Connect with us

កីឡា

ហេតុអ្វីបានជារៀបចំការប្រកួត«ល្បុក្កតោ»អន្តរជាតិដូច MMA សុទ្ធសាធ?

បានផុស

នៅ

សហព័ន្ធ​កីឡា​គុន​ល្បុក្កតោកម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ល្បុក្កតោ​​អន្តរជាតិ​​អាជីព​​មាន​លក្ខណៈ​កីឡា​គុន​ចម្រុះ​សុទ្ធ​សាធ​​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​មាន​​៥​ប្រទេស​ចូល​រួម​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ល្បុក្កតោ​​អន្តរជាតិ​អាជីព​​លើក​ដំបូង​នេះ​មាន​​​ម្ចាស់​ផ្ទះ​កម្ពុជា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ឡាវ​ ដែល​ប្រទេស​នីមួយ​ៗ​សុទ្ធ​តែ​ជ្រើស​រើស​អត្តពលិក​របស់​ខ្លួន​ដែល​មាន​បទ​ពិសោធ​​ច្រើន​ពី​​​កីឡា​ផ្សេង​ៗ​ដូច​ជា​​គុន​ចម្រុះ ចំបាប់ ប្រដាល់​សេរី និង​ឃីកបុក​ស៊ីង​ជា​ដើម។ ក្បាច់​គុន​ផ្សេង​ៗ​ត្រូវ​បាន​លាយ​បញ្ចូល​​គ្នា​ដើម្បី​ប្រកួត​ល្បុក្កតោ​​អាជីព​។​

កន្លងមក​ កម្ពុជា​​មិន​ធ្លាប់​បាន​រៀបចំ​ការ​ប្រកួត​លក្ខណៈ​គុន​ចម្រុះ​អន្តរជាតិ​អាជីព​បែប​នេះ​ទេ ខណៈ​ភាគ​ច្រើន​ប្រកួត​​បែប​​សម្តែង​ដែល​មិន​សូវ​គ្រោះ​ថ្នាក់​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ ប៉ុន្តែ​នៅ​ពេល​ប្រកួត​លាយ​ចម្រុះ​ជំនាញ​ច្រើន​បែប​នេះ​ថា​តើ​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទម្រង់​ក្បាច់​គុន​អត្តសញ្ញាណ​​ខ្មែរ​ដែរ​ឬទេ?​ ចុះ​ហេតុ​អ្វី​​បាន​ជាពី​មុន​មិន​រៀបចំ​​ការ​ប្រកួទ​អាជីព​បែប​នេះ?

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក អ៊ូ តារា អគ្គលេខាធិការ​​​រង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​សំណួរ​ខាង​លើ​ថា មែន​ទែន​ទៅ​កុំ​និយាយ​ដល់​មហាជន​ដែល​មិន​សូវ​​បាន​ដឹង និង​យល់​ច្បាស់​ពី​​ល្បុក្កតោ​ស៊ីជម្រៅ សូម្បី​តែ​​​អ្នក​​ហាត់​ល្បុក្កតោ​មួយ​ចំនួន​ក៏​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​នេះ​ដែរ។ តាម​ពិត​​គុន​ល្បុក្កតោ​មាន​ក្បាច់​ប្រយុទ្ធ​ដ៏​សំបូរ​បែប​ទាំង​របៀប​ប្រយុទ្ធ​ឈរ ក្បាច់​ឃ្លេ អោបបោក​ចំបាប់ កណ្តាប់​ដៃ ទាត់​ធាក់ កែង​គ្រប់​បែប​យ៉ាង​ដែល​បាន​ចារ​លើ​ថ្ម​ប្រាសាទខ្មែរ​តាំង​ពី​បុរាណ​កាល​មក។

លោក អ៊ូ តារា បាន​រៀប​រាប់​ថា ៖«មហាជន​​ពេល​ឮពាក្យ​«ល្បុក្កតោ»​ភាគ​ច្រើន​​ប្រហែល​ជា​គិត​​តែ​លើ​ក្បាច់​គុន​បែប​សម្តែង​ ពី​ព្រោះ​កន្លង​មក​រាល់​មាន​ព្រឹត្តិការណ៍​ធំៗ យើង​តែ​ង​តែ​មាន​ពិធី​សម្តែង​​ល្បុក្កតោ ​តែ​មហាជន​កម្រ​បាន​ឃើញ​ពី​ការ​ប្រកួតពិតៗ វ៉ៃ​​​ពិត​ៗ​ណាស់។ ដល់​ពេល​យើង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​​អាជីពគ្រប់​ក្បាច់​ពិត​ៗ​ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា យើង​យក​ក្បាច់​គុន​គេ​មក​ប្រើ តែ​តាម​ពិតក្បាច់​គុន​របស់​យើង​សោះ»។

លោក​អគ្គលេខាធិការរង​បានសង្កត់​ធ្ងន់​ថា ប្រការ​នេះ​បណ្តាល​មកពី​មិន​សូវ​មាន​រៀបចំ​ការ​ប្រកួត​​អន្តរជាតិ​អាជីព​ច្រើន​ ហើយ​​ការ​ផ្សព្វផ្សាយមិន​សូវ​​បាន​ទូលំទូលាយ ដូច្នេះ​ហើយ​បាន​ជា​​មហាជន​មិន​សូវ​បាន​យល់​ច្បាស់​ពី​ក្បាច់​គុន​របស់បុព្វបុរស​ខ្មែរ។ ដើម្បី​ឲ្យមហា​ជនបាន​ស្គាល់ និង​យល់​ច្បាស់​ពី​គុន​ល្បុក្កតោ ត្រូវ​មាន​ការ​ប្រកួត​អាជីព​ឲ្យ​បាន​ញឹក​ញាប់យូរ​តទៅ​មុខ​ទៀត​ ហើយ​សារព័ត៌មាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ។

អ្នក​គាំទ្រ​នឹង​បាន​ឃើញ​កីឡាករ​ ចាន់ រតនា ចូល​រួម​ប្រកួត​ដែល​ត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី​ John Mc Leary Ornido ដែល​​មាន​បទ​ពិសោធ​ច្រើន​ក្នុង​អាជីព​គុន​ចម្រុះ។ អ្នក​លេង​គុន​ចម្រុះកម្ពុជា​​នឹង​​ប្រើ​ជំនាញ​ពិត​ដូច​អ្វី​ដែល​រូប​គេ​ធ្លាប់​ប្រកួត​នៅ​សង្វៀន ONE Championship គឺ​កណ្តាប់​ដៃ ទាត់ ធាក់ កែង ឃ្លេ បោកចំបាប់​គ្រប់​បែប​យ៉ាង។

នេះ​ជា​លើក​ទី​២ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​​​​​​ដែល​ត្រូវ​បាន​ហៅ​ «អ្នក​លេង​គុន​»​ បន្ទាប់​ពី​លើក​ទី​១ ធ្លាប់​បាន​រៀបចំ​កាល​ពី​ខែ​កញ្ញា ក្រោយ​ពេល​​ល្បុក្កតោត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ កុំ​ភ្លេច​ចូល​ទស្សនា​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​កម្ពុជា នៅ​ថ្ងៃសៅរ៍ ទី​១៦ ខែធ្នូ នៅ​វិមាន​នៃ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៥៤ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៥៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១ ម៉ោង មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

Sokha Hotels

ព័ត៌មានពេញនិយម