Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឱ្យអ្នករាយការណ៍ពិសេសUNជួយប្រាប់សង្គមស៊ីវិលខ្លះ ឱ្យចេះប្រើសិទ្ធិសេរីភាពដោយការទទួលខុសត្រូវ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឱ្យជួយលើកកម្ពស់ការយល់ដឹងដល់​ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលខ្លះ ឱ្យចេះប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ។ សម្តេចធិបតី បានលើកទឹកចិត្តបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបពិភាក្សាការងារ នាវិមានសន្តិភាព លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ ព្រមទាំង បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ធៀបនឹងជំនាន់ដែលលោកនៅបំពេញការងារគាំទ្រដល់ជនភៀសខ្លួនកម្ពុជាក្នុងឆ្នាំ១៩៧៩ និងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាពក្នុងឆ្នាំ១៩៩៣។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានថ្លែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវសមិទ្ធិផលការងារមួយចំនួនមានជាអាទិ៍ ការផ្តល់នូវកម្មវិធីផ្តល់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជន រួមជាមួយនឹងកម្មវិធីគាំពារសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការបរិច្ចាគវ៉ាក់សាំងទៅដល់បណ្តាប្រទេសជិតខាង។ ទី២. ការទទួលស្វាគមន៍ និងការបើកចំហររបស់រាជរដ្ឋាភិបាល នៅក្នុងការពិភាក្សាជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងទី៣. ការឈានទៅបង្កើតឱ្យមានច្បាប់ស្តីពីកិច្ចការពារកុមារ ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទីមួយនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលនឹងមានច្បាប់ដ៏សំខាន់នេះ ។

ជាការឆ្លើយតបវិញ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ និងសហការី នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាលើកទី២ នៅប្រទេសកម្ពុជា នាឱកាសនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែបានចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ព្រមជាមួយនឹងការថ្លែងអំណរគុណចំពោះការទទួលស្គាល់នូវសមិទ្ធិផលការងារសំខាន់ៗ ដែលកម្ពុជាសម្រេចបាននៅក្នុងវិស័យសិទ្ធិមនុស្ស ហើយសម្តេចធិបតី ក៏បានលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេស ធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខ័ណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា, ការកាត់បន្ថយភាពក្រីក្រ, លំហរសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពសំខាន់ៗមួយចំនួន ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដល់គណៈប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម