ព័ត៌មានជាតិ
ពលរដ្ឋរស់នៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ស្នើឲ្យមន្រ្តីពាក់ព័ន្ធមានវិធានការលើបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព
ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ប្រមាណជិត៥០០គ្រួសារដែលមានជីវភាពពឹងផ្អែកទៅលើមុខរបរនេសាទតាំងពីបុរាណ ចង់ឃើញអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមានវិធានការលើបទល្មើសនេសាទឲ្យមានប្រសិទ្ធភាព ដើម្បីស្ថារសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់រស់នៅប្រចាំថ្ងៃឲ្យបានដូចកាលគ្រាមុនៗ ខណះបទល្មើសនេសាទ នៅតែបន្តកើតមានដោយគ្មានការថមថយ ស្ទើររាល់ថ្ងៃពីសំណាក់ឈ្មួញទុចរឹត។

ពួកគាត់បានបង្ហើបឲ្យដឹងប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្ននេះនៅតំបន់របស់ពួកគាត់រស់នៅមានឈ្មួញបានប្រើឧបករណ៍ចំនួន២ក្នុងចំណោមឧបករណ៍ល្មើសច្បាប់ជាច្រើនទៀតដែលបានរាំងខ្ទប់ត្រីចម្រុះមិនឲ្យធ្វើចរាចរបានពាសពេញផ្ទៃទឹកនិងបន្លាស់ទីតាមបណ្តាតំបន់ផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ជាអ្នកភូមិយ៉ាងធ្ងន់ធ្ងរតាមរយះមុខរបរនេសាទជាទំនៀមទម្លាប់ពីបុរាណលក្ខណ:គ្រួសារ រកត្រីលែងបានដូចកាលគ្រាមុនៗហើយបានងាកមកដើរចាប់ ខ្យង ដើម្បីទ្រទ្រង់ជីវភាពគ្រួសារសម្រាប់១ថ្ងៃៗ។
ពួកគាត់បន្តថា ឧបករណ៍ដែលឈ្មួញលួចប្រើប្រាស់រាំងខ្ទប់ត្រីគឺ រុញសុីប និងអូសម៉ាញ់ ក្រៅពីនេះមានដូចជា ឆក់ ដាក់ ឡុក ដាក់បរណរ៉ាវ ជាដើម ដែលទាំងនេះហើយបានធ្វើឲ្យពួកគាត់ជាអ្នកភូមិរកត្រីតាមបែបលក្ខណ:គ្រួសារលែងបាន ក្នុងរយ:ពេល១ឆ្នាំចុងក្រោយនេះ ទើបធ្វើឲ្យពួកគាត់ប្រឈមនឹងជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគាត់បន្តថា សកម្មភាពការបង្ក្រាបគឺមានតែបង្ក្រាបគ្មានប្រសិទ្ធិភាព ដោយបង្ក្រាបថ្ងៃនេះ ថ្ងៃស្អែកកើតមានទ្វេរដង ដោយសារតែជនល្មើសរួចខ្លួនពីសំណាញ់ច្បាប់រហូត។ ពួកគាត់ថា បើនៅតែឲ្យជនប្រព្រឹត្តរួចខ្លួនរបៀបនេះ មច្ឆាជាតិនឹងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ពេលនោះអ្នកភូមិពួកគាត់ នឹងប្រឈមកាន់តែធ្ងន់ធ្ងរក្នុងជីវភាពគ្រួសារ ហើយមិនអាចស្ថារសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ក្នុងសហគមន៍ឲ្យបានប្រសើឡើយ ។

អ្នកភូមិម្នាក់បានរៀបរាប់ដោយមិនសប្បាយចិត្តថា គាត់រស់នៅក្នុងភូមិនេះតាំងពីដូនតាគាត់មកម្លេះ ហើយការរស់នៅបានពឹងផ្អែកទៅលើមុខរបរនេសាទជាលក្ខណះគ្រួសារទាំងស្រុង ដោយរុករក និងប្រើប្រាស់តែឧបករណ៍ទំនៀមទម្លាប់ប៉ុណ្ណោះមិនមានប្រើឧបករណ៍ទាំងឡាយណាដែលនាំឲ្យបំផ្លាញដល់មច្ឆាជាតិនោះឡើយ។ លោកបន្តថា “កាលពីមុនខ្ញុំរកចំណូលបានចន្លោះ ពី១០ទៅ១៥មុឺនរៀលក្នុង១ថ្ងៃ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងផ្គត់ផ្គង់កូនរៀនផង និងបានសន្សំទុកតិចតួចក្នុង១ថ្ងៃ សម្រាប់ដោះបន្ទុកពេលមានជំងឺឈឺថ្កាត់ណាមួយ តែពេលនេះក្នុង១ថ្ងៃរកតែ៥មុឺនរៀលមិនបានផង ខ្ញុំកំពុងបារម្ភណាស់ ដែលបញ្ហានេះបង្កដោយក្រុមឈ្មួញមានអំណាច បានប្រព្រឹត្តធ្វើឲ្យទាំងអ្នកភូមិទាំងមច្ឆាជាតិធ្លាក់ក្នុងភាពក្រខ្សត់ ដើម្បីតែផលប្រយោជន៍បុគ្គលមួយចំនួនតូច ហើយខ្ញុំចង់ឃើញអាជ្ញាធរខេត្ត និងមន្ត្រីនៃមន្ទីរ ពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាប បើមិនអ៊ីចឹងទេ ខ្ញុំថាត្រីនឹងដាច់ពូជអស់ “។

ចំណែកបុរសជាអ្នកភូមិម្នាក់ទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពេលនេះលោកដើររកខ្យង លក់ឲ្យឈ្មួញ ដែលចិញ្ចឹមត្រី ដើម្បីយកទៅធ្វើជាចំណីត្រី ដោយលក់បាន១គីឡូក្រាមសាច់ខ្យងបានតែ៤ទៅ៥រយរៀលប៉ុណ្ណោះ គ្រាន់បានដោះបន្ទុកជីវភាពគ្រួសារ បានមួយថ្ងៃគិតមួយថ្ងៃ។ លោកបន្តថា “ប្រពន្ធខ្ញុំអត់ត្រីធ្វើ ពេលនេះអង្គុយធ្វើខ្យងម្តង ហើយឥឡូវសូម្បីតែខ្យង ក៏រុករកស្ទើរមិនបានផងកុំថាឡើយត្រី ខ្ញុំចង់សំណូមពរដល់មន្ត្រី ដែលបានចុះបង្ក្រាបយូរៗម្តង បើបានបង្ក្រាបហើយ សូមស្រាវជ្រាវស្វែងរកអ្នកប្រព្រឹត្តទៅផ្តន្ទាទោសផង ទើបពួកនឹងលែងហ៊ានប្រព្រឹត្ត កុំបានត្រឹមតែដុតឧបករណ៍ចោល វាគ្មានផលប្រយោជន៍ និងប្រសិទ្ធិភាពអីទេ”។
ការលើកឡើងពីប្រភពខាងលើនេះ កន្លងមកលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានបកស្រាយថា មន្ត្រីលោកមានកំណត់ ទើបយឺតយ៉ាវក្នុងការចុះបង្ក្រាប ចំណែកជនល្មើស លោកក៏ថា មិនឲ្យរួចខ្លួនដែរឲ្យតែឃើញធ្វើសកម្មភាពជាក់ស្តែង លោកថា នឹងមិនអត់អោន និងយោគយល់បានឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី