ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យអាជ្ញាធរក្រោមថ្នាក់ជាតិពង្រឹងស្មារតីទទួលខុសត្រូវប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ. បានអំពាវនាវដល់អាជ្ញាធរថ្នាក់ដឹកនាំ និងមន្ត្រី រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាល រាជធានី ខេត្ត ប្រធានមន្ទីរ និងអង្គភាព អភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹងស្មារតីទទួលខុសត្រូវចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងវេទិកាទិវាជាតិប្រឆាំងការជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា តួនាទីស្នូលរបស់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានដូចជា ពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស លើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យបានល្អ ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោក ស សុខា ក៏បានជំរុញឱ្យកែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧នេះ នឹងបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ ប្រព័ន្ធការងារឱ្យមានភាពស្អាតស្អំ តម្លាភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា គិតចាប់ពីខែសីហា ឆ្នាំ២០២២ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានទទួលបណ្ដឹង ឬសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ចំនួន ១.២៧៦សំណើ។ ក្នុងនោះក្រុមប្រតិបត្តិការ បានធ្វើអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើសបានរហូតដល់ ១.២១៣ករណី គឺប្រមាណ ៩៧,៧០% ដោយបានរកឃើញមនុស្ស ២.១៥៥នាក់ ស្រី ២៦៩នាក់ លើ ២១សញ្ជាតិ។
ទន្ទឹមនឹងការអំពាវទៅកាន់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោកសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា អស់លោក លោកស្រី ជាស្ថានតំណាង នៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបាន និងកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានឹងនៅតែបន្តកិច្ចសហការឱ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេស ដែលត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ជាតាមគ្រប់រូបភាព៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤