ព័ត៌មានជាតិ
អ្នកឃ្លាំមើលសង្គម សាទរចំពោះការវះកាត់មន្ត្រីខិលខូចជាបន្តបន្ទាប់
អ្នកឃ្លាំមើលបញ្ហាសង្គម បានបង្ហាញការសាទរចំពោះចំណាត់ការ និងការវះកាត់មន្ត្រីដែលខិលខូច មន្ត្រីពាក់ព័ន្ធនឹងគ្រឿងញៀន និងបទល្មើសផ្សេងៗជាបន្តបន្ទាប់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧នេះ។ ការសាទរនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧នេះ បានចាត់វិធានការជាបន្តបន្ទាប់ទៅលើមន្ត្រីខិលខូច មន្ត្រីពាក់ព័ន្ធនឹងគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត មិនថាតែនៅថ្នាក់ជាតិ និងក្រោមជាតិនោះឡើយ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា លោកសាទរចំពោះកំណែទម្រង់រដ្ឋបាលសាធារណៈ និងការវះកាត់មន្ត្រីខិលខូច ជាបន្តបន្ទាប់មកនេះ។
លោកកត់សម្គាល់ថា នាដើមអាណត្តិទី ៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្តបន្ទាប់ ទៅលើមន្ត្រីដែលខិលខូច មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងទៀត។ ចំណាត់ការនេះ លោកយល់ថា ជាការបន្តកំណែទម្រង់រដ្ឋបាលសាធារណៈ បន្តពីរាជរដ្ឋាភិបាល អាណត្តិមុន ហើយរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ បានដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ ស្វាហាប់ មុតស្រួច និងជាក់លាក់ ព្រមទាំងចំគោលដៅបន្ថែមទៀត។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមថា «ចំគោលដៅមានន័យថា វះកាត់ ស្អុយកន្លែងណា វះកាត់កន្លែងហ្នឹង ព្យាបាលកន្លែងហ្នឹង ប៉ះប៉ូវកន្លែងហ្នឹងមកវិញ នេះជាគោលដៅ គឺជាការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈចំគោលដៅ និងជាក់លាក់»។ ម្យ៉ាងទៀត ការចាត់វិធានការទៅលើមន្ត្រីខិលខូច គឺជាផ្នែកមួយនៃការកសាងមូលធនមនុស្ស នៅក្នុងជួររដ្ឋបាលសាធារណៈ។ លោកថា ប្រសិនបើមិនមានការចាត់វិធានការទេ នោះនឹងធ្វើឲ្យមន្ត្រីផ្សេងទៀតយកលំនាំតាម ហើយដែលអាចធ្វើឲ្យប៉ះពាល់ដល់ការកសាងមូលធនមនុស្ស។
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បានលើកឡើងថា មន្ត្រីខិលខូចប្រៀបដូចជាដុំគ្រួសនៅនឹងបាតជើងអភិវឌ្ឍ។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ ពន្យល់ថា «កាលណាមានមន្ត្រីខិលខូច មន្ត្រីស្អុយ គឺនឹងរាំងស្ទះដល់ការអភិវឌ្ឍ ដល់គោលដៅអភិវឌ្ឍ ដល់មុខមាត់បក្ស ឬក៏មុខមាត់រាជរដ្ឋាភិបាល»។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវបន្តកសាងមូលធនមនុស្សនៅគ្រប់វិស័យ និងនៅគ្រប់ក្រសួង-ស្ថាប័ន បន្ថែមទៀត។ លោកសង្កត់ធ្ងន់ថា ការកសាងមូលធនមនុស្ស ដែលផ្ដើមចេញពីការវះកាត់មន្ត្រីខិលខូច គឺជាបញ្ហាដ៏សំខាន់មួយ។
ត្រង់ចំណុច លោកបណ្ឌិត យង់ ពៅ ពន្យល់ថា «មានន័យថា មន្ត្រីរដ្ឋបាលសាធារណៈយើង មានច្រើនហើយ ច្រើនសមគួរហើយ ប៉ុន្តែប្រសិនបើយើងមិនបានព្យាបាល វះកាត់មន្ត្រីខូច អប់រំមន្ត្រីខិលខូច អញ្ចឹងធ្វើឲ្យមូលធនមនុស្សនៅក្នុងមុខងារសាធារណៈនេះ មានផលប៉ះពាល់ ដូច្នេះជាទស្សនៈផ្ទាល់ខ្លួនខ្ញុំ…ខ្ញុំលើកទឹកចិត្តក្នុងការកសាងមូលធនមនុស្ស គ្រប់ស្ថាប័ន គ្រប់វិស័យ ដែលផ្អែកលើមូលធនដែលមានស្រាប់»។
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នាដើមនីតិកាលទី ៧ ដែលដឹកនាំដោយយុវជនបន្តវេន សម្រេចបានលទ្ធផលគួរជាទីមោទនៈ និងគួរជាទីពេញចិត្ត សម្រាប់ប្រជាពលរដ្ឋហើយ។ ប៉ុន្តែលោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំសម្រេចឲ្យបាននូវលទ្ធផលល្អៗបន្ថែមទៀត សម្រាប់ជូនជាតិ និងប្រជាជន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ «ហ៊ានស្ដាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»។ ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ។
ចំណែកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ បានដាក់ទិសដៅបន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅ ក្នុងវិស័យនានា ប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
មហាសន្និបាតគណបក្សប្រជាជនកម្ពុជា រយៈពេល ២ថ្ងៃនោះ បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដែលត្រូវពុះពារអនុវត្តឲ្យបានសម្រេច ដូចជាបន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅ ក្នុងវិស័យនានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាព តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម និងការអភិវឌ្ឍ។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ភាពស្អាតស្អំ និងឆ្លើយតបទាន់ ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា