ព័ត៌មានជាតិ
៣ខែនេះ រាជរដ្ឋាភិបាលថ្មី សម្រេចបានសមិទ្ធផលធំៗចំនួន ៦ចំណុច
រាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺគម្រប់ខួប៣ខែហើយ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧បានដឹកនាំប្រទេសបានយ៉ាងល្អ និងសម្រេចជោគជ័យបាននូវសមិទ្ធផលធំៗចំនួន ៦ចំណុច។ នេះបើតាមការបង្ហាញពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃគម្រប់ខួប៣ខែនេះ។
បើតាមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល សមិទ្ធផលទាំង ៦ចំណុច ដែលរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបាន មានដូចជា៖សមិទ្ធផលធំទី១៖ គឺការរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរការរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរការជាប្រក្រតីនៃរដ្ឋបាលសាធារណៈ រួមទាំងការអភិវឌ្ឍន៍។ ពោល គឺរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺធានាប្រក្រតីភាពគ្រប់យ៉ាង និងធានាការពារសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោកសាងឡើងមិនឱ្យបានត់បង់ ឬមិនឱ្យសូម្បីតែការប្រែប្រួលជាអវិជ្ជមានណាមួយឡើយ។
សមិទ្ធផលទី២៖ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណចំនួន ៥ចំណុច ហើយក្នុងនោះសម្តេចធិបតី ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ៦យ៉ាងដែលត្រូវអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣។ គោលនយោបាយទាំងនោះមានដូចជា៖
ចំណុចទី១ សុខភាព៖ ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ តាមរយៈកម្មវិធី២គឺ ទី១៖ ការពង្រីកមូលនិធិសមធម៌សុខាភិបាល និងទី២៖ ការពង្រីករបបសន្តិសុខសង្គមថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិក ប ស ស ( ទាំងសម្រាប់កម្មករ និយោជិត មន្ត្រីសាធារណៈ)។ កម្មវិធីទី១គឺ “ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ តុលា ដែលនឹងផ្តល់ប្រយោជន៍ដល់គ្រួសារជនងាយរងហានិភ័យ”សរុបជាង ៤៩ ម៉ឺន គ្រួសារ ឬស្មើនឹងជាង ១.៨ លាន នាក់បន្ថែមទៀតដែលធ្វើឱ្យមូលនិធិសមធម៌គ្របដណ្តប់ប្រជាពលរដ្ឋជាង ៤លាននាក់ ។ ចំណែក កម្មវិធីទី២គឺ ការពង្រីករបបសន្តិសុខសង្គមថែទាំសុខភាពរបស់ ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្តត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៣ វិច្ឆិកា ហើយកម្មវិធីនេះនឹងគ្របដណ្តប់ប្រជាពលរដ្ឋជាង ៥លាននាក់។ សរុបទៅ កម្មវិធីថែទាំសុខភាពទាំងពីរគ្របដណ្តប់ប្រជាពលរដ្ឋជាង ៩ លាននាក់។ ដូច្នេះ មានន័យថា សេវាថែទាំសុខភាពគ្របដណ្តប់ជាសាកលដែលជាគោលដៅរបស់សម្តេចធិបតីក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១នេះនឹងឈានដល់គោលដៅក្នុងរយៈពេលមិនយូរខាងមុខនេះ។
ចំណុចទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស៖ ជូនយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ សរុបប្រមាណជា ១,៥ លាននាក់ទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភ ២៨០ ០០០ រៀលក្នុងមួយខែ ដែលប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ។ ចំណុចទី៣ លើកកម្ពស់កម្មវិធីជាតិជំនួយសង្គម៖ដើម្បីជួយដល់ គ្រួសារក្រីក្រ និងងាយរងហានីភ័យឱ្យបានទូលំទូលាយនិងច្បាស់លាស់។ គោលដៅសំខាន់បំផុតរបស់សម្តេចធិបតីគឺ ពលរដ្ឋក្រីក្រនិងងាយរងហានីភ័យត្រូវតែទទួលបានជំនួយសង្គមនៅពេលដែលពួកគេរងគ្រោះ ឬជួបវិបត្តិដោយប្រការណាមួយ។ ដើម្បីធានាការងារនេះឱ្យបានច្បាស់លាស់ ចាំបាច់ត្រូវពង្រឹងយន្តការនេះរឹងមាំ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ កម្មវិធីនេះរៀបចំដោយក្រសួងសង្គមកិច្ចគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តនាដើមខែធ្នូខាងមុខនេះ។
ចំណុចទី៤ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១០ តុលា។ យុទ្ធសាស្ត្រជាតិនេះមានគោលដៅជួយគាំពារ ជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកលូតលាស់ហើយអាចចូលក្នុងប្រព័ន្ធដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ តាមរយៈ (១)ការផ្តល់ការគាំពារ បង្កើតនូវបរិយាកាសអំណោយផលសឹម្រាប់អាជីវកម្ម, ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម និង(២). ការផ្តល់ការគាំពារសង្គមដល់បុគ្គលស្វ័យនិយោជន៍ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្តោតការយកចិត្ត ទុកដាក់ជាបឋម លើការផ្តល់សេវាថែទាំសុខភាពនៅក្រោមមូលនិធិសមធម៌សុខាភិបាល។
ទី៥ ជួយកសិករក្នុងវិស័យកសិកម្ម៖ យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានដើម្បីលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃផលិតផលកសិកម្ម។ ប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី ២០ វិច្ឆិកា ។ គោលបំណងគឺដើម្បី ជួយកសិករក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ពោល គឺឱ្យកសិករផលិតឱ្យបានច្រើនជាងមុន, មានទីផ្សារលក់ និងរក្សាស្ថិរភាពតម្លៃ។ ក្នុងផែនការនេះ រាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកា ១០០ លានដុល្លារ ដើម្បីចាប់ផ្តើម។ អាចវិភាជថវិកាបន្ថែមប្រសិនបើចាំបាច់។ ទី៦ ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំសង្កាត់ដែលមានសកម្មភាពកសិកម្ម៖គឺជាការបង្ខិតសេវាបម្រើកសិករឱ្យទៅកៀកកសិករតែម្តង។ ក្រសួងកសិកម្មនឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្ម ១ ៦០០ នាក់ ទូទាំងប្រទេសពីពេលនេះដល់ ២០២៥។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលមានផែនការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើប។ គោលដៅ៖ ប្រែក្លាយកសិកម្មកម្ពុជាពីកសិកម្មជាលក្ខណៈគ្រួសារទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ។
សមិទ្ធផលទី៣៖ គឺការបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលព្រះមហាក្សត្រឡាយព្រហស្ថលេខាលើព្រះរាជ្យក្រឹត្យនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងយុត្តិធម៌កំពុងរៀបចំបែបបទនីតិវិធីក្រមប្រតិបត្តិ និងក្រមសីលធម៌ដើម្បីផ្សព្វផ្សាយនិងអនុវត្ត។ នេះគឺជាសមិទ្ធផលថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចធ្វើដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ៖ ផ្តល់ជម្រើសងាយស្រួលនិងថ្មីឱ្យប្រជាពលរដ្ឋទទួលបានសេវាយុត្តិធម៌ដែលនៅកៀកខ្លួន។ កាត់បន្ថយសំណុំរឿងនៅឯតុលាការ និងកាត់បន្ថយទំនាស់នៅក្នុងសហគមន៍ដែលជាផ្នែកមួយនៃការបង្កើតសុខដុមរមនីយកម្មនៅក្នុងឃុំសង្កាត់។
សមិទ្ធផលទី៤៖ រយៈពេល៣ខែមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន២០លើក ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ២៨ម៉ឺននាក់។ ក្នុងជំនួបនេះ សម្តេចធិបតី ក៏បានជួយដោះស្រាយបញ្ហាជូនពួកគេនូវ ៦ចំណុច ដូចជា ការដំឡើងប្រាក់ខែ ជំរុញសេវាថែទាំសុខភាព សម្របសម្រួលឱ្យកម្មករនិយោជិតចូលរៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ជាមួយស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព និងចំណុចផ្សេងទៀត។
សមិទ្ធផលទី៥៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំនួន ៣លើក បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនជាង ១០ក្នុងនោះមាន ការពិនិត្យនិងសម្រេចសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ ចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ”។ល។ និង។ល។
សមិទ្ធផលទី៦៖ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន កាលពីថ្ងៃទី ១៣ វិច្ឆិកា សម្តេចធិបតីបានសម្រេចដាក់ចេញគោលនយោបាយជាច្រើនដើម្បីជួយដល់ផ្នែកឯកជន មានដូចជាវិស័យទេសចរណ៍, អចលនទ្រព្យ ជាដើម៕
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍១ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ