Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបន្តជំរុញការងារអត្រានុកូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

ក្នុងពិធីបិទសិក្ខាសាលា​ផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន​ ស្ថិតិអត្រានុកូលដ្ឋាន​ និងអត្តសញ្ញាណកម្ម នៅរសៀលថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានដាក់គោលការណ៍ណែនាំមួយចំនួនដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្នុងការបន្តយកចិត្តទុកដាក់បន្ថែមទៀតជុំវិញការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានណែនាំដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ឱ្យស្របទៅនឹងខ្លឹមសារដែលបានកំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ព្រមទាំងត្រូវរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីអត្រានុកូលដ្ឋាននៅគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានាឱ្យបានរួចរាល់មុនខែកក្កដា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញឱ្យមានការពិនិត្យកែសម្រួលប្រព័ន្ធ និងនីតិវិធីផ្តល់សេវាចុះបញ្ជីអត្រានកូលដ្ឋាន ចុះបញ្ជីស្នាក់នៅ និងសេវាអត្តសញ្ញាណកម្មផ្សេងទៀត ដើម្បីធានាឱ្យការផ្តល់សេវាទាំងនេះកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។ ក្នុងនោះ លោក បានណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាលទ្ធភាពក្នុងការរៀបចំការផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់ ពោល គឺថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាដើម។

ទន្ទឹមគ្នានេះ អត្តនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវសហការជាមួយក្រសួងផែនការក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិអត្រានុកូលដ្ឋាន ដោយត្រូវធានានូវភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបាន ព្រមទាំងរក្សាការសម្ងាត់ព័ត៌មានឯកជននៃបុគ្គលដែលបានកត់ត្រា និងរក្សាទុកក្នុងបញ្ជីប្រជាជន បញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបញ្ជីអត្តសញ្ញាណបុគ្គលផ្សេងទៀត ដែលស្ថិតក្រោមច្បាប់នេះ។

សម្រាប់វិស័យសុខាភិបាល លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់មូលដ្ឋានសុខាភិបាលក្នុងការជូនដំណឹងអំពីកំណើតរស់ និងមរណភាពក្នុង និងក្រៅមូលដ្ឋានសុខាភិបាល ក៏ដូចជាតួនាទីមូលដ្ឋានសុខាភិបាលក្នុងការបញ្ជាក់វេជ្ជសាស្ត្រអំពីមូលហេតុនៃមរណភាព ស្របតាមស្មារតីនៃច្បាប់។

បន្ថែមពីនេះ ត្រូវសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់ស្ថាប័នតុលាការរាជធានី ខេត្តក្នុងការបញ្ជូនលិខិតជូនដំណឹងទៅមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច នៅពេលតុលាការបានចេញសាលក្រម ឬដីកាសម្រេចស្តីពីការលែងលះ ឬមោឃភាព និងការលុបអាពាហ៍ពិពាហ៍ ឬសាលក្រម ឬដីកាសម្រេចផ្សេងទៀត និងសហការជាមួយក្រសួងការបរទេសក្នុងការបណ្តុះបណ្តាលបែបបទ និងនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ដល់មន្ត្រីអត្រានុកូលដ្ឋាននៅតាមស្ថានតំណាងរបស់កម្ពុជា ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានជូនដល់ពលរដ្ឋខ្មែរដែលរស់នៅឯបរទេសផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម