ព័ត៌មានជាតិ
អ្នកជំនាញ៣រូប យល់ថា ការប្រារព្ធពិធីបុណ្យណូអែល មិនប៉ះពាល់ដល់វប្បធម៌ខ្មែរនោះទេ
ពិធីបុណ្យណូអែល (Christmas) ជាពិធីបុណ្យមួយប្រភេទ ដែលមានដើមកំណើតនៅតំបន់អ៊ឺរ៉ុប។ ពិធីបុណ្យនេះ ត្រូវបានគេប្រារព្ធធ្វើនៅតាមបណ្តាប្រទេសនានាដែលកាន់សាសនាគ្រឹស្តនៅលើសកលលោក ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៥ ខែធ្នូ។ ក្នុងចំណោមបណ្តាប្រទេសប្រារព្ធនោះ ក៏មានរាលដាលមកដល់ប្រទេសកម្ពុជាផងដែរ។ តើការប្រារព្ធពិធីបុណ្យណូអែលនេះ អាចប៉ះពាល់ដល់វប្បធម៌ខ្មែរដែរ ឬទេ? អ្នកជំនាញ៣រូប បានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា ការប្រារព្ធពិធីបុណ្យណូអែលនៅកម្ពុជា គឺមិនផលប៉ះដល់វប្បធម៌ខ្មែរនោះទេ។
អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ការប្រារព្ធពិធីបុណ្យណូអែល នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានភាពលេចធ្លោ និងមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។ លោកថា បើតាមការយល់ឃើញរបស់លោក ការដែលមានការរៀបចំពិធីបុណ្យនេះឡើងនៅក្នុងប្រទេសកម្ពុជា ដោយសារមានប្រជាជនមួយចំនួនជាអ្នកកាន់សាសនានេះ ហើយមួយចំនួនទៀតមិនមែនជាអ្នកកាន់សាសនានេះទេ ប៉ុន្តែ រៀបចំឡើង ដើម្បីឱ្យមានការទាក់ទាញអតិថិជន។ ជាក់ស្តែង ដូចជា ការរៀបចំនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន និងបណ្តាក្រុមហ៊ុនឯកជនមួយចំនួនទៀត ដែលបានរៀបចំដាក់តាំងលម្អដើមគ្រីសស្មាស់ជាដើម។
លោកបានបញ្ជាក់បន្ថែមថា នៅក្នុងប្រទេសកម្ពុជា រដ្ឋធម្មនុញ្ញ បានបើកទូលាយឱ្យមានការគោរពបូជានូវសាសនាផ្សេងៗ ដោយធ្វើយ៉ាងណាកុំឱ្យតែប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ គឺអាចប្រតិបត្តិសាសនានោះបាន។ ដូច្នេះហើយ សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង ការប្រារព្ធពិធីបុណ្យណូអែល នៅក្នុងប្រទេសកម្ពុជា ពុំមានផលប៉ះពាល់អ្វីនោះទេ កុំឱ្យតែមានការផ្សព្វផ្សាយអំពីវប្បធម៌ទាំងអស់នោះ ថាជារបស់ខ្មែរ។ ម៉្យាងវិញទៀត ការដែលសាសនាដ៏ទៃទៀតអាចរស់នៅជាមួយគ្នាដោយភាពសុខដុមបាន គឺជាការគោរពគ្នាទៅវិញទៅមកសម្រាប់មនុស្សជាតិដូចគ្នា។
ចំណែក លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រវិញ បានឱ្យដឹងដែរថា ប្រទេសកម្ពុជា ជាប្រទេសបើកទូលាយដែលមានប្រជាជន និងជនបរទេសកាន់សាសនាគ្រឹស្ត ហេតុនេះ ពួកគេមានសិទ្ធក្នុងការប្រារព្ធពិធីបុណ្យណូអែលនៅក្នុងប្រទេសកម្ពុជាបាន កុំឱ្យតែប៉ះពាល់ទៅដល់សន្តិសុខ សុវត្ថិភាពរបស់ប្រទេសសជាតិ។ លោកសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដដែលរូបនេះ បានបន្តថា ការប្រារព្ធពិធីបុណ្យណូអែលនៅក្នុងប្រទេសកម្ពុជា មិនបានធ្វើឱ្យប៉ះពាល់អ្វីដល់វប្បធម៌របស់ខ្មែរនោះទេ សំខាន់ គឺការគិតរបស់បុគ្គលដែលចូលរួម ត្រូវដឹងថា ពិធីនោះ មិនមែនជាវប្បធម៌របស់ខ្មែរ ហើយគេធ្វើឡើងសម្រាប់អ្នកដែលកាន់សាសនា ឬដើម្បីជាភាពទាក់ទាញមួយប៉ុណ្ណោះ។ ដូច្នេះ ឳពុកម្តាយ ឬអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ត្រូវពន្យល់កូនខ្មែរឱ្យបានយល់ច្បាស់ និងចែកឱ្យដាច់រវាងវប្បវធម៌ខ្មែរ និងវប្បធម៌បរទេស។
ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិកានៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា គឺបានបញ្ជាក់អំពីសិទ្ធិសេរីភាពនៃជំនឿសាសនាដែរ ហើយមិនថា សាសនាអ្វី ឬពិធីបុណ្យអ្វីនោះទេ បើមិនមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺពុំមានការហាមប្រាមឡើយ។ អាស្រ័យហេតុនេះ មិនថាការប្រារព្ធពិធីបុណ្យណូអែល ឬបុណ្យផ្សេងៗរបស់ជាតិសាសន៍ដទៃផ្សេងទៀតទេ កម្ពុជាផ្តល់នូវសេរីភាពពេញលេញស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ លោកថា បើមើលតាមទិដ្ឋភាពសង្គម និងបរិបទអន្តរជាតិ បច្ចុប្បន្ន យុវជន និងប្រជាជនកម្ពុជាមួយចំនួន គឺមានទំនោរទៅលើការចូលរួមការរៀបចំពិធីបុណ្យណូអែលនេះ ហើយការប្រារព្ធពិធីនេះទៀតសោត ក៏ពុំមានផលរំខានអ្វីនោះដែរ។
លោកបន្ថែមថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមដំណើរការល្អ ដូច្នេះប្រជាពលរដ្ឋទាំងអស់ អាចទទួលបានសិទ្ធិសេរីភាពក្នុងការចូលរួមពិធីបុណ្យ និងពិធីសាសនាផ្សេងៗ ដោយពេញលេញ ដែលជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋក្នុងការចូលរួមជាមួយសាសនាដទៃទៀត។ ម៉្យាងវិញទៀត លោកថា ការរៀបចំបុណ្យណូអែលនេះ ក៏មានផលចំណេញដល់ជាតិ ដូចជា តាមរយៈការបង្កើនអាជីវកម្ម បង្កើនការចាយវាយ ដើម្បីឱ្យមានចរន្តពាណិជ្ជកម្ម ដែលធ្វើឱ្យដំណើរការសេដ្ឋកិច្ចមានការកើនឡើង។ បន្ថែមពីនេះ វាក៏ផ្តល់ឱកាសយ៉ាងសម្បូរបែបដល់ភ្ញៀវទេសចរដែលមាននិន្នាការជឿលើសាសនាគ្រឹស្ត បានចូលរួមក្នុងពិធីបុណ្យណូអែលផង និងបានដើរលេងកម្សាន្តនៅកន្លែងផ្សេងៗក្នុងប្រទេសកម្ពុជាផង។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមថា លោកសាទរចំពោះការប្រារព្ធពិធីបុណ្យណូអែល ដោយសារការប្រារព្ធពិធីបុណ្យសាសនានេះ មិនបានជះឥទ្ធិពលអាក្រក់អ្វីដល់ប្រពៃណី វប្បធម៌ដើមរបស់កម្ពុជានោះទេ មានតែធ្វើឱ្យកម្ពុជាមានភាពសម្បូរបែបថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា