Connect with us

វប្បធម៌ ជំនឿ

តើយើងគួរបន្តផ្ញើវាសនារបស់យើងលើហោរាសាស្ត្រ ឬ យ៉ាងណា?

បានផុស

នៅ

យោងតាមទ្រឹស្ដី «ហោរាសាស្រ្ត» ទាក់ទងទៅនឹងលោកធាតុវិទ្យាបុរាណ និងតារាសាស្ត្រ ប៉ុន្តែ ​វាត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាសិល្បៈទស្សន៍ទាយ ដែល​អាច​ទាយ​អំពី​អនាគត​​នៃជីវិតរបស់មនុស្សណាម្នាក់តាមលំនាំនៃវត្ថុដែលមានអត្ថិភាពដូចជា លំហ ភព តារានានានៅពេលដែលមនុស្សចាប់កំណើត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហោរាសាស្រ្ត សន្មតថា ជោគវាសនារបស់មនុស្ស ត្រូវបានកំណត់ ​និង​សរសេរ​នៅ​លើ​ផ្កាយ​ ឬភពនានា ហើយមនុស្សមិនមានសេរីភាពកំណត់ជោគវាសនារបស់ខ្លួនឡើយ។ ហោរាសា​ស្រ្ត​ បាន​ក្លាយជាគោលដៅនៃការរិះគន់នៅក្នុងប្រពៃ​ណី​របស់ពួកវិចារណញ្ញាណនិយម​បស្ចិម​ប្រទេស។

ម្យ៉ាងទៀត គេអាចនិយាយថា ហោរាសាស្រ្ត គឺជា រហស្សវិទ្យាសាស្ត្រ ឬ​ វិទ្យាសាស្ត្រ​អាថ៌កំបាំង វិទ្យាសាស្ត្រ​មិនពិត (Pseudoscience) ដែលអះអាង​អំពីការស្វែង​យល់​នូវព័ត៌​មាន​អំពីកិច្ចការរបស់មនុស្ស និងព្រឹត្តិការណ៍នៅលើផែនដីតាមរយៈការសិក្សាពីចលនា និង​ទីតាំង​នៃ​ភពនានា​។ ហោរាសាស្រ្ត​ ត្រូវបានចុះកាលបរិច្ឆេទយ៉ាងហោចណាស់​នៅសហស្សវត្សរ៍ទី២​ មុន​គ្រិស្តសករាជ ហើយមានឫសគល់របស់វានៅក្នុងប្រព័ន្ធប្រតិទិន ដែលត្រូវបាន​គេ​ប្រើ​ ដើម្បី​ទាយ ការផ្លាស់ប្តូរតាមរដូវ និងដើម្បីបកស្រាយវដ្តនានានៃភពផ្សេងៗ ដែលជាសញ្ញា​នៃ​ការ​ទាក់​ទងខាងទេវភាព។

វប្បធម៌ជាច្រើន បានភ្ជាប់សារៈសំខាន់ទៅនឹងព្រឹត្តិការណ៍ខាងតារាសាស្ត្រ ហើយ​វប្បធម៌​មួយចំនួន ដូចជា វប្បធម៌ហិណ្ឌូ ចិន និងម៉ាយ៉ា (Maya) បានបង្កើត​ប្រព័ន្ធ​ល្អិត​ល្អន់​សម្រាប់ទស្សន៍ទាយព្រឹត្តិការណ៍នៅលើផែនដី​ ដោយផ្ដើមចេញពីការ​សង្កេតលើភព​ផ្សេងៗ​។ ហោរាសាស្រ្តលោកខាងលិច គឺជាប្រព័ន្ធហោរាសាស្រ្តដែលមានវ័យចំណាស់ជាងគេ​បំផុតមួយ និង​នៅតែត្រូវបានគេ​ប្រើប្រាស់រហូតមកទល់នឹងសព្វថ្ងៃនេះ ហើយ​វាបានរីករាលដាល​ដល់​ក្រិកបុរាណ រ៉ូម ពិភពអារ៉ាប់ និងនៅទីបំផុតអឺរ៉ុបកណ្តាល និងខាងលិច។

 ហោរាសាស្រ្តបស្ចិមប្រទេសសហសម័យ ជារឿយៗ ត្រូវបានផ្សារភ្ជាប់ជាមួយ​នឹង​ប្រព័ន្ធ​នៃ​នក្ខត្តយោគព្យាករណ៍ (ការទាយជោគជតារាសីផ្អែកលើតារាសាស្ត្រ)ដែល​សន្មតពន្យល់​អំពី​ទិដ្ឋភាពនានា​នៃបុគ្គលិកលក្ខណៈរបស់មនុស្ស និង​ទាយព្រឹត្តិការណ៍សំខាន់ៗ​នៅក្នុងជីវិត​របស់​ពួកគេដោយផ្អែកលើទីតាំងនៃភពផ្សេងៗ ហើយភាគច្រើននៃអ្នកហោរាសាស្ត្រអាជីព ពឹងផ្អែក​លើប្រព័ន្ធបែបនេះ។

ក្នុងប្រវត្តិសាស្រ្តភាគច្រើនរបស់ខ្លួន ហោរាសាស្រ្តត្រូវបានគេចាត់ទុកថាជាប្រពៃ​ណី​ដែល​ត្រូវគេបានស្គាល់ ហើយជាទូទៅ នៅក្នុងវិស័យសិក្សា ជារឿយៗ ទាក់ទងយ៉ាងជិតស្និទ្ធ​ជាមួយ​តារាសាស្ត្រ, មែកធាងនៃ​ទស្សនវិជ្ជាធម្មជាតិ ឧតុនិយម និងឱសថសាស្ត្រ។ វាមានវត្តមាន​នៅ​ក្នុង​វិស័យនយោបាយ ហើយត្រូវបានលើកឡើងនៅក្នុងស្នាដៃអក្សរសិល្ប៍ផ្សេងៗ។

បណ្ឌិត ឈត ប៊ុនថង

ក្រោយមក នៅចុងបញ្ចប់នៃសតវត្សទី១៩ និងក្រោយពេលដែលមាន​ការទទួលយក​យ៉ាង​ទូលំទូលាយនូវវិធីវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវបានបដិសេធដោយជោគជ័យ​នូវ​ហោរាសាស្រ្ត ទាំងមូលដ្ឋានទ្រឹស្តី ទាំងមូលដ្ឋានពិសោធន៍ ហើយបានបង្ហាញថា វាមិនមានសុពលភាព​ខាង​វិទ្យាសាស្ត្រឬអំណាចខាងការពន្យល់ទេ។ ដូច្នេះ ហោរាសាស្រ្ត បានបាត់បង់​ជំហរសិក្សា​និង​ជំហរខាងទ្រឹស្តីរបស់ខ្លួន ហើយជំនឿទូទៅលើហោរាសាស្រ្តក៏បានធ្លាក់ចុះយ៉ាងខ្លាំង។

បើទោះបីជាយ៉ាងនេះក៏ដោយ ក៏មនុស្សមួយចំនួន​នៅលើពិភពលោក រួមទាំង​ប្រជាជន​ខ្មែរមួយចំនួនផងដែរ នៅតែបន្តជឿលើការទាយ ឬ ហោរាសាស្ត្រនេះ។ ជាទូទៅ​ ការជឿនេះ​ដោយ​សារតែពួកគេមិនសូវយល់ច្បាស់ថាតើ​អ្វីទៅជា​ហោរាសាស្ត្រ មិន​យល់​​ច្បាស់អំពីជីវិតរបស់ខ្លួន ដំណើរធម្មជាតិ បាតុភូត​សង្គម អន្តរកម្មសង្គម ឥទ្ធិពល និងការប្រែប្រួល និង​ទំនាក់ទំនង​រវាង​ហេតុ​និងផល ពោលគឺ ពួកគេមិនស្គាល់ខ្លួនឯងច្បាស់ និងមិនស្គាល់តថភាពនិងសច្ចភាពក្នុង​ធម្មជាតិ​និងសង្គម។

ការជឿលើការទស្សទាយ ឬ ហោរាសាស្ត្រ គឺជាការយកវាសនារបស់ខ្លួនដែលជារបស់​សំខាន់​បំផុតនៃជីវិតរបស់យើងទៅផ្ញើលើភាពមិនច្បាស់លាស់ ការប្រថុយប្រថាន ជំនឿ​បែប​អធិធម្ម​ជាតិ និងបានបង្ហាញពីការបាត់បង់ជំនឿលើខ្លួនឯង។ ជាយថាហេតុ វាអាច​នាំ​យើង​ឱ្យ​ធ្វើ​ការ​សម្រេចចិត្តនិងការប្រព្រឹត្តមួយដែលមិនត្រឹមត្រូវ មិនសមហេតុផល ខកខាន​ឱកាស​ល្អៗ ចាញ់បោកគេ ក្លាយជាជនរងគ្រោះ និងមានវិប្បដិសារីក្នុងជីវិត។ ហេតុនេះ យើងមិនគួរ​បន្ត​ជឿលើការទស្សទាយឬហោរាសាស្ត្រ ឬជឿអ្វីដែលមិនមានភាពច្បាស់លាស់ ដូចជា អបិយជំនឿ​ ជាដើម បើមិនដូច្នោះទេ យើងនៅតែបន្តខកខាន​ឱកាស​ល្អៗ ចាញ់បោកគេ ក្លាយជាជនរងគ្រោះ និងមានវិប្បដិសារីក្នុងជីវិតមិនចេះចប់។ លើសពីនេះទៀត បើយើង​ជំនាន់នេះ​នៅតែបន្តជឿ វាក៏នឹងតែជះឥទ្ធិពលមិនល្អទៅដល់មនុស្សជំនាន់ក្រោយៗទៀត៕​

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៤ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម