Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ព្រមាន លីបង់ ប្រយ័ត្នធ្លាក់ខ្លួនដូចតំបន់ហ្គាហ្សា បើក្រុម​ហេសបូឡាប្រកាសសង្គ្រាម

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានព្រមានប្រទេសលីបង់អំពីផលវិបាក ក៏ដូចជាធ្លាក់ខ្លួនដូចនៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើក្រុមប្រដាប់អាវុធហេសបូឡា សម្រេចចិត្តលូកដៃចូលក្នុងសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បានប្រាប់ទាហានមួយក្រុមថា “ប្រសិនបើក្រុមហេសបូឡាសម្រេចចាប់ផ្តើមធ្វើសង្រ្គាមទ្រង់ទ្រាយធំប្រឆាំងអ៊ីស្រាអែល នោះពួកគេក៏នឹងមើលឃើញទីក្រុង Beirut និងទីក្រុងលីបង់ភាគខាងត្បូង ធ្លាក់ចូលក្នុងរណ្ដៅ និងខ្ទេចខ្ទីដូចគ្នាទៅនឹងទីក្រុងហ្គាហ្សា និងទីក្រុង Khan Younis របស់ប៉ាឡេស្ទីនផងដែរ” ។

ការព្រមានរបស់លោក Netanyahu បានកើតមានឡើង បន្ទាប់ពីមើលឃើញថា ក្រុមហេសបូឡាអាចនឹងក្លាយជាភាគីទី ៣ លូកដៃចូលរួមក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ក្រោយពេលដែលកងកម្លាំងការពារអ៊ីស្រាអែល (IDF) បើកការបាញ់ផ្លោងទៅលើព្រំដែនភាគខាងត្បូងប្រទេសលីបង់ ដោយបានសម្លាប់ទាហានម្នាក់ និង ៣ នាក់ផ្សេងទៀតរងរបួស ។

ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ក៏បានលើកឡើងផងដែរថា អ៊ីស្រាអែលក៏មានផែនការបណ្ដេញក្រុមហេសបូឡាឲ្យចេញពីតំបន់ព្រំដែនជាប់ទន្លេ Litani នៅភាគខាងត្បូងប្រទេសលីបង់ ជាពិសេសអ៊ីស្រាអែល​ប្តេជ្ញា​នឹង​នាំ​ជ័យជម្នះទាំងលើក្រុមហាម៉ាស និងក្រុមហេសបូឡា ហើយ​​នឹងកម្ចាត់ក្រុមទាំងនេះ​ដោយមិនចាំបាច់​មានការពឹងពាក់ពី​អ្នកណាឡើយ ។

ភាពតានតឹងថ្មីបានផ្ទុះឡើងនៅតាមតំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ចំពេលមានការបាញ់ស្រោចកាំភ្លើងធំដាក់គ្នាទៅវិញទៅមករវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវបំផុត ចាប់តាំងពីភាគីទាំងពីរបានតស៊ូប្រយុទ្ធគ្នាក្នុងសង្គ្រាមទ្រង់ទ្រាយធំកាលពីឆ្នាំ ២០០៦ ខណៈបច្ចុប្បន្នក៏នៅតែមានការសង្គ្រឺតធ្មេញដាក់គ្នាផងដែរ ។

ទន្ទឹមនោះ ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) និង​ក្រុមហេសបូឡាក៏បាន​កំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្មផងដែរ ខណៈការបាញ់រះគ្រាប់រ៉ុកកែតទាំងនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៧,៧០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៨,៧០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការ វាយប្រហារសម្លាប់ទាហាន លីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម