Connect with us

កីឡា

ផែនការដាក់គុនខ្មែរចូលកីឡាអូឡាំពិកកាន់តែមានពន្លឺ

បានផុស

នៅ

គោលដៅ​ដាក់​កីឡា«គុន​ខ្មែរ»​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​របស់​កម្ពុជា​កាន់​តែ​មាន​ពន្លឺ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក​ប្រមាណ​៦០​​នៅ​​ក្នុង​​មហា​សន្និបាត​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គោល​ដៅ​របស់​កម្ពុជា​គឺ​នាំ​យក​កីឡា​គុន​ខ្មែរ​ទៅ​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ពិភព​លោក ប៉ុន្តែ​មុន​ពេល​ឈាន​ដល់​កម្រិត​អូឡាំពិក​គឺ​ត្រូវ​ឆ្លង​កាត់​កម្រិត​តំបន់​ និង​អាស៊ី​ជា​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មាន​ប្រសាសន៍​ថា ៖«យើង​មាន​មហិច្ឆតា​ធំ​ណាស់​គឺ​ធ្វើ​ឲ្យ​កីឡា​មួយ​នេះ​មាន​ប្រជា​ប្រិយភាព​ទូទាំង​ពិភព​លោក។ យើង​បាន​ឈាន​ពីមួយ​ជំហាន​ទៅ​មួយ​ជំហាន​គឺ​ចេញ​ពី​កីឡា​​តំបន់​នៅ​ស៊ីហ្គេម​​ដែល​យើង​ត្រូវ​បាន​ទទួល​ស្គាល់ និង​ចុះ​បញ្ជីក្នុង​ច្បាប់​កីឡា​ស៊ីហ្គេម​ថា មាន​កីឡា​គុន​ខ្មែរ​មួយរួច​ហើយ។ យើង​បាន​​ឈាន​ពី​តំបន់គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កីឡា​អូឡាំពិក​អាស៊ី​ទទួល​ស្គាល់។ នេះ​ជា​ជំហាន​ទី​២ ហើយ​ជំហាន​ទី​៣​ យើង​ត្រូវ​ទៅ​ឲ្យ​ដល់​កម្រិត​អូឡាំពិក​ពិភព​លោក។ នេះ​ជា​សុបិរបស់​យើង គឺ​ជា​សុបិន​មួយ​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ​របស់​ខ្មែរ​យើង»។

សហព័ន្ធ​កីឡាគុន​ខ្មែរ​អន្តរជាតិ​បាន​រៀបចំ​​មហា​សន្និបាត​របស់​ខ្លួន​​​នៅ​ខេត្ត​សៀមរាប​​ដែល​​មាន​ការ​ចូល​រួម​ពី​សមាជិក​ផ្ទាល់​ចំនួន​១៧​ប្រទេស និង​ប្រទេស​ជា​សមាជិក​បាន​ផ្តល់​សិទ្ធិ​ប្រទាន​ជាង​៤០​​​ទៀត​​​សរុបមាន​​ប្រមាណ​​៦០​ប្រទេស។ មហា​សន្និបាត​​បាន​អនុម័ត​គោលការណ៍ចំនួន​៦​ដើម្បី​ជំរុញ និង​អភិវឌ្ឍ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

គោល​ការណ៍​ទាំង​៦​ចំណុច​​ដែលគាំទ្រ​ពី​ប្រទេស​ជា​សមាជិក​ទាំង​នេះ​ហើយ​ដែល​​​ជា​ផ្លូវ​​ដ៏​មាន​ពន្លឺ​​ឆ្ពោះ​ទៅ​រក​ការ​ដាក់​គុន​ខ្មែរ​​​ចូល​ក្នុង​កីឡា​កម្រិត​អាស៊ី មុន​ពេល​ឈាន​ដល់​កម្រិត​អូឡាំពិក។ តាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ាត់ ចំរើន ថា កីឡា​មួយ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្រិត​អាស៊ី​ទាល់​តែ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក​ហោច​ណាស់​៣៥​ប្រទេស ខណៈ​ការ​ចូល​កម្រិត​អូឡាំពិក​ទាល់​តែ​មាន​ការ​​គាំទ្រ​​ហោច​ណាស់​៧៥​ប្រទេស។​ បច្ចុប្បន្ន​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​​មាន​​ប្រទេស​ជា​សមាជិក​ទូទាំង​ពិភព​លោក​ប្រមាណ​៦០​ប្រទេស​ហើយ។

ខាង​ក្រោម​ជា​សេចក្តី​សម្រេច​ក្នុង​មហា​សន្និបាត​របស់​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ៖

  1. សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ និង​សមាជិក​គុន​ខ្មែរ​អន្តរជាតិ​ទាំង​អស់​បាន​ឯកភាព​គ្នា​រក្សា​ឲ្យ​បាន​នូវ​និរន្តរភាព​នៃ​ការ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ឲ្យ​បាន​ទៀង​ទាត់​​ជា​រៀង​រាល់​ឆ្នាំ។
  2. សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​បាន​និងកំពុង​ខិត​ខំ​ប្រឹង​ប្រែងពង្រឹង​យន្តការ​គ្រប់​គ្រង ការ​ដឹកនាំ​សមាជិក​ទាំង​៦០​ប្រទេស និង​បង្កើន​សមាជិកភាព​បន្ថែម​​ឲ្យ​បាន​ដល់​៧៥​ប្រទេស​ក្នុង​អាណត្តិ​៥​ឆ្នាំ​ទៀត ចាប់​ពី​ឆ្នាំ​២០២៤ ដើម្បី​ឈាន​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ និង​អង្គការ​កីឡា​អន្តរជាតិ​ពាក់​ព័ន្ធ។
  3. សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​អំពាវ​នាវ​​សុំ​ការ​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មាន​«ចលនា​ជាតិ​អភិវឌ្ឍ​គុន​ខ្មែរ»​ដើម្បី​សម្រេច​បាន​គោល​ដៅ​យុទ្ធសាស្ត្រ​ជាតិ ការ​បញ្ចូល​កីឡា​គុន​ខ្មែរ​អន្តរជាតិ​ទៅ​ក្នុង​កីឡា​អូឡាំពិក។
  4. សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​បើក​ទ្វារចំហ​ជា​និច្ច​រង់ចាំ​ទទួល​សមាជិកភាព​គុន​ខ្មែរ​ពី​គ្រប់​​ប្រទេស​ទូទាំង​ពិភព​លោក។
  5. មហាសន្និបាត​ និងការ​ប្រកួត​គុន​ខ្មែរ​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក លើ​ក​ទី​៥ ឆ្នាំ​២០២៤ នឹង​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ការ​ប្រកួត​ចាប់​ពី​ឆ្នាំ​២០២៥​នឹង​ធ្វើ​នៅ​តាម​ប្រទេស​ជា​សមាជិក​ដែល​ស្នើ​សុំ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ។ ប្រសិនបើ​គ្មាន​​ប្រទេស​​ជា​សមាជិកស្នើ​សុំ​ធ្វើ​ម្ចាស់​ផ្ទះ កម្ពុជា​ត្រូវ​រក្សាសិទ្ធិ​រៀប​ចំធ្វើ​ឲ្យ​រក្សានិរន្តរភាពព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ។
  6. សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ប្តេជ្ញា​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោលការណ៍​យុត្តិធម៌ (Fair Play) និង​គោលការណ៍​កីឡា​ស្អាត​ស្អំ (Clean Sport) ដោយ​គោរព​បទដ្ឋានគតិយុត្តនៃ​ការ​ប្រឆាំង​ដាច់​ខាត​ការ​ប្រើ​ប្រាស់​សារធាតុ​លើក​កម្លាំង (Anti-Doping Rule៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម