ព័ត៌មានជាតិ
ស្ថាបនិក World Economic Forum តែងតែលើកឡើងពីសក្តានុពលរបស់កម្ពុជា ក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានា
សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum តែងបានវាយតម្លៃខ្ពស់ចំពោះប្រទេស កម្ពុជា ហើយតែងតែបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។ នេះបើតាមការលើកឡើងរបស់លោក Joo-Ok Lee ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិក នៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
ការលើកឡើងនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានអនុញ្ញាតឲ្យលោក Joo-Ok Lee ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោក Joo-Ok Lee បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ WEF ជូនចំពោះសម្តេចធិបតី ដោយបានបញ្ជាក់ផងដែរថា លោកសាស្ត្រាចារ្យតែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។
លោក Joo-Ok Lee ក៏បានជម្រាបជូនសម្តេចធិបតី អំពីកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការកសាងទំនុកចិត្តទ្បើងវិញ» ដោយបែងចែងជា ៤ សសរស្តម្ភ រួមមាន៖ (១) ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងពិភពលោកដែលបាក់បែក (២) ការអភិវឌ្ឍរីកចម្រើន និងការបង្កើតការងារសម្រាប់យុគសម័យថ្មី (៣) ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម និង (៤) ការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែង សម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល ដោយនឹងមានការចូលរួមយ៉ាងច្រើនកុះករ របស់ស្ថាប័នជាងពីរពាន់ មកពីទូទាំងពិភពលោក។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគណៈប្រតិភូ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង WEF ក្នុងរយៈកាលកន្លងមកនេះ រួមទាំងការសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ The World Economic Forum (WEF) on ASEAN ក្នុងឆ្នាំ ២០១៧ នៅកម្ពុជា។
ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់ WEF ដែលជាវេទិកាមួយដ៏សកម្ម សម្រាប់កិច្ចទំនាក់ទំនងទាំងក្នុងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការដាក់បង្ហាញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យធុរកិច្ច និងវិនិយោគ ជាដើម។
ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្រចំពោះកិច្ចប្រជុំនានារបស់ WEF ដូចរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗផងដែរ។ ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការអញ្ជើញរូបសម្តេច ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់