ព័ត៌មានជាតិ
តើបេឡាជាតិសន្តិសុខសង្គម មានប្រវត្តិកកើតឡើងបែបណា?
បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេស ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ និងបានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដើម្បីកាន់តែផ្តល់ភាពងាយស្រួល និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតដល់សមាជិក ប.ស.ស.។ តើបេឡាជាតិសន្តិសុខសង្គម មានប្រវត្តិកកើតឡើងបែបណា?
យោងតាមព្រះរាជក្រឹត្យលេខ៥៥ និង៣០៦ សន្តិសុខសង្គម ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៥៥។ តែគួរឱ្យសោកស្តាយកំឡុងពេលរបបប្រល័យពូជសាសន៍ (១៩៧៥-១៩៧៩) សន្តិសុខសង្គមនេះ ត្រូវបានបំផ្លាញចោលទាំងស្រុង។ តែចាប់ពីឆ្នាំ១៩៧៩-១៩៩៣ ប្រជាជនបានទទួលសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ហើយបន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ នាយកដ្ឋានសន្តិសុខសង្គម ក៏ត្រូវបានបង្កើតឡើង។ នាយកដ្ឋាននេះ ទទួលខុសត្រូវការរៀបចំទាំងអស់នៃប្រកាសសម្រាប់ការអនុវត្តកិច្ចគាំពារសន្តិសុខសង្គមដល់ប្រជាជនដែលធ្វើការក្នុងវិស័យឯកជន។ ជាលទ្ធផល ការកែប្រែបទប្បញ្ញត្តិស្តីពីច្បាប់ការងារឆ្នាំ១៩៩២ ដែលជាច្បាប់ការងារកម្ពុជាបច្ចុប្បន្នដែលអនុម័តក្នុងឆ្នាំ១៩៩៧ ត្រូវបានអនុវត្តដោយនាយកដ្ឋានការងារ (ថ្មីៗនេះប្តូរទៅជាអគ្គនាយកដ្ឋានការងារ)។
បន្ទាប់ពីនោះមក ច្បាប់សន្តិសុខសង្គម ត្រូវបានអនុម័តដោយសភានៅខែកញ្ញា ឆ្នាំ២០០២ ដែលត្រូវបានគេស្គាល់ថា ច្បាប់របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម ត្រូវបានអនុម័តនៅឆ្នាំ២០០៧ ដែលបង្កើតឡើង ដើម្បីជំនួសនាយកដ្ឋានសន្តិសុខសង្គម។ ប.ស.ស. ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារសន្តិសុខសង្គមឱ្យស្របទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គមអនុលោមតាមអនុក្រឹត្យ។ ក្រោយពីការរៀបចំដ៏ធំទូលាយនេះ ប.ស.ស. ត្រូវបានដំណើរការនៅចុងឆ្នាំ២០០៨។
ដោយអនុលោមតាមច្បាប់ ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងការធ្វើ សមាហរណកម្មក្នុងតំបន់ បេឡាជាតិសន្តិសុខសង្គម បាន និងកំពុងត្រៀមខ្លួនតាមរយៈការរៀបចំពង្រីក ពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយបានរៀបចំនូវផែនការយុទ្ធសាស្រ្តរយៈពេលប្រាំឆ្នាំ។ ផែនយុទ្ធសាស្រ្តនេះ មានចក្ខុវិស័យ និងបេសកកម្មដ៏ច្បាស់លាស់ ក្នុងការអនុវត្តផ្នែកសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលាសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឱ្យទទួលបាននូវសេវាសន្តិសុខសង្គម នៅពេលដែលពួកគាត់ជួបប្រទះនូវយថាភាពផ្សេងៗ មានជាអាទិ៍ ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ ឬពេលជួបប្រទះយថាភាពផ្សេងៗទៀតដូចជាជំងឺ និងមាតុភាពជាដើម។
ក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ការធានាផ្នែកសន្តិសុខសង្គម មានសារៈសំខាន់ខ្លាំងណាស់ ដោយបានផ្តល់នូវការគាំពារចំពោះ ប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់កម្មករនិយោជិត ដែលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាន ដោយផ្អែកលើទស្សនាទាននៃការចែក រំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម ធានាបាននូវសន្តិសុខ ប្រាក់ចំណូល ពោល គឺមានន័យថា តាមរយៈការធានាផ្នែកសន្តិសុខសង្គម គ្មានសមាជិកសង្គមណាម្នាក់ធ្លាក់ទៅក្នុងហានិភ័យនៃភាពក្រីក្រ ដោយមិនអាចងើបរួចបានឡើយ។
ម្យ៉ាងទៀត គោលនយោបាយសន្តិសុខសង្គម ក៏រួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគោលការណ៍នៃការចែករំលែកប្រាក់ចំណូល តាមខ្សែទទឹង និងខ្សែបណ្តោយ គឺមានន័យថា អ្នកមានប្រាក់ចំណូលខ្ពស់ជួយដល់អ្នកមានប្រាក់ចំណូលទាប អ្នកមានសុខភាពល្អ ជួយដល់អ្នកមានជំងឺ ជនពិការ ឬអ្នកដែលទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ ជនមានវ័យក្មេងជួយដល់ជនចាស់ជរា ដែលការនេះធ្វើឱ្យមនុស្សក្នុងសង្គមទាំងមូល ទទួលបាននូវភាពកក់ក្តៅក្នុងជីវភាពរស់នៅ ធានារក្សាបានស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម។
ទន្ទឹមនោះ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្ដិសុខបា្រក់ចំណូលរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម ប.ស.ស. បានអនុវត្តរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររួមមាន ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ដោយឈរលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពប្រកបដោយ ជោគជ័យ និងធានាឱ្យមានភាពសង្គតិភាពក្នុងការគាំពារសង្គមទាំងវិស័យឯកជន និងមន្ត្រីរាជការ ក្នុងវិស័យសាធារណៈ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យ ប.ស.ស. ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនចាប់ពី ឆ្នាំ២០១៧តទៅ។
ចំណែក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គចិត្ត សម្រាប់បុគ្គលស័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ផងដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី