ព័ត៌មានជាតិ
១១ខែ៖ កម្ពុជា ចំណាយថវិកាជាង ២២ពាន់លានដុល្លារ នាំចូលទំនិញពីបរទេស ថយចុះ ៥.៤ភាគរយ
គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២៣ កម្ពុជា បានចំណាយថវិកាប្រមាណជាង ២២ពាន់លានដុល្លារ នាំចូលទំនិញពីទីផ្សារបរទេសយកមកផ្គត់ផ្គង់ក្នុងស្រុក ធ្លាក់ចុះ ៥.៤ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ២៣ពាន់លានដុល្លារ ខណៈការនាំចេញទៅទីផ្សារអន្តរជាតិសរុបមានចំនួនជាង ២០ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ចិនគឺជាប្រទេសដែលកម្ពុជា នាំចូលទំនិញច្រើនជាងគេ មានចំនួនជិត ១០ពាន់លានដុល្លារ កើនឡើងជាង ៣ភាគរយ រយៈពេល ១១ខែ ឆ្នាំ ២០២៣។ ជាមួយគ្នានេះ វៀតណាម បានាំចូលទំនិញមកកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៣,២ពាន់លានដុល្លារ ធ្លាក់ចុះជិត ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៣,៦ពាន់លានដុល្លារ។
ដោយឡែកកម្ពុជា នាំចូលទំនិញពីថៃ មានចំនួនជាង ២,៦ពាន់លានដុល្លារ ថយចុះជាង ២១ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៣,៣ពាន់លានដុល្លារអាមេរិក។ ចំណែការនាំចូលពីទីផ្សារអាមេរិកគិតជាទឹកប្រាក់មានចំនួនតែជាង ២២២លានដុល្លារប៉ុណ្ណោះ។
សម្រាប់ការនាំចូលទំនិញក្នុងខែ វិច្ឆិកា មានចំនួនជិត ២ពាន់លានដុល្លារ កើនឡើង ១,២ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
ទំនិញដែលកម្ពុជា នាំចូលច្រើន មានដូចជា យានយន្ត ប្រេងឥន្ធនៈ សម្ភារៈប្រើប្រាស់ បរិក្ខារអគ្គិសនី សម្ភារសំណង់ និងវត្ថុធាតុដើមសម្រាប់កែច្នៃនាំចេញ ដែលភាគច្រើន បាននាំចូលពីប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
បើតាមអ្នកឧកញ៉ា លឹម ហេង ធ្លាប់បានថ្លែងប្រាប់កម្ពុជាថ្មីថា ការនាំចូលទំនិញមានការធ្លាក់ចុះនេះ មានពីរកត្តា គឺទី១. ការធ្លាក់ចុះតម្រូវការវត្ថុធាតុផ្នែកសំណង់ ដោយសារវិស័យនេះ មានការថយចុះក្នុងការសាងសង់ដែលធ្វើឱ្យការនាំចូលក៏មានការធ្លាក់ចុះផងដែរ និងទី២. កម្ពុជា មានរោងចក្រសហគ្រាសជាច្រើន ដែលអាចផលិត និងផ្គត់ផ្គង់វត្ថុធាតុដើម បរិក្ខារ សម្ភារៈ របស់ប្រើប្រាស់ផ្សេងៗ ផលិតបានដោយខ្លួនឯង។
លោកឧកញ៉ា លឹម ហេង បានសង្កត់ធ្ងន់ថា «ទៅថ្ងៃអនាគត ការនាំចូលទំនិញពីក្រៅប្រទេសកាន់តែមានការថយចុះ ព្រោះកម្ពុជា បានបង្កើនការផលិត ដោយមានការវិនិយោគទាំងក្នុងស្រុក និងមកពីបរទេស ដើម្បីបង្កើនការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ»។
សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា អន្តរជាតិ មានចំនួនជាង ៤២ពាន់លានដុល្លារ។ ក្នុងនោះ ទំហំពាណិជ្ជកម្មជាមួយចិន មានចំនួនច្រើនជាងគេ ប្រមាណជាង ១១ពាន់លានដុល្លារ , អាមេរិក ៨,៣ពាន់លានដុល្លារ, វៀតណាម មានចំនួនជាង ៥,៨ពាន់លានដុល្លារ , ថៃ ៣,៣ពាន់លានដុល្លារ និងជប៉ុន មានចំនួនជាង ១,៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ