ព័ត៌មានជាតិ
អង្គការ AHF អំពាវនាវចូលរួមប្រយុទ្ធមេរោគអេដស៍ ខណៈជំងឺនេះមិនទាន់ដល់ទីបញ្ចប់នៅឡើយ
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានអំពាវនាវឱ្យមានការចូលរួមប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ទាំងអស់គ្នា ខណៈជំងឺនេះនៅមិនទាន់ដល់ទីបញ្ចប់នៅឡើយទេ។
ក្នុងកម្មវិធីរត់សប្បាយៗ នៅសួនកម្សាន្តយូរ៉ូផាក បុរីប៉េងហួតបឹងស្នោ ដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ កាលពីព្រឹកថ្ងៃទី ២ ធ្នូ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានមានប្រសាសន៍ថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនទាន់ដល់ទីបញ្ចប់ទេ យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយនឹងសហគមន៍ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍»។
លោកស្រី បានបន្តថា ការរៀបចំព្រឹត្តិការណ៍រត់សប្បាយៗ ដែលមានការចូលរួមពីអ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តចំនួន ៦០០ នាក់នេះ ដើម្បីធ្វើការរំលឹកដល់អ្នកបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ខណៈពិភពលោកកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់ នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណជា ៦៣ ម៉ឺននាក់ ក្នុង ១ ឆ្នាំ ហើយការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសក្នុងបណ្តាប្រទេសមានចំណូលទាបនោះទេ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តទៀតថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាព នៃការបង់ប្រាក់ដល់អតិថិជនជាង ១.៩ លាននាក់ ក្នុង ៤៥ ប្រទេស ជុំវិញពិភពលោក មានដូចជា នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងអំណរគុណដល់អង្គការ AHF ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីបំផុសឱ្យយុវវ័យ ក៏ដូចជាប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយស្តីពីជំងឺអេដស៍ទាំងអស់គ្នា សំដៅទប់ស្កាត់ជំងឺអេដស៍ ពិសេសអត្រាឆ្លងថ្មីឱ្យកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នអត្រាឆ្លងអេដស៍ថ្មីមានការកើនឡើង។
លោកបណ្ឌិត បានបន្តថា ការរួមគ្នាទាំងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋ ពិតជាមានសារសំខាន់ក្នុងការឈានឆ្ពោះទៅបញ្ចប់ជំងឺអេដស៍នាពេលខាងមុខ។
លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ និងសើស្បែក បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះនៅមិនទាន់មានឱសថព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយនៅឡើយទេ គឺមានតែថ្នាំពន្យារដែលតម្រូវឱ្យអ្នកជំងឺត្រូវលេបថ្នាំអស់មួយជីវិត។
លោកសាស្ត្រាចារ្យជំនួយ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយទាំងអស់គ្នា ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ថ្មីដោយប្រើស្រោមអនាម័យ និងថ្នាំប្រឹព សម្រាប់លេបមុនពេលរួមភេទ ខណៈការចម្លងមានការកើនឡើងដល់ ១៤០០ នាក់ ក្នុង ១ ឆ្នាំ ឬស្មើនឹង ៤ នាក់ ក្នុង ១ ថ្ងៃ និងមានអ្នកជំងឺលាក់ខ្លួនមិនទាន់ចេញមករកសេវាព្យាបាលប្រមាណ ១២០០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
កីឡា១ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ