Connect with us

ព័ត៌មានជាតិ

វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម​ រំពឹងថានឹងមានកំណើន ខណៈអតិផរណា​រក្សារង្វង់ ២,៥% ក្នុងឆ្នាំ ២០២៤

បានផុស

នៅ

វិស័យចំនួនបី រួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងមានកំណើន ខណៈ​អតិផរណារក្សាអត្រារង្វង់ ២,៥% ក្នុងឆ្នាំ ២០២៤ ដោយសារការំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញ នៃថ្លៃ​ប្រេងអន្តរជាតិ។ នេះបើយោង​តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ថា អនុវិស័យកាត់ដេរ រំពឹងថា នឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើង នៃតម្រូវការ​សកល ជាពិសេសបណ្ដាប្រទេសជាដៃគួពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ ជាមួយគ្នានេះ, ការដាក់ចេញនូវ ” យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ, ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-​២០២៧ ក៏ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរ។

យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាខ្ពស់នៃ ស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់​តម្រូវការខាង​ក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមាន​ដល់អនុវិស័យនេះផងដែរ។ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែក​នឹងបន្តជំរុញ​ដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយ​ការរំពឹង​ទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។

និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះ លើផ្នែកផលិត​កម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិត​ផល​សំខាន់ៗ មួយចំនួនរួមមាន ដូចជា បន្ទះសូឡា, សំបកកង់, និងស្បែក​សត្វមានរោម ជាដើម។ ទន្ទឹមនេះ, ការដាក់​ចេញនូវ “ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នឹងអាចរួមចំណែក​បង្កើន​បរិយាកាស​វិនិយោគ​ឱ្យកាន់តែ​មានភាពទាក់ទាញ និងប្រសើរជាងមុន។ ដោយឡែកអនុវិស័យសំណង់ ត្រូវបាន​រំពឹងថា នឹងបន្តកំណើន​ទាបជាង​និន្នាការធម្មតា ដោយសារការរំពឹងទុកងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស ជាពិសេសសម្រាប់​សំណង់​ថ្លៃខ្ពស់ ក៏ដូចជា សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែល​សកម្មភាព​សំណង់​លំនៅឋាន​ក៏ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។

ចំណែក វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៥% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋាន​ក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស​អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់អនុវិស័យគាំទ្រផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ‐រាយ និង ដឹកជញ្ជូនជាដើម។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន បន្តនិន្នាការប្រសើរ ដោយសារការ រំពឹងទុកការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលមានភ្ញៀវ​ទេសចរជាតិក៏រំពឹងថា​នឹងបន្តកើនឡើង។ ការដាក់ចេញ និងអនុវត្តនូវ “ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ឌីជីថល​នៅកម្ពុជា។ ជាមួយគ្នានេះ អនុវិស័យអចលនទ្រព្យ រំពឹងថានឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនទាប ដោយសារការរំពឹងទុកការបន្តងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស និងកំណើនទាបនៃសកម្មភាព​ទិញ-លក់អចលនទ្រព្យ ជារួម។

ចំពោះវិស័យកសិកម្ម រំពឹងថា នឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែល​អនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ អនុវិស័យដំណាំបន្តនិន្នាការល្អ ដោយសារការរំពឹងទុកនូវកំណើន​នៃផលិត​កម្មដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ រួមមាន “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន”, “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” និង “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (RCEP)” ជាដើម គួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈការបន្តផ្តល់ការលើក​ទឹកចិត្តផ្នែកពន្ធសម្រាប់ការនាំ​ចូលវត្ថុធាតុដើមកសិកម្ម និងការផ្ដល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។

សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករនឹងងើបឡើងវិញ ដោយរំពឹងថា នឹងសម្រេចបាន ៦,៦% ក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងសមមូលប្រមាណ ៣៥ពាន់លានដុល្លារ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា កើនឡើងដល់ ២០៧១ ដុល្លារ ប្រៀបធៀបនឹងឆ្នាំ ២០២៣ មានចំនួន ១៩១៧ ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

ព័ត៌មានជាតិ៩ នាទីutes មុន

២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក ឈាង រ៉ា អំពាវនាវដល់អង្គការជាតិ និងអន្តរជាតិ បន្តជួយវិស័យសុខាភិបាលសម្រាប់បង្ការការធ្វើអត្តឃាត

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

Sokha Hotels

ព័ត៌មានពេញនិយម