ព័ត៌មានជាតិ
កសិករខេត្តកំពត សប្បាយរីករាយក្នុងការប្រមូលផលស្រូវ ខណៈទិន្នផល និងតម្លៃ ហក់ឡើងខ្ពស់ជាងឆ្នាំមុន
នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ប្រជាកសិកររស់នៅក្នុងខេត្តកំពត កំពុងសប្បាយរីករាយប្រមូលផលស្រូវរបស់ខ្លួន ខណៈឆ្នាំនេះ ទិន្នផលស្រូវកើនឡើងខ្ពស់ មានទីផ្សារល្អជាងឆ្នាំមុន។ ក្នុងនោះ ប្រសិនបើស្រូវមិនចុះថ្លៃវិញនោះទេ ជីវភាពទៅថ្ងៃមុខរបស់ពួកគាត់ ធ្វើស្រែនឹងកាន់តែប្រសើរឡើងបន្ថែមទៀត។
លោក រុន ជា ប្រជាកសិកររស់នៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា ការធ្វើកសិកម្មនាបច្ចុប្បន្ននេះ មិនសូវជួបនឹងការលំបាកដូចពីមុននោះទេ ពិសេសដំណាំស្រូវ ដោយសារតែមានគ្រឿងចក្រមកស៊ីឈ្នួលភ្ជួររាស់ និងច្រូតកាត់ មិនចាំបាច់មនុស្សច្រូតកាត់បោកបែនដូចមុនទៀតឡើយ ហើយប្រើប្រាស់រយៈពេលក៏លឿនជាងមុន។
កសិកររូបនេះ លើកឡើងថា ការប្រមូលផលដំណាំស្រូវឆ្នាំនេះ ទទួលបានទិន្នផលហក់ឡើងខ្ពស់ជាងឆ្នាំមុន។ ចំណែកឯតម្លៃស្រូវវិញ ក៏មានតម្លៃហក់ឡើងខ្ពស់ ហើយមានឈ្មួញចាំទិញដល់ស្រែតែម្ដង។
ចំណែកប្រជាកសិករម្នាក់ទៀត រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ដែលជាម្ចាស់ម៉ាស៊ីនច្រូត និងឈ្មួញទិញស្រូវផង បានឲ្យដឹងដែរថា កសិករចាប់ផ្ដើមរកម៉ាស៊ីនលោកច្រូតកាត់ជាង ១៥ ថ្ងៃ មកហើយ។ ហើយការច្រូតស្រូវបច្ចុប្បន្ន ប្រជាកសិករបានឲ្យម្ចាស់ម៉ាស៊ីនគិតឈ្នួលជាហិតាវិញដោយ ១ ហិតា ចាប់ពីចន្លោះ ៤៥០,០០០ រៀល ទៅ ៥០០,០០០ រៀល។ ម្ចាស់ម៉ាស៊ីន បន្តថា ក្នុង ១ ថ្ងៃ អាចច្រូតស្រូវបានចាប់ពី ៣ ទៅ ជាង ៤ ហិតា។
ឈ្មួញទិញស្រូវ រូបនេះ បន្ថែមថា ឆ្នាំនេះ ពលរដ្ឋសប្បាយចិត្ត ព្រោះទិន្នផលស្រូវក៏បានខ្ពស់ រីឯតម្លៃលក់ក៏បានថ្លៃ។ ចំពោះតម្លៃទិញស្រូវដល់ស្រែ ដោយក្នុង ១ គីឡូក្រាម ១,៣០០ រៀល ខណៈស្រូវស្ងួត តម្លៃ ១,៥០០ រៀល ក្នុង ១ គីឡូក្រាម។ លោកយល់ឃើញថា បើរាជរដ្ឋាភិបាលរក្សាតម្លៃស្រូវកុំឲ្យចុះវិញបាន ឬរក្សាស្ថិរភាពតម្លៃស្រូវបាន នោះជីវភាពកសិករទៅថ្ងៃមុខពិតជាបានល្អប្រសើរ។
គោលនយោបាយលើកកម្ពស់វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់មន្ត្រីជំនាញចុះជួយបណ្ដុះបណ្ដាលផ្នែកកសិកម្ម និងការជួយស្វែងរកទីផ្សារជាដើមនោះ ពិតជាបានជួយធ្វើឲ្យកសិករមានក្តីសង្ឃឹម និងស្នាមញញឹម។
ដោយឡែក លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ ២០២៣ សម្រេចបានប្រមាណជាង ៧ ម៉ឺន ៥ ពាន់ហិតា ស្មើនឹង ៥៦% នៃផ្ទៃដីបង្កបង្កើនផលសរុប ហើយទិន្នផលស្រូវប្រមូលបានជាង ២៤ ម៉ឺនតោន (៣,២៨៨ តោន/ហិតា)។
ជាមួយគ្នានេះ ប្រជាកសិករ ក៏បានលើកឡើងថា ឆ្នាំមុនតម្លៃស្រូវក្នុង ១ គីឡូក្រាម មានចន្លោះចាប់ពី ៧០០ រៀល ទៅ ៨០០ រៀល តែប៉ុណ្ណោះ។ សម្រាប់ឆ្នាំ ២០២៣ នេះ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យអនុវត្តគោលនយោបាយលើកកម្ពស់វិស័យកសិកម្ម គេសង្កេតឃើញថា ទីផ្សារស្រូវឆ្នាំនេះតម្លៃស្រូវល្អជាងឆ្នាំមុន ហើយស្រូវលក់ក្នុងស្រែមានតម្លៃបានចាប់ពីជាង ១,៣០០ រៀល ក្នុងមួយគីឡូក្រាម៕
អត្ថបទ ៖ សឹង រ៉ាត់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល