កីឡា
យ៉េន ឌីណា ប្រាប់ពីកម្លាំងចិត្តប្រឹងឡើងវិញដើម្បីទឹកដោះគោកូន
កីឡាករប្រដាល់គុនខ្មែរ យ៉េន ឌីណា ទទួលបានឱកាសធំសម្រាប់ការប្រកួតដណ្តើមរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងពីប៊ូសស្ត្រង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV Cambodia។
ប្រហែលជា២ឆ្នាំចុងក្រោយនេះ យ៉េន ឌីណា ហាក់មិនសូវមានកម្លាំងចិត្តក្នុងការប្រកួតទេ ដោយសាររូបគេមានបញ្ហាជាមួយគ្រួសារ ស្របពេលរូបគេមានបន្ទុកចិញ្ចឹមកូនស្រីតូចដែលបានរស់នៅជាមួយអ្នកមានគុណរបស់ខ្លួនតាំងពីតូច ដូច្នេះនៅពេលបែកគ្នាជាមួយភរិយា កូនស្រីតូចនៅខាងខ្លួន។
យ៉េន ឌីណា បានឲ្យដឹងថា ទាំងឪពុកម្តាយ លោកគ្រូ អេ ភូថង អ្នកគ្រូ សាំង សុម៉ាលី និងមិត្តរួមក្លិបបានជំរុញទឹកចិត្តយ៉ាងខ្លាំងនៅពេលទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍ធំរហូតមានរង្វាន់រថយន្ត។ ពួកគាត់តែងតែប្រាប់ខ្លួនឲ្យខំប្រឹងឡើងវិញដើម្បីអនាគតកូនស្រី។
កីឡាករបានរៀបរាប់ថា ៖«រាល់ថ្ងៃខ្ញុំអត់នៅជុំគ្នាជាមួយប្រពន្ធទេ តែកូននៅជាមួយខ្ញុំ ពីព្រោះកូន ក្រោយពេលសម្រាល នៅជាមួយម៉ែខ្ញុំតាំងពីអាយុ១ខែកន្លះ។ ពេលខ្ញុំទំនេរ ខ្ញុំទៅលេងកូន តែខ្ញុំផ្ញើលុយឲ្យម៉ែខ្ញុំរាល់ខែដើម្បីទិញទឹកដោះគោឲ្យកូន។ បើកូនអត់ឈឺអីទេ ខ្ញុំអស់ត្រឹមពីរបីរយដុល្លារ តែបើខែណាកូនឈឺ អស់៥០០ទៅ៦០០ដុល្លារដែរ។ និយាយរួម ខ្ញុំវ៉ៃមួយប្រកួត ផ្ញើឲ្យម៉ែស្ទើរទាំងអស់»។
«កូនខ្ញុំចង់ជួបខ្ញុំរហូត តែខ្ញុំប្រាប់កូនថា ចាំប៉ាទំនេរ ប៉ាទៅលេង តែខ្ញុំខំប្រឹងហ្វឹកហាត់ ខំប្រឹងវ៉ៃដើម្បីចិញ្ចឹមកូន។ ពេលនេះខ្ញុំមានឱកាសវ៉ៃដណ្តើមឡាន ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាព១០០%។ ឥឡូវនេះ ខ្ញុំហ្វឹកហាត់បានពេញឡើងវិញ ហើយសុខភាពខ្ញុំដំណើរការល្អវិញហើយ»។ យ៉េន ឌីណា សង្កត់ធ្ងន់ពីការប្តេជ្ញាចិត្ត។
យ៉េន ឌីណា ស្ថិតក្នុងបេក្ខភាព៤រូបដែលមាន ផល សោភ័ណ្ឌ, លន បញ្ញា និង មឿន សុខហ៊ុច ត្រូវប្រកួតនៅថ្ងៃទី១៤ ខែធ្នូនេះដើម្បីដណ្តើមរថយន្ត។ នៅជុំទី១ កីឡាករទាំង៤នាក់ត្រូវប្រកួតជាមួយដៃគូបរទេស បន្ទាប់មកអ្នកឈ្នះ២រូបដែលធ្វើបានល្អជាងគេ និងមានសំឡេងគាំទ្រច្រើនពីមហាជនឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ជុំវិញបេក្ខភាព៣នាក់ យ៉េន ឌីណា បានប្រាប់ថា ផល សោភ័ណ្ឌ មានបច្ចេកទេសចេញ-ចូលលឿន។ លន បញ្ញា មានកម្លាំងស៊ុហ្វល្អដែលអាចចេញអាវុធគ្រប់ពេលវេលា ហើយ មឿន សុខហ៊ុច ល្អទាត់ អាវុធធ្ងន់។
តាមប្រវត្តិជួបគ្នាកន្លងមកឃើញថា យ៉េន ឌីណា មានកំណត់ត្រាល្អពេលជួបជាមួយកីឡាករទាំង៣នាក់នេះ។ រូបគេធ្លាប់ជួប ផល សោភ័ណ្ឌ ៤ដង ក្នុងនោះមិនធ្លាប់ចាញ់ឡើយគឺឈ្នះ៣ដង និងស្មើ១ដង ហើយធ្លាប់ជួប មឿន សុខហ៊ុច ៥ដង ក្នុងនោះឈ្នះ៣ដង ស្មើ១ដង និងចាញ់១ដង ព្រមទាំងធ្លាប់ជួប លន បញ្ញា ៤ដង គឺឈ្នះ២ដង ស្មើ១ដង និងចាញ់១ដង។
ទាំង លន បញ្ញា, មឿន សុខហ៊ុច និង ផល សោភ័ណ្ឌ សុទ្ធតែចាប់បានចំណុចខ្លាំងរបស់ យ៉េន ឌីណា ដូចគ្នាគឺពូកែកាត់ផ្តាច់ចង្វាក់ដៃគូ។ កីឡាករមកពីខេត្តកោះកុងរូបនេះមានបច្ចេកទេសល្អក្នុងការទាត់កាត់ ធាក់ចេញ និងគេច រួចវាយសងដែលធ្វើឲ្យដៃគូពិបាកចូលចុះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani