ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍ពិភពលោកក្នុងឆ្នាំ ២០២៣ ជាពិសេសការផ្ទុះយាន Titan និងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស
នៅសល់តែរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះនឹងឈានចូលដល់ឆ្នាំ ២០២៤ ហើយ ខណៈពេញមួយឆ្នាំ ២០២៣ នេះក៏មានព្រឹត្តិការណ៍ធំៗកើតមានឡើងនៅជុំវិញពិភពលោកផងដែរ ជាពិសេសនោះគឺការផ្ទុះសង្គ្រាមជាថ្មីនៅតំបន់មជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា ។
ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗកើតមានឡើងក្នុងឆ្នាំ ២០២៣ ដែលសារព័ត៌មាន “កម្ពុជាថ្មី” សូមលើកយកបង្ហាញដូចតទៅ៖
១. គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី
មនុស្សជាង ៦៧,០០០ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៧ និង ៧.៨ រ៉ិចទ័របានវាយប្រហារទីក្រុង Antakya និងផ្នែកខ្លះទៀតនៃប្រទេសតួកគី រួមជាមួយនឹងប្រទេសជិតខាងស៊ីរីកាលពីព្រឹកព្រលឹមថ្ងៃទី៦ ខែកុម្ភៈ ខណៈអគាររាប់ពាន់ខ្នងក៏បានដួលរលំសង្កត់លើពលរដ្ឋរាប់ម៉ឺននាក់ផងដែរ ។

គ្រោះរញ្ជួយដីដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសតូកគី ចាប់តាំងពីឆ្នាំ ១៩៣៩ មកបានសម្លាប់មនុស្សប្រមាណ ៥៩,០០០ នាក់នៅភាគខាងត្បូង និងភាគកណ្ដាលរបស់តួកគី ខណៈពលរដ្ឋក្នុងទីក្រុងប្រវត្តិសាស្រ្ត Sanliurfa និងទីក្រុង Aleppo របស់ប្រទេសស៊ីរីជាង ៨,០០០ នាក់ក៏ស្លាប់បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិដ៏មហន្តរាយមួយនេះផងដែរ ។
២. សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អូសពេលដល់ឆ្នាំទី២
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ នេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលអស់ ២២ ខែហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលមូស្គូលើកទ័ពចូលទីក្រុងកៀវក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈរហូតមកដល់ពេលនេះលោកប្រធានាធិបតី Volodymr Zelensky កំពុងដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ។
៣. ឥណ្ឌាវ៉ាចិនក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើលោក
ចំនួនប្រជាជនរបស់ឥណ្ឌាបានវ៉ាដាច់ចិនក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅខែមេសា ខណៈយោងតាមរបាយការណ៍ចំនួនប្រជាជនពិភពលោករបស់ UN ក្នុងឆ្នាំ ២០២៣ បានបញ្ជាក់ថា ឥណ្ឌាមានចំនួនប្រជាជន ១៤,២៨៦ ពាន់លាននាក់ តាមពីក្រោយដោយប្រទេសចិនដែលមានចំនួន ១៤,២៥៧ ពាន់លាននាក់ ។

ប្រជាជនឥណ្ឌាភាគច្រើនគឺមានវ័យក្មេង ដោយក្នុងនោះ ៦៨ ភាគរយមានអាយុចន្លោះពី ១៥ ទៅ ៦៤ ឆ្នាំ ខណៈប្រហែល ២៥ ភាគរយគឺចន្លោះពី ០ ទៅ ១៤ ឆ្នាំ, ១៨ ភាគរយពី ១០ ទៅ ១៩ ឆ្នាំ, ២៦ ភាគរយពី ១០ ទៅ ២៤ ឆ្នាំ និង ៧ ភាគរយមានអាយុលើសពី ៦៥ ឆ្នាំ ។
៤. សោកនាដកម្មផ្ទុះយានជ្រមុជទឹក Titan
យានជ្រមុជទឹក Titanic ដែលដឹកមនុស្ស ៥ នាក់បានលិចចូលទៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងកាលពីថ្ងៃទី១៨ ខែមិថុនា នៅក្នុងដំណើរកម្សាន្តទឹកជ្រៅទៅទស្សនាខ្មោចកប៉ាល់ទីតានិកដែលមានអាយុកាល ១១១ ឆ្នាំ និងមានជម្រៅជាង ៣,៦០០ ម៉ែត្រ ខណៈបន្ទាប់ពីបេសកកម្មរុករក និងជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំជាច្រើនថ្ងៃ ក្រុមមន្ត្រីបានរកឃើញបំណែកសាច់សាកសព និងកម្ទេចកម្ទីនៅចម្ងាយប្រហែល ៥០០ ម៉ែត្រពីក្បាលយាន Titan ។

ចំណែកអ្នកដំណើរទាំង ៥ នាក់គឺរួមមាន លោក Stockton Rush នាយកប្រតិបត្តិនៃក្រុមហ៊ុន OceanGate និងជាអ្នកបញ្ជាយាន Titan, លោក Paul-Henri Nargeolet អ្នកជំនាញរុករកសមុទ្រទឹកជ្រៅជនជាតិបារាំង, លោក Hamish Harding អ្នកជំនួញជនជាតិអង់គ្លេស និងលោក Shahzada Dawood អ្នកជំនួញជនជាតិប៉ាគីស្ថាន-អង់គ្លេស រួមជាមួយកូនប្រុសរបស់គាត់ឈ្មោះ Suleman ដែលមានវ័យត្រឹម ១៩ ឆ្នាំប៉ុណ្ណោះ ។
៥. ប្រទេសថៃរកបាននាយករដ្ឋមន្ត្រីថ្មី
សភាថៃបានបោះឆ្នោតជ្រើសរើសឧកញ៉ាអចលនទ្រព្យ សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃឲ្យធ្វើជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសកាលពីថ្ងៃទី២២ ខែសីហា ក្រោយមានភាពជាប់គាំងផ្នែកនយោបាយក្នុងការបង្កើតរដ្ឋាភិបាលថ្មីអស់រយៈពេល ៣ ខែ ចាប់តាំងពីការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ។
៦. ការបាញ់បោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងជាថ្មី
សង្គ្រាម អ៊ីស្រាអែល-ក្រុមហាម៉ាស ដែលកំពុងបន្តត្រាំត្រែងនៅតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២១,៥០០ នាក់ របួសជិត ៥៦,០០០ នាក់ និង ៩០ ភាគរយនៃប្រជាជនចំនួន ២.៣ លាននាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលកំពុងឡោមព័ទ្ធ ។

ជម្លោះបច្ចុប្បន្នគឺកើតចេញពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលចំនួន ១,២០០ នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះរបស់ពួកគេ ក៏ដូចជានៅឯពិធីបុណ្យតន្ត្រី និងកន្លែងសាធារណៈផ្សេងទៀតជាដើម ខណៈការបាញ់បោះរនោះក៏បង្កឲ្យមនុស្សរាប់ពាន់នាក់រងរបួស និងជាង ២៤០ នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ឈ្លើយសឹកប្រហែលពាក់កណ្តាលត្រូវបានដោះលែងមកវិញហើយ ក្រោយមានបទឈប់បាញ់បណ្តោះអាសន្ននៅដើមខែធ្នូនេះ ។
៧. ប្រធានាធិបតីចិនធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម
ប្រធានាធិបតីចិនលោក Xi Jinping រួមជាមួយនឹងភរិយាគឺលោកស្រី Peng Liyuan បានអញ្ជើញទៅទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី១២ ខែធ្នូ ហើយទស្សនកិច្ចនេះគឺជាលើកទី ៣ ហើរបស់លោក Xi Jinping ដែលហោះមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៨ ឆ្នាំ ក្នុងនាមជាអគ្គលេខាធិការបក្ស និងជាប្រធានាធិបតីចិន ខណៈដំណើរទស្សនកិច្ច ២ លើកមុនគឺនៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ។

ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចនេះដែរលោក Xi Jinping និងសមភាគីវៀតណាមក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្លូវដែក ស្របពេលដែលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់ ១៧៥.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងនោះការនាំចេញរបស់វៀតណាមឈានដល់ ៥៧.៧ ពាន់លានដុល្លារ ហើយការនាំចូលវិញឈានដល់ ១១៧.៨៧ ពាន់លានដុល្លារ ។
៨. កិច្ចប្រជុំកំពូល ជប៉ុន-អាស៊ាន
មេដឹកនាំមកពីប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកកិច្ចប្រជុំកំពូលពិសេសរយៈពេល ៣ ថ្ងៃកាលពីថ្ងៃ១៦ ខែធ្នូនៅទីក្រុងតូក្យូ ខណៈក្នុងជំនួបនោះក៏ដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានផងដែរ ។

ជប៉ុន និងអាស៊ាន បានឈានដល់ការឯកភាពគ្នាក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់ការការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើច្បាប់មូលដ្ឋាន ក្នុងនោះមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងការធ្វើពាណិជ្ជកម្មដោយគ្មានការហាមឃាត់ផងដែរ ។
ស្របពេលជាមួយគ្នានេះ ភាគីទាំងពីរក៏បានពង្រឹងការយល់ដឹងអំពីដែនសមុទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធដែនសមុទ្រ រួមទាំងធានាឲ្យបាននូវការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធាផងដែរ ដោយស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ ប្រមុខ UN ៖ ២០២៣ ជាឆ្នាំរងទុក្ខវេទនា អំពើហិង្សា និងភាពវឹកវរនៃអាកាសធាតុ

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?