Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ប្រកាន់យកគោលការណ៍ “ចិនតែមួយ” និងគោលនយោបាយ​ការបរទេសឯករាជ្យ

បានផុស

នៅ

អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាននិយាយកាលពីថ្ងៃអង្គារថា វៀតណាមប្រកាន់ខ្ជាប់នូវគោលការណ៍ “ចិនតែមួយ” ហើយប្រឆាំងនឹងកម្លាំងណាមួយដែលព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន, លោក Trong បានលើកឡើងថា “ប្រទេសរបស់លោកទទួលស្គាល់តៃវ៉ាន់ជាផ្នែកមិនអាចផ្តាច់ចេញពីទឹកដីចិន និងគាំទ្រដល់បុព្វហេតុនៃការបង្រួបបង្រួមរបស់ចិន ក៏ដូចជាប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបំបែកខ្លួនដើម្បីឯករាជ្យតៃវ៉ាន់ មិនថាក្នុងទម្រង់ណាមួយនោះទេ” ។

ចំណែកបញ្ហាទាក់ទងនឹងហុងកុង ស៊ីនជាំង និងស៊ីហ្សាង សុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយលោកអគ្គលេខាធិការបានបញ្ជាក់ទៀតថា វៀតណាមសង្ឃឹម និងជឿជាក់ផងដែរថា ប្រទេសចិននឹងរក្សាស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពលើតំបន់ទាំងនោះ ។

ស្របពេលជាមួយគ្នានេះ លោកអគ្គលេខាធិការក៏បានប្រាប់ទៅដល់លោក Xi ផងដែរថា វៀតណាមក៏ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ហើយយកការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន ។

ក្រៅពីបញ្ហាយល់ចិត្តគ្នាខាងលើនេះហើយ ភាគីវៀតណាម និងចិនក៏ឈានទៅដល់ការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសន្តិសុខ និងការអភិវឌ្ឍន៍ផ្លូវដែកផងដែរ ដោយសារតែចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈគ្រាន់តែក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីមានរហូតទៅដល់ ១៧៥.៦ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា លោក Xi បានអញ្ជើញទៅដល់វៀតណាមកាលពីថ្ងៃអង្គារ ទី១២ ខែធ្នូ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃ ហើយនេះក៏ជាលើកទី ៣ ផងដែរសម្រាប់រូបលោកដែលហោះមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុង​នាម​ជា​អគ្គលេខាធិកា​បក្ស និង​ជា​ប្រធានាធិបតី​ចិន ខណៈដំណើរ​ទស្សនកិច្ច ២ លើក​មុន​គឺ​នៅ​ឆ្នាំ ២០១៥ និង​ឆ្នាំ​២០១៧ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Xinhua

ចុចអាន ៖ វៀតណាម-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាចំនួន ៣៦

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម