីរៀបចំកម្មវិធីនេះឡើង ដោយសារលោកស្រីមានអារម្មណ៍រីករាយដោយប្រាសាទអង្គរវត្ត  និងស្នាមញញឹមរបស់ជនជាតិខ្មែរ ព្រមទាំងមើលឃើញថានៅប្រទេសកម្ពុជាខ្វះខាតអ្នកជំនាញផ្នែករចនា។​ លោកស្រីបន្ថែមថា លោកស្រីបង្កើតដើម្បីបង្កើតឱកាសដល់ក្មេងស្រីៗនៅប្រទេសកម្ពុជាមានជីវភាពប្រសើរឡើង។ ដើម្បីចូលរួមការងារនេះ លោកស្រីបានរៀបចំការប្រកួតរចនាគំនូរសុបិនស្ត្រីតាំងពីឆ្នាំ២០១១ ហើយកម្មវិធីនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ក្នុងការជំរុញឲ្យក្មេងៗមានភាពក្លាហាន និងសម្រេចនូវក្តីសុបិនរបស់ខ្លួន ដែលរហូតមកទល់ពេលនេះមាន​បេក្ខនារីជាច្រើន ក៏ទទួលបានស្មាដៃ ពានរង្វាន់កំរិតអន្តរជាតិ និងចាប់យកអាជីពរចនានេះ៕

ដោយ៖ង៉ិល ណារ៉ាត់



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម