ព័ត៌មានជាតិ
ប្រណាំងទូក-ង នៅខេត្តសៀមរាប លេខ ១ ផ្នែកបុរស បានទៅលើទូកឈ្មោះ «សៀមរាបក្រុងមរតកអង្គរ»
ការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានប្រកាសបិទជាផ្លូវការហើយ កាលពីព្រលប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក-ងខេត្តសៀមរាប បានឲ្យដឹងថា ការប្រណាំងទូក-ង ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានទូក-ង ចូលរួមប្រណាំងចំនួន ៣២ទូក។ ក្នុងនោះទូកផ្នែកនារីមានចំនួន ៣ទូក មានកីឡាករសរុបចំនួន ១,០៩៩នាក់ ហើយកីឡាការិនី មានចំនួន ៨៩នាក់ ដោយចែកចេញជា ៥ពូល និងមានការអុំកឡោដិ៍ សម្រាប់កំដរការប្រកួតប្រណាំងទូក-ង ចំនួន ៥គូផងដែរ។

លោក អ៊ឹង គឹមលាង បន្ថែមថា តាមលទ្ធផលនៃការប្រកួតបានរកឃើញថា ទូកផ្នែកបុរស គឺទូកឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ ១, ទូកឈ្មោះសូទ្រនិគមសែនជ័យបារមីតាពេជ្រ ជារបស់រដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកស្វាយលើ ទទួលចំណាត់ថ្នាក់លេខ ២ និងទូកឈ្មោះ រំដួលសែនជ័យបារមីអង្គរ ជារបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទទួលចំណាត់ថ្នាក់លេខ ៣ ខណៈទូកឈ្មោះ នាគអង្គរមានជ័យ ជារបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តមានជ័យ ទទួលចំណាត់ថ្នាក់លេខ ៤។

ទូកផ្នែកនារី គឺ៖ ទូកឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ ១, ទូកឈ្មោះ តេជោធិបតីបារមីបាគង ជារបស់រដ្ឋបាលស្រុកប្រាសាទបាគង សាខាគយ និងរដ្ឋាករខេត្តសៀមរាប និងយោធិនពិការ ៣១៧ ទទួលចំណាត់ថ្នាក់លេខ ២ និងទូកឈ្មោះហង្សចន្ទមានជ័យបារមីមហានគរ របស់សាខាពន្ធដាខេត្ត ទទួលចំណាត់ថ្នាក់លេខ ៣។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោកសូមសម្ដែងក្ដីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទការប្រណាំងទូក “ង” បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរថ្ងៃមកនេះ។ លោក សង្កេតឃើញថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានមកចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។

លោកអភិបាលខេត្ត បានថ្លែងអំណរអរគុណ និងការកោតសរសើរចំពោះមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំការប្រណាំងទូក “ង” ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់។

លោក ប្រាក់ សោភ័ណ បន្ថែមថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលនេះ អាចវាយតម្លៃជារួមថា ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បានប្រព្រឹត្តបានល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ ប្លន់ និងបាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឲ្យកត់សម្គាល់ឡើយ។

ចំពោះស្ថានភាពអនាម័យបរិស្ថាន ក៏មានសភាពល្អប្រសើរជាងពេលមុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយស្ទឹងសៀមរាប បញ្ហាចរាចរណ៍នៅក្នុងក្រុង និងនៅជុំវិញទីតាំងប្រារព្ធពិធី មានលក្ខណៈល្អប្រសើរ បើទោះបីជាមានការកកស្ទះនៅតាមកន្លែងខ្លះក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ច បានជួយសម្រួលចរាចណ៍បានទាន់ពេលវេលា និងដំណើរការនៃការប្រណាំងទូក “ង” ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ បង្កលក្ខណៈសប្បាយរីករាយ និងរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ក្រោយពីពិធីប្រកាសបិទជាផ្លូវការ នៃការប្រណាំងទូក-ង នៅតាមដងស្ទឹងសៀមរាប រដ្ឋបាលខេត្តសៀមរាប ក៏មានរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ផងដែរ៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប