Connect with us

វប្បធម៌ ជំនឿ

អ្នកជំនាញ​ បុរាណវិទូ​ខ្មែរ បង្ហាញអាថ៌កំបាំង​វត្តមានជនជាតិចិន​លើ​ចម្លាក់​​ប្រាសាទ​បុរាណ

បានផុស

នៅ

ខ្មែរ និង ចិនមានទំនាក់ទំនងគ្នា និងការទូតជាយូរលុងណាស់មកហើយតាំងពីសម័យនគរភ្នំ ស្របពេលកាលពីអតីតកាលប្រទេសទាំងពីរក៏មានព្រំដែនជាប់គ្នាថែមទៀតផង។ តាមរយៈទំនាក់ទំនងនេះ មន្ត្រីជំនាញ និង បុរាណវិទូ បានបង្ហាញទិដ្ឋភាព និងវត្តមានជនជាតិចិននៅចក្រភពខ្មែរនៅតាមចម្លាក់ប្រាសាទខ្មែរមួយចំនួន។

លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ប្រាសាទខ្មែរចំនួន៣បានបង្ហាញចម្លាក់ទាក់ទងទៅនឹងជនជាតិចិនដែលបានមកកម្ពុជា។

លោក ឡុង កុសល មានប្រសាសន៍ថា៖ “ប្រាសាទបាយ័ន និងបន្ទាយឆ្មារ មានចម្លាក់ជនជាតិចិន នៅសតវត្សទី ១២-១៣ នៃគ្រិស្ដសករាជ និងមាន អក្សរចិនសរសេរដោយទឹកថ្នាំ នៅប្រាសាទអង្គរវត្តពីចុងសតវត្សទី១៩ ដល់ពាក់កណ្ដាលសតវត្សទី២០ នៃគ្រិស្ដសករាជ។

លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល បានបញ្ជាក់ថា មូលហេតុដែលមានចម្លាក់មនុស្ស និងអក្សរចិននៅលើប្រាសាទខ្មែរ ដោយសារ ខ្មែរ និងចិន មានទំនាក់ទំនងគ្នាតាំងពីសម័យហ្វូណនមកម៉្លេះ។

លោក បានលើកឡើងថា៖ “មូលហេតុមានចម្លាក់ជនជនជាតិនៅលើប្រាសាទខ្មែរ ដោយសារខ្មែរ និងចិន មានទំនាក់ទំនងគ្នាជិតស្និទ្ធតាំងពីសម័យហ្វូណន ចេនឡា អង្គរ ក្រោយអង្គរ លង្វែក ឧត្ដង្គ និងសម័យបច្ចុប្បន្ន”។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ប្រាសាទទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រហែលមានតែ បាយ័នមួយគត់ ដែលមានរូបចម្លាក់អាចសម្គាល់ថា ជារូបមនុស្សជនជាតិចិន ដោយបានបង្ហាញក្នុងពីរទិដ្ឋភាពផ្សេងគ្នា។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា៖ “ទិដ្ឋភាពទី១ គឺជាកងទ័ព នៅក្នុងក្បួនកងទ័ពរបស់ព្រះបាទជ័យវរ្ម័នទី៧ និងទិដ្ឋភាពទី២ គឺជនជាតិចិននៅសហគមន៍ក្នុងចំណោមនៃអាណាប្រជានុរាស្ត្រខ្មែរ ដែលរស់នៅក្នុងរាជធានីអង្គរ នៅសតវត្សរ៍ទី១២-១៣”។

លោក អ៊ឹម សុខរិទ្ធី បានរៀបរាប់ពីទិដ្ឋភាពចម្លាក់ពាក់ព័ន្ធជាមួយចិននៅសម័យអង្គរពីសតវត្សរ៍ទី៩ ដល់ទី១៥ គឺនៅក្នុងទិដ្ឋភាពទាហានជាកងទ័ព ដែលឃើញមាន៣ទិដ្ឋភាពផ្សេងគ្នា មានកងទ័ពថ្មើរជើង ទ័ពដំរី និងទ័ពសេះ។ លោកបញ្ជាក់ថា ក្នុងទិដ្ឋភាព៣ហ្នឹង ដែលចំឡែកនោះគឺ ទ័ពដំរី ព្រោះចិនមិនដែលប្រើដំរីទេ ចិនប្រើតែសេះ ថ្មើរជើង និងរទះចម្បាំង។ ​

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា៖ “ឥទ្ធិពលទំនាក់ទំនងខ្មែរចិន ឃើញថា ទ័ពចិន ដែលច្បាំងគ្នារាប់រយឆ្នាំមកហើយ មិនដែលប្រើដំរីទេ ដល់ពេលមកដល់ស្រុកខ្មែរ ពួកគេចេះប្រើដំរី ចំណែកទ័ពខ្មែរចេញច្បាំងតាំងពីដើមមកមិនចេះប្រើសេះទេ ស្រាប់តែក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ចេះប្រើសេះ”។

អតីតអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ រូបនេះ បានបន្តថា ប្រសិនបកក្រោយមើលភូមិសាស្ត្រនយោបាយក្នុងតំបន់នៅសតវត្សរ៍ទី១២ កាលនោះរាជការសុង មានវិសាលភាពធំធេង និងបើតាមកំណត់ហេតុរបស់រាជវស្សសុង ឃើញថា ខ្មែរចិនមានទំនាក់ទំនងការទូតសម្បើម ដោយមានជាង ៦០សំបុត្រឆ្លើយឆ្លងគ្នា ដែលទំនាក់ទំនងទូតនេះធ្វើឱ្យមានវត្តមានជនជាតិចិននៅខ្មែរ។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍បន្តថា៖ “ក្រោយពេលរាជការសុងច្បាំងចាញ់ម៉ុងហ្គោលី ពួកកងទ័ពរាជការសុង ដែលនៅឆ្ងាយពីរាជធានី មិនបានត្រឡប់ទៅស្រុកកំណើតវិញទេ និងតាមរយៈធ្លាប់មានទំនាក់ទំនងការទូតជាមួយរាជការសុងផងនោះ ទើបប្រហែលជាព្រះបាទជ័យវរ្ម័នទី៧ ទាក់ទងទាហានទាំងនោះមកឱ្យធ្វើជាទាហានស៊ីឈ្នួលរបស់ខ្មែរ ដើម្បីច្បាំងជាមួយចម្ប៉ា(ចាម) អ៊ីចឹងហើយទើបឃើញមានវត្តមានចម្លាក់ទ័ពចិននៅចម្លាក់បាយ័ន្តក្នុងរាជព្រះបាទជ័យវរ្ម័នទី៧នោះ”។  

លោក អ៊ឹម សុខរិទ្ធីប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា

បន្តពីនេះ លោក អ៊ឹម សុខរិទ្ធី បានលើកបង្ហាញពីរូបចម្លាក់ជនជាតិចិននៅក្នុងសហគមន៍សម័យអង្គរដែលមាន ២ទិដ្ឋភាពផ្សេងគ្នា គឺមានជនជាតិចិនធម្មតាជាអ្នកជំនួញជាមួយប្រជាជនខ្មែរ និងមួយទៀត គឺទំនងជាអ្នកការទូត។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា៖ “ក្នុងជំនួញជួញដូរនោះ ក្នុងទ្រង់ទ្រាយជំនួញដ៏មានសារៈសំខាន់ ដោយសារឃើញមានសំពៅចិនចូលចតក្នុងដែនដីខ្មែរប្រហែលជានៅទន្លេសាបដែលមានទឹកជ្រៅ ហើយបន្តទៀតក៏មានសំប៉ានដែលជាទូកតូចៗនាំទំនិញមកកាន់ទីគោក និងនៅទីផ្សារក្បែរច្រាំងទន្លេ”។

លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា នៅប្រាសាទបន្ទាយឆ្មារ និងអង្គរវត្ត មិនមានរូបចម្លាក់ជាមនុស្សជនជាតិចិនទេ ប៉ុន្តែមានជារបៀបសិល្បៈ ជាផ្ទាំងលម្អក្បាច់ នៅលើមេទ្វារ នៅលើជញ្ជាំង ដែលមានក្បាច់ចម្លាក់ខ្លះមិនមែនតាមទំនៀមប្រពៃណីឥណ្ឌាដែលយើងបានទទួលទេ ប៉ុន្តែវាជារបៀបចិនទៅវិញ។ លុះក្រោយសម័យអង្គរបន្តិច យើងឃើញមានវត្តមានចិនមកទៀត ដោយឃើញជាអក្សរ មានកំណាព្យកាព្យឃ្លោងរបស់អ្នកដំណើរចិនម្ដងទៀត។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា៖ “ដូចជានៅប្រាសាទអង្គរវត្ត ចម្លាក់នៅទិសឦសាន (ជើង​ឆៀង​កើត) ដែលឆ្លាក់មិនទាន់ចប់ ដល់ពេលសម័យក្រោយគេធ្វើឡើងវិញ យើងឃើញមាន កំណាព្យចិនក្នុងរាជវង្ស គីង​ (Qin ដែលបានគ្រប់គ្រងប្រទេសចិនពីសតវត្សរ៍ទី១៥មក) ប្រហែលពួកគេមកដល់ស្រុកខ្មែរនៅដើមសតវត្សរ៍ទី១៦ ខ្ទង់ឆ្នាំ១៥០០ជាង ដែលកំណាព្យនោះមានអត្ថន័យថា ក្នុងដំណើរស្វែងរកបុណ្យ ពួកគេបានមកដល់ទឹកដីព្រះ ដោយប្រាថ្នាឱ្យពួកគេកើតទាន់ព្រះសិអារ្យមេត្រី”៕

អត្ថបទ៖ ខាន់ ច័ន្ទវីរៈ

សូមអានព័ត៌មានពាក់ព័ន្ធ៖ មកដឹងចំនួនសមាគម និងបូជនីយដ្ឋានបែបចិន នៅភ្នំពេញបច្ចុប្បន្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទីutes មុន

ទីបំផុត ដេត ស្រីនាឌ ប្រកាសចេញមុខបកស្រាយ ក្រោយពហិការមិនចូលរួមប្រកួត MPI 2024

សន្តិសុខសង្គម២០ នាទីutes មុន

ផ្តន្ទាទោស​ឈ្មួញកែច្នៃ ផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន១០ នាក់ ដាក់គុកម្នាក់ៗមួយជីវិត

ព័ត៌មានជាតិ២៧ នាទីutes មុន

ស្អែកនេះ NEA នឹង​រៀបចំ​វេទិកា​ការងារ​នៅ​ខេត្តស្វាយរៀង ដោយនាំ​ឱកាស​ការងារ​ជិត៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ៤៣ នាទីutes មុន

ឯកឧត្ដម ឌី វិជ្ជា ស្នើពលរដ្ឋកុំឱ្យលក់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យជនមិនស្គាល់មុខ បើមិនចង់ចាញ់បោក ឬក្លាយជាជនល្មើស

កីឡា១ ម៉ោង មុន

អបអរសាទរ! ក្រុម​នារី​កម្ពុជា​បង្កើត​កំណត់ត្រាឡើង​វគ្គ​៤​ក្រុម ASEAN Women’s Cup

Sokha Hotels

ព័ត៌មានពេញនិយម