Connect with us

ព័ត៌មានជាតិ

ចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមាន​ចំណូលមធ្យម​កម្រិតខ្ពស់ឆ្នាំ ២០៣០ គឺនៅតែផ្តោតលើមនុស្សជាចម្បង

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តោតទៅលើមនុស្សជាចម្បង ដែលនឹងជំរុញប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តល់កិច្ចអន្តរាគមរបស់រដ្ឋាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា តាមរយៈការដាក់ចេញគោលនយោបាយស្តីពីក្របខណ្ឌជាតិ​ជំនួយ​សង្គម​ក្នុងកញ្ចប់​គ្រួសារ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តពង្រីក និងពង្រឹងវិសាលភាពកម្មវិធីមួយចំនួន ដែលត្រូវ​ធ្វើសមាហរណកម្មក្នុងក្របខណ្ឌអនុវត្តទាំងមូល មានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជាកញ្ចប់គ្រួសារ។

«កញ្ចប់គ្រួសារគឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម មានលក្ខណៈអចិន្ត្រៃយ៍សម្រាប់ផ្តល់ផល​ប្រយោជន៍ដល់​គ្រួសារ​ក្រីក្រ និងសមាជិកគ្រួសារនៃជនរងគ្រោះដោយមានកម្មវិធីជាតិជំនួយសង្គមចំនួន៤ ៖ ទី១ កម្មវិធីជួយ​ឧបត្ថម្ភសាច់​ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ទី២ កម្មវិធីអាហារូបករណ៍សម្រាប់​សិស្សក្រី​ក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ , ទី៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងទី៤ កម្មវិធីឧបត្ថម្ភសាច់​ប្រាក់ជូនជនចាស់ជរាអាយុ ៦០ឆ្នាំឡើងទៅ»​។  នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត នៅក្នុងពិធី​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិ​ជំនួយសង្គម​ក្នុងកញ្ចប់គ្រួសារ និង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣។

បើតាមសម្តេច ហ៊ុន ម៉ាណែត កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ ជាកម្មវិធីជំនួយសង្គមដែល​មានលក្ខណៈ​ប្រក្រតី និងជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ បន្ទាប់ពីកម្មវិធីជួយ​ឧបត្ថម្ភសាច់​ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ត្រូវបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗ ចាប់ពីខែមករា ឆ្នាំ ២០២៤ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចាប់ពីខែមេសា ឆ្នាំ ២២០២៤តទៅ។

សូមបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានចំណាយថវិកាជាតិជាង ១,២ពាន់លានដុល្លារ ក្នុងអំឡុងពេលប្រយុទ្ធកូវីដ-១៩ ដែលជាកម្មវិធីជំនួយសង្គមពិសេស ត្រូវបានដាក់ឱ្យអនុវត្ត ក្នុងគោលបំណង​ជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់ពេលមួយគ្រានៃវិបត្តិជំងឺកូវីដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម