ព័ត៌មានជាតិ
ខេត្តកោះកុង ត្រូវពង្រឹងការចុះបញ្ជីដីធ្លី និងការពារធនធានធម្មជាតិឱ្យល្អប្រសើរ
ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានជំរុញដល់រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ គប្បីធ្វើយ៉ាងណាពង្រឹងការចុះបញ្ជីដីធ្លី ព្រមទាំងបង្កើនការការពារធនធានធម្មជាតិឱ្យបានល្អប្រសើរស្របតាមការដាក់ចេញនូវវិធានការច្បាប់ផ្សេងៗ។

លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានដាស់តឿនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធត្រូវរួមគ្នាពង្រឹងការចុះបញ្ជីដីធ្លីជូនពលរដ្ឋ ជាលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ។ អ្វីដែលកាន់តែយកចិត្តទុកដាក់ទប់ស្កាត់បង្រ្កាបរាល់បទល្មើសព្រៃឈើ បទល្មើសនេសាទ ឬធ្វើអាជីវកម្មរ៉ែគ្មានការអនុញ្ញាត។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣របស់រដ្ឋបាលខេត្តកោះកុង និងលើកទិសដៅបន្តឆ្នាំ២០២៤ លោក ទៀ សីហា សង្កត់ធ្ងន់ដែរថា អាជ្ញាធរមន្ទីរជំនាញជុំវិញខេត្ត បន្តបំផុសស្មារតីអប់រំដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានចូលរួមថែរក្សាធនធានធម្មជាតិ ទ្រព្យសម្បត្តិសាធារណៈដែលនៅសេសសល់បម្រើដល់ប្រយោជន៍សាធារណទៅអនាគត។

លោក ទៀ សីហា ក៏បន្ថែមទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិ គប្បីចូលរួមសហការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋដោយផ្អែកតាមគោលការណ៍ក្រសួងដែនដី ដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយការដោះស្រាយទំនាស់ដីធ្លីក្នុងមូលដ្ឋានដែលកើតមានកន្លងទៅ ប្រកបដោយតម្លាភាព យុត្តិធម៌ និងបង្ការមិនឱ្យកើតមានថ្មីបន្តទៅទៀត។

ទាក់ទិនបញ្ហាតំបន់ព្រំដែនវិញ រដ្ឋបាលខេត្ត ដើរតួនាទីយ៉ាងសំខាន់ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដើម្បីបន្តថែរក្សាស្ថិរស្ថេរភាពតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ដោយជំនួសវិញមកនូវការកែប្រែតំបន់ព្រំដែនមានសុវត្ថិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ចំពោះច្រកទ្វារព្រំដែន ពង្រឹងការចេញចូលរបស់អ្នកដំណើរចេញចូលតាមព្រំដែនគ្រប់រូបភាពទាំងអស់ ទាំងបទល្មើជួញដូរមនុស្ស គ្រឿងញៀន ភេវកម្ម និងទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជំនួសមកវិញការផ្តល់សេវាសាធារណ និងផ្លាស់ប្តូរទំនិញបានល្អរលូន។

ដោយឡែកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងថា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញ ដើម្បីសម្រេចបាននូវការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ កសាងហេដ្ឋារចនាសម្ព័ន្ធជូនពលរដ្ឋ កៀងគរអភិវឌ្ឍន៍វិនិយោគទុនពីប្រទេសខាងក្រៅ និងដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀត។
តែទោះយ៉ាងណា លោកស្រីព្រមទទួលយកការណែនាំរបស់ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តទៅអនុវត្តឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ សំដៅដល់ការអភិវឌ្ឍន៍ទៅមុខគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ និងរក្សាបានសុខសន្តិភាព។

រដ្ឋបាលខេត្តកោះកុង ក៏បានដាក់ចេញនូវវិធានការថ្មីៗអំពីតាមដានការពារថែរក្សាគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការលើកកម្ពស់សោភ័ណ្ឌបរិស្ថានអនាម័យគ្រប់ទីកន្លែង និងពង្រឹងសមត្ថភាពលើការផ្តល់សេវាសាធារណៈជូនពលរដ្ឋផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ