ព័ត៌មានជាតិ
អត្រាភាពក្រីក្រកម្ពុជា ធ្លាក់ចុះក្រោម ១០ភាគរយ រយៈពេល ១៥ឆ្នាំ តែងើបឡើងវិញដោយសារវិបត្តិសកល
អត្រាភាពក្រីក្រ នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ជាពិសេសចាប់ពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៧ ពោលគឺដោយអត្រាភាពក្រីក្រថយមកក្រោម ១០ភាគរយ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យអត្រានៃភាពក្រីក្រនៅកម្ពុជា កើនឡើងជាង១៧ភាគរយវិញ។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” នៅថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៣។
សម្តេចបានថ្លែងដូច្នេះថា« ក្នុងរយៈពេលជាង ១៥ឆ្នាំមកនេះ អត្រានៃភាពក្រីក្របានកាត់បន្ថយ ចាប់ពីឆ្នាំ២០០៧ ដែលយើងមានជាង ៤៧ភាគរយ ទៅដល់ឆ្នាំ២០១៧ ជាងក្រោម ១០ភាគរយ ប៉ុន្ដែដោយសារកូវីដ-១៩ យើងបានកើនឡើងវិញដល់ជាង១៧ភាគរយ»។
សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា មានមោទកភាពក្រោយពីបញ្ចប់សង្គ្រាម ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ជីវភាពរបស់ប្រជាពលរដ្ឋ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។
ទោះបីជាប្រជាពលរដ្ឋជាច្រើន មានជីវភាពរីកចម្រើន ដោយបានប្រែក្លាយជីវភាពភាពក្រីក្រ ទៅជីវភាពមធ្យម និងមានលទ្ធភាពឈានទៅជីវភាពកម្រិតខ្ពស់យ៉ាងណាក្តី រាជរដ្ឋាភិបាល ទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រនៅតែមាន ជាពិសេសស្ថានភាពបរិស្ថានសេដ្ឋកិច្ចសកល មិនអាចនៅថិតថេរនោះទេ។
ទោះបែបនេះក្តី សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តបន្តអនុវត្តកម្មវិធីគោល នយោបាយជាតិជំនួយសង្គម ខណៈក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញកម្មវិធីនយោបាយ អាទិភាពចំនួន៥រួចហើយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។
ដើម្បីសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តោតទៅលើមនុស្សជាចម្បង ដែលនឹងជំរុញប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តល់កិច្ចអន្តរាគមរបស់រដ្ឋាភិបាល ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ពលរដ្ឋដែលងាយរងគ្រោះ គឺជាពលរដ្ឋដែលស្ថិតនៅក្នុងមុខរបរក្រៅប្រព័ន្ធ។ កន្លងមកមុខរបរនេះ ពុំសូវមានការគាំទ្រដោយសារមិនអាចចូលក្នុងប្រព័ន្ធបាន និងមានការរាយប៉ាយទូទាំងប្រទេស។ ដូច្នេះហើយ បញ្ហានៃភាពក្រីក្រ គឺកើតឡើងពីមុខរបរលក់រាយតូចតាច ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបណ្ឌិត បានគូសបញ្ជាក់ទៀតថា ទោះជាមានការគាំទ្រជាសាច់ពីរាជរដ្ឋាភិបាលយ៉ាងណាក្តី ក៏នៅក្នុងវិបត្តិកូវីដ និងវិបត្តិសេដ្ឋកិច្ចសកលនេះ ពលរដ្ឋងាយរងគ្រោះ បានធ្លាក់ចុះប្រាក់ចំណូល ដែលធ្វើឱ្យពួកគាត់បន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ដោយសារបាត់បង់មុខរបរ ដូចជាកម្មករសំណង់ កម្មករតាមរោងចក្រឧស្សាហកម្ម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកជាគំនិតថា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ រដ្ឋាភិបាល ត្រូវលើកកម្ពស់វិស័យផលិតកម្មឱ្យបានច្រើន បង្កើតការងារដល់ពលរដ្ឋ ពង្រឹងសិប្បកម្ម ឧស្សាហកម្មឡើងវិញឱ្យបានរឹងមាំ ខណៈដែលគោលនយោបាយរបស់រដ្ឋាភិបាលថ្មីមានហើយ ពោលគឺបណ្តុះបណ្តាលវិជ្ជាជីវៈ។ លើសពីនេះទៀត រដ្ឋាភិបាល គួរទប់ស្កាត់ការវិនិយោគលើវិស័យអចលនទ្រព្យ ហើយងាកមកធ្វើការវិនិយោគលើវិស័យសិប្បកម្ម ផលិតកម្ម និងឧស្សាហកម្ម នោះនឹងជំរុញដល់ការកាត់បន្ថយភាពក្រីក្រកាន់តែល្អប្រសើរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ