ព័ត៌មានជាតិ
នៅស្រុកតាវែងខេត្តរតនគិរី ប្រពៃណីសង់ផ្ទះជនជាតិដើមភាគតិចកាន់តែបាត់បង់បន្តិចម្ដងៗ
លោក សូ វណ្ណធិន អភិបាលស្រុកតាវែងខេត្តរតនគិរីបានឲ្យ «កម្ពុជាថ្មី» ដឹងថា បច្ចុប្បន្ននេះនៅក្នុងស្រុកតាវែង ការសាងសង់លំនៅឋានតាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិច គឺកាន់តែមានការប្រែប្រួលនិងបាត់បង់ទៅបន្តិចម្តងៗ ដោយប្រែក្លាយមកជាការសាងសង់តាមសម័យបច្ចុប្បន្នវិញ។
ការរស់នៅនិងការសាងសង់ផ្ទះតាមបែបបុរាណរបស់ជនជាតិដើមភាគតិច ចាប់ផ្ដើមមានការប្រែប្រួលខ្លាំងតាំងពីកំឡុងឆ្នាំ២០០០ មក ហើយមកដល់ពេលបច្ចុប្បន្ននេះ គឺស្ទើរតែលែងមានទៅហើយ។ នេះបើតាមលោកអភិបាលស្រុកតាវែង។
លោក សូ វណ្ណធិន បានឲ្យដឹងថា នៅក្នុងស្រុកតាវែងភាគច្រើនពលរដ្ឋរស់នៅជាជនជាតិដើមភាគតិចដូចជាជនជាតិគ្រឹង ព្រៅ និងជនជាតិលូន។
លោកបញ្ជាក់ថា ការសាងសង់ផ្ទះបែបបុរាណរបស់ពលរដ្ឋកាលដើមឡើយធ្វើតាមបែបប្រពៃណី គឺធ្វើចេញពីឈើមូល ឫស្សី ប្រក់ស្លឹកខាន់ម៉ា និងរស់នៅមានលក្ខណៈជុំគ្នាក្នុងមួយភូមិៗ។ ចំពោះផ្ទះកូនកំលោះវិញធ្វើដាច់ដោយឡែកពីគ្នា ហើយផ្ទះដែលខ្ពស់គឺតំណាងឲ្យផ្ទះកូនកំលោះ ផ្ទះកូនស្រីទាបជាងជានិច្ច។
ប៉ុន្តែ បើក្រឡេកមកមើលសម័យបច្ចុប្បន្នវិញ ការសាងសង់ផ្ទះតាមបែបបុរាណនៃបងប្អូនជនជាតិដើមភាគតិច ស្ទើរតែលែងមានទៀត នេះអាចបណ្ដាលមកពីកត្តាសមាហរណកម្ម ក៏ដួចជាការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិផង ទើបធ្វើឲ្យមានការប្រែប្រួលបែបនេះ។
ផ្ទះប្រជាជននៅតំបន់ប្រជុំជនទីរួមស្រុកតាវែង
លោកអភិបាលស្រុកបានបញ្ជាក់ថា ការវិវត្តមកសាងសង់ផ្ទះរបស់ជនជាតិដើមភាគតិចដូចបងប្អូនខ្មេរ គឺមិនមែនកើតឡើងពីកត្តានៃការជ្រាបចូលការរស់នូវពីបរិយាកាសជុំវិញទាំងស្រុងនោះទេ ប៉ុន្តែមូលហេតុចម្បងអាចកើតចេញពីកត្តាគុណភាពផងដែរ ព្រោះផ្ទះដែលធ្វើឡើងតាមបែបបុរាណ សង់ឡើងចេញពីឈើមូល ឫស្សី ប្រក់ស្បូវ ប្រក់ស្លឹកខាន់ម៉ានេះ គុណភាពអាចមានរយៈពេលត្រឹមតែ ២-៥ឆ្នាំ ទៅតាមប្រភេទឈើដែលបានយកមក ដូច្នេះហើយពលរដ្ឋមានផលលំបាកពីការធ្វើផ្ទះ ២ ឆ្នាំត្រូវធ្វើម្ដង ឬ ៥ឆ្នាំ ដែលត្រូវចំណាយកម្លាំងធ្វើឡើងវិញ។
ដោយឡែកបើក្រឡេកការធ្វើផ្ទះពីឈើក្តារ សសរជ្រុង ប្រើដែកគោលដំ ស័ង្កសីនេះប្រើប្រាស់បានយូរអង្វែងជាង ដូច្នេះហើយជាហេតុផលមួយដែលធ្វើជនជាតិភាគតិចសម្រេចមកធ្វើផ្ទះតាមបែបសម័យ និងមិនពិបាករវល់ធ្វើផ្ទះច្រើនដងទៀត។ ម្យ៉ាងទៀតផ្ទះបុរាណដែលសាងសង់ក៏មិនអាចនៅជុំគ្នាបានឡើយ។
យ៉ាងណាមិញ ក្នុងនាមលោកជាថ្នាក់ដឹកនាំមូលដ្ឋាននិងមានកំណើតពីជនជាតិដើមភាគតិចដែរនោះ លោកមិនលើកទឹកចិត្តឲ្យបងប្អូនបំបាត់នៅប្រពៃណីទំនៀមទម្លាប់បុរាណចោលទេ ដោយត្រូវសិក្សាអំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិចកុំឲ្យបាត់បង់។
ដើម្បីអភិរក្សទំនៀមទម្លាប់ប្រពៃណី លោកលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យជនជាតិដើមភាគតិចដែលមានចំណេះដឹងផ្នែកប្រពៃណីវប្បធម៌ក្នុងការសាងសង់ផ្ទះ ក៏ដូចជាការប្រើប្រាស់ឧបករណ៍ផ្សេងៗនៅក្នុងជីវភាពប្រចាំថ្ងៃ និងឧបករណ៍ភ្លេងបុរាណជាដើម ក៏សុំឲ្យបង្ហាត់បង្រៀនឡើងវិញ ទោះមិនបានប្រើក៏ដោយ ប៉ុន្តែគួរមានរៀបចំចងក្រងជាសៀវភៅ ឬឯកសារផ្សេងៗ ដើម្បីអាចបន្សល់ទុកដល់ជនជាតិដើមភាគតិចជំនាន់ក្រោយបានដឹង និងស្គាល់ពីទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិច៕
មានវីដេអូ៖
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក