Connect with us

KPT+

ស្រ្តីខ្មែរមួយរូប ពីជនភៀសខ្លួន ក្លាយជាបុគ្គលិកនៅអង្គការ NASA របស់អាមេរិក

បានផុស

នៅ

អ្នកស្រី Ny Sou Okon ជាកូនខ្មែរមួយរូបកំពុងបំពេញការងារនៅអង្គការ NASA របស់សហរដ្ឋអាមេរិក បន្ទាប់ពីអ្នកស្រី និងក្រុមគ្រួសារបានភៀសខ្លួនទៅសហរដ្ឋអាមេរិកកំឡុងពេលកម្ពុជាស្ថិតនៅស្ថានភាពវឹកវរក្រោយសង្គ្រាម មិនទាន់មានសន្តិភាព។

អ្នកស្រី Ny Sou Okon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Ny Sou Okon បានកើតនៅក្នុងរបបខ្មែរក្រហម ត្រូវបានឪពុកនាំជម្លៀសខ្លួនចេញពីប្រទេសកម្ពុជាជាមួយក្រុមគ្រួសារនៅពេលនោះ។ កំឡុងពេលនោះ អ្នកស្រីនៅតូចនៅឡើយ ហេតុនេះរឿងរ៉ាវពីប្រទេសកម្ពុជាអ្នកស្រីមិនអាចដឹងបានទេ ប៉ុន្តែ ឪពុកអ្នកស្រីតែងតែប្រាប់ជារឿយៗពីប្រទេសកម្ពុជា។ នៅពេលភៀសខ្លួននោះ អ្នកស្រី និងក្រុមគ្រួសារក៏បានរត់គេចទៅប្រទេសវៀតណាម ប៉ុន្តែ គួរឱ្យសោកស្តាយវៀតណាម ក៏មានសង្គ្រាមស៊ីវិលដូចគ្នា ធ្វើឱ្យម្តាយ និងម្តាយមីងរបស់អ្នកស្រី ត្រូវរងរបួសដោយការទម្លាក់គ្រាប់បែក។

បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្តួលរលំ ក្រុមគ្រួសារអ្នកស្រីបានវិលមករស់នៅកម្ពុជាវិញ។ នៅពេលនោះ ស្ថានភាពប្រទេសមិនទាន់ល្អប្រសើរឡើយ ក្រុមគ្រួសារអ្នកស្រីក៏ភៀសខ្លួនម្តងទៀតទៅជំរំជនភៀសខ្លួនប្រទេសថៃ និងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសជប៉ុន បារាំង និងអាមេរិក។ ជប៉ុន ជាប្រទេសទី១ ដែលស្វាគមន៍ពួកគេទៅទីនោះ ប៉ុន្តែ ម្តាយឪពុករបស់អ្នកស្រីរង់ចាំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ទីបំផុតក៏បានដូចបំណង។

ក្នុងឆ្នាំ១៩៨៤ ក្រុមគ្រួសាររបស់អ្នកស្រី Ny Sou Okon បានទៅដល់សហរដ្ឋអាមេរិកក្នុងនាមជាជនភៀសខ្លួន ពេលនោះ អ្នកស្រីអាយុប្រហែល ៥ទៅ ៦ឆ្នាំ។ បន្ទាប់ពីរស់នៅសហរដ្ឋអាមេរិកអ្នកស្រីក៏តស៊ូរៀនសូត្រនៅទីនោះ ព្រមទាំងជាសិស្សពូកែមួយរូបផងដែរ។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិចពីសាកលវិទ្យាល័យកាលីហ្វញ៉ាឡូសអេនជឺឡេស (UCLA) និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មយានអវកាសពីសាកលវិទ្យាល័យ University of Southern California។ អ្នកស្រីក៏ធ្លាប់ហាត់ការនៅក្រុមហ៊ុន Boeing ពេលជានិស្សិតថ្នាក់បរិញ្ញាបត្រ។

បន្ទាប់ពីនោះ អ្នកស្រីបានបម្រើការងារនៅក្នុងវិស័យឯកជនរយៈពេល១៥ឆ្នាំ។ ក្រោយពីបញ្ចប់ការងារក្នុងវិស័យឯកជន នៅឆ្នាំ២០១៦ អ្នកស្រីបានចាប់ផ្តើមធ្វើការនៅមន្ទីរពិសោធ NASA Jet Pro-pulsion Laboratory (JPL) របស់​អង្គការ​ណាសា​ ​ដែល​បានរួម​ចំណែក​ក្នុង​ដំណើរការ​យានអវកាស Perseverance ឆ្ពោះ​ទៅ​ភពអង្គារ​កាលពី​ចុងខែ​កក្កដា ឆ្នាំ២០២២។ ស្វាមីរបស់អ្នកស្រីក៏ជាវិស្វករនៅមន្ទីរពិសោធ NASA Jet Pro-pulsion Laboratory (JPL) របស់​អង្គការ​ណាសាដូចគ្នា។ អ្នកស្រី គឺជាផ្នែកមួយដែលធ្វើឱ្យយានអវកាស Perseverance ដែល​ធ្វើដំណើរ​ទៅ​ភពអង្គារ​ អាចដំណើរការទៅបាន ព្រោះអ្នកស្រីធ្វើការលើផ្នែកប្រព័ន្ធរបស់យាននេះ (Systems Engineer)។

នេះ គឺជារឿងដែលគួរឱ្យមានមោទនភាពខ្លាំងបំផុតចំពោះកូនខ្មែរមួយរូបនេះ ថែមទាំងជាស្រ្តីទៀត ដែលមានសមត្ថភាពខ្លាំងពូកែ និងជាផ្នែកមួយចូលរួមចំណែកផ្នែកវិទ្យាសាស្ត្រលើឆាកអន្តរជាតិបែបនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម