ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ព្រមានថា បណ្តាញក្រុមហាម៉ាស នឹងវាយប្រហារទូទាំងអឺរ៉ុប នៅថ្ងៃបុណ្យណូអែល
ខណៈមានភាពភ័យខ្លាចកាន់តែខ្លាំងចំពោះការវាយប្រហារភេរវកម្ម អំឡុងពិធីបុណ្យណូអែល ប្រទេសអ៊ីស្រាអែល បានព្រមាននៅក្នុងលិខិតមួយទៅកាន់មេដឹកនាំអឺរ៉ុបប្រហែល២០រូបថា បណ្តាញសម្ងាត់របស់ក្រុមហាម៉ាស កំពុងប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុប។
ក្នុងសប្តាហ៍នេះ សហភាពអឺរ៉ុប ក៏បានព្រមានដែរថា មានហានិភ័យដ៏ធំ នៃការវាយប្រហារភេរវកម្មសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ខណៈភាពតានតឹងតាមសហគមន៍នៅក្នុងទីក្រុងនានាទូទាំងទ្វីបនេះ កាន់តែពុះកញ្ជ្រោលពាក់ព័ន្ធសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស។
នៅក្នុងលិខិតមួយផ្ញើទៅកាន់មេដឹកនាំអឺរ៉ុប, ប្រធានផ្នែកស្រាវជ្រាវនៅក្រសួងកិច្ចការជនភៀសខ្លួនអ៊ីស្រាអែលលោក Amichai Chikli បានព្រមានថា ក្រុមហាម៉ាស មានបណ្តាញដ៏ស្មុគស្មាញ កំពុងប្រតិបត្តិការនៅតាមប្រទេសជាច្រើន រួមទាំងនៅប្រទេសលោកខាងលិច និងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យខ្ពស់ផងដែរ។
ក្នុងលិខិតដែលត្រូវបានផ្ញើទៅកាន់មេដឹកនាំនៅចក្រភពអង់គ្លេស អ៊ីតាលី បែលហ្ស៊ិក ហូឡង់ ស៊ុយអែត ដាណឺម៉ាក សាធារណរដ្ឋឆេក ហុងគ្រី ក្រិក អាល្លឺម៉ង់ និងតំណាងសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែធ្នូ, លោក Chikli បាននិយាយទៀតថា “ច្រើនសប្តាហ៍កន្លងផុតទៅ ចាប់តាំងពីភាពព្រៃផ្សៃដែលក្រុមហាម៉ាសបានប្រព្រឹត្តប្រឆាំងនឹងទារក កុមារ មនុស្សចាស់ និងពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់។ ខ្ញុំចង់បញ្ជាក់រឿងនេះឲ្យច្បាស់! ក្រុមហាម៉ាស កំពុងបង្ហាញឲ្យឃើញថា គោលដៅរបស់ពួកគេគឺសម្លាប់ជនជាតិជ្វីហ្វនៅគ្រប់ទីកន្លែង”។
លោកបន្តថា “ក្រុមហាម៉ាស បានធ្វើប្រតិបត្តិការនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ភាគច្រើនតាមរយៈការបរិច្ចាគមនុស្សធម៌ដោយសម្ងាត់។ ភ្នាក់ងារហាម៉ាស ត្រូវតែកម្ទេចនិងកម្ចាត់ចោលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបើយើងបរាជ័យ នោះយើងនឹងឃើញអំពើឃោរឃៅកាន់តែខ្លាំងឡើងៗ”។
កន្លងមកស្នងការកិច្ចការមហាផ្ទៃសហភាពអឺរ៉ុប (EU) លោកស្រី Ylva Johansson ក៏បានព្រមានខ្លាំងៗដែរថា ប្លុកនេះ កំពុងប្រឈមមុខនឹងការវាយប្រហារភេរវកម្មអំឡុងពេលបុណ្យណូអែល ដោយសារតែការបំផុសគំនិតពាក់ព័ន្ធសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។
ការព្រមាននេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីបុរសសញ្ជាតិបារាំងអាយុ២៦ឆ្នាំម្នាក់ មកពីគ្រួសារអ៊ីរ៉ង់គ្មានសាសនា បានចាក់សម្លាប់អ្នកទេសចរកូនកាត់អាល្លឺម៉ង់-ហ្វីលីពីន ក្នុងទីក្រុងប៉ារីស។ មនុស្ស២នាក់ទៀតក៏រងរបួសផងដែរ ក្រោយត្រូវវាយប្រហារដោយញញួរ ។
ការអត្ថាធិប្បាយរបស់លោកស្រី Johansson គឺដូចទៅនឹងការគូសបញ្ជាក់ដោយរដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ Nancy Faeser ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារក្នុងទីក្រុង ព្រុចសែល ថា ឧប្បត្តិហេតុនៅប៉ារីស នាពេលថ្មីៗនេះ គឺបង្ហាញថា ការគំរាមកំហែងដែលបង្កឡើងដោយភេរវករឥស្លាមនៅ EU នាពេលបច្ចុប្បន្ន ស្រួចស្រាវនិងធ្ងន់ធ្ងរប៉ុនណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អឺរ៉ុប ព្រមានពីការវាយប្រហារភេរវកម្ម អំឡុងពេលបុណ្យណូអែល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់