កីឡា
តើគុនខ្មែរជាកីឡាកំពុងពេញនិយមជាងបាល់ទាត់នាពេលបច្ចុប្បន្នឬយ៉ាងណា?
ឆ្នាំ២០២២ និង២០២៣បានក្លាយជាពេលវេលាដ៏ត្រចះត្រចង់សម្រាប់កីឡាអត្តសញ្ញាណជាតិ«គុនខ្មែរ» និងកំពុងក្លាយជាពេញនិយមខ្លាំងសម្រាប់អ្នកគាំទ្រនាពេលបច្ចុប្បន្ន។ សំណួរលើកឡើងថា តើកីឡាគុនខ្មែរកំពុងមានប្រជាប្រិយភាពនាំមុខកីឡាបាល់ទាត់ឬយ៉ាងណា?
បាល់ទាត់
រាប់ឆ្នាំមកហើយ បាល់ទាត់ជាកីឡាពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក។ រាល់ការប្រកួតអន្តរជាតិរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាតែងតែមានអ្នកគាំទ្រចូលទស្សនាផ្ទាល់រាប់ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក បើទោះបីជាការចូលទស្សនាតម្រូវឲ្យទិញសំបុត្រដែលមានតម្លៃចាប់ពី១ម៉ឺនរៀលឡើងទៅ។

ទោះបីជាយ៉ាងណា ប្រហែលជាពីរឆ្នាំចុងក្រោយនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារាប់ចាប់តាំងពីកម្រិតយុវជនដល់ក្រុមធំមិនសូវទទួលបានលទ្ធផលល្អប្រសើរទេ។ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលស្ទើរទាំងអស់ដូចជាពានរង្វាន់ AFC Asian Cup, AFF, Sea Games និងជម្រុះ World Cup ជាដើម។
អ្វីដែលគួរឲ្យកត់សំគាល់អ្នកគាំទ្រចូលទស្សនាភាគច្រើនបំផុតនៅពេលមានការប្រកួតអន្តរជាតិ ប៉ុន្តែការប្រកួតលីគកំពូលកម្ពុជាមិនសូវមានមនុស្សចូលមើលច្រើនដូចប្រដាល់ឡើយ។ រដូវកាល២០២៣-២៤ ការប្រកួតលីគនៅកីឡដ្ឋានខេត្តស្វាយរៀងមានអ្នកគាំទ្រចូលមើលច្រើនជាងគេស្ទើរពេញរាល់ពេលមានការប្រកួត។

ផ្ទុយទៅវិញ នៅលើបណ្តាញទំនាក់ទំនងសង្គមទាំង Youtube និង Facebook មានអ្នកគាំទ្រមើលមិនច្រើនប៉ុន្មានឡើយ។ គូធំប្រចាំសប្តាហ៍អាចមានអ្នកគាំទ្រមើលច្រើនបំផុតចន្លោះពី១០ទៅ២០K ប៉ុន្តែបើគូដែលក្រុមមិនសូវល្បីប្រកួតមានអ្នកទស្សនាចន្លោះពី៥ទៅ១០Kប៉ុណ្ណោះ។
ប្រដាល់គុនខ្មែរ
បាល់ទាត់ហាក់ខុសប្លែកពីប្រដាល់ទាំងនៅសង្វៀនផ្ទាល់ និងតាមបណ្តាញទំនាក់ទំនងសង្គម។ កាលពីឆ្នាំ២០២៣កន្លងទៅព្រឹត្តិការណ៍ប្រដាល់ធំៗមានអ្នកគាំទ្រចូលទស្សនាផ្ទាល់រាប់ម៉ឺននាក់រកតែកន្លែងអង្គុយស្ទើរគ្មាន។ ការទៅមើលផ្ទាល់ច្រើនជាងបាល់ទាត់អាចនិយាយបានថា គ្មានអ្វីចម្លែកទេ ដោយសារប្រដាល់មិនលក់សំបុត្រ ប៉ុន្តែបើនៅតាមបណ្តាញសង្គមវិញ អ្នកគាំទ្រមើលច្រើនលើសលប់។

ការគាំទ្រភ្លូកទឹក-ដីចំពោះកីឡាប្រដាល់គុនខ្មែរបានកើតមានឡើងទន្ទឹមគ្នានឹងសមិទ្ធផលគួរជាទីមោទន:។ គុនខ្មែរត្រូវបានដាក់ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ជាសមិទ្ធផលដ៏សំខាន់បំផុតដែលអ្នកគាំទ្រអបអរសាទរ។ ប្រទេសថៃបានខឹងសម្បារនឹងកម្ពុជាដែលបានធ្វើឲ្យមានជម្លោះតាមបណ្តាញសង្គម ហើយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនផ្សាយពីគុនខ្មែរដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍លើគុនខ្មែរកាន់តែខ្លាំង។
ជាពិសេសទៀតនោះ គុនខ្មែរបានឈ្នះមេដាយមាសចំនួន១៩គ្រឿងគឺមាស១៤ ប្រាក់៣ និងសំរិទ្ធ២ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលជួយធ្វើឲ្យម្ចាស់ផ្ទះកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៤ក្នុងតារាងមេដាយជាប្រវត្តិសាស្ត្រលើកដំបូងជាមួយមេដាយមាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិបានកើនសមាជិករហូតដល់ជាង៦០ប្រទេសក្នុងឆ្នាំ២០២៣ នៅពេលគុនខ្មែរត្រូវបានដាក់ចូលក្នុងស៊ីហ្គេម។ វាជាជោគជ័យដ៏ធំមួយទៀតសម្រាប់សហព័ន្ធដែលគ្រប់គ្រងគុនខ្មែរទូទាំងពិភពលោក។ ចុងឆ្នាំ២០២៣ សហព័ន្ធបានរៀបចំមហាសន្និបាត និងរៀបចំការប្រកួតគុនខ្មែរពិភពលោកដែលមានប្រទេសជាច្រើនចូលរួមប្រកួតនៅខេត្តសៀមរាប។
ក្នុងសេចក្តីសម្រេចរបស់មហាសន្និបាតបានដាក់គោលដៅបន្តបង្កើនចំនួនសមាជិកអន្តរជាតិ បន្តអភិវឌ្ឍគុនខ្មែរឲ្យមានទម្រង់អន្តរជាតិ និងដាក់គោលដៅឆ្ពោះចូលទៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និងអូឡាំពិក។

ក្រៅពីព្រឹត្តិការណ៍ផ្លូវការថ្នាក់ជាតិ ស្ថាប័នឯកជនជាច្រើនបានគាំទ្រយ៉ាងសកម្មភាពក្នុងការរៀបចំការប្រកួតគុនខ្មែរអន្តរជាតិ។ សង្វៀនប្រដាល់តាមស្ថានីយ៍ទូរទស្សន៍ និងម្ចាស់ឧបត្ថម្ភបានសម្រុករៀបចំការប្រកួតធំៗដែលមានដណ្តើមខ្សែក្រវាត់ ប្រាក់រង្វាន់រាប់លាន និងរង្វាន់រថយន្តថែមទៀត។ កីឡាករជាច្រើនបានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោកក្នុងឆ្នាំ២០២៣ ហើយក៏មានកីឡាករជាច្រើនទទួលបានរង្វាន់រថយន្តថែមទៀត។
តាមរយៈការរៀបចំព្រឹត្តិការណ៍ធំៗ កីឡាករបរទេសជាច្រើនមកពីប្រទេសផ្សេងៗបានមកប្រកួតនៅកម្ពុជាដែលផ្តល់ឲ្យពួកគេស្គាល់គុនខ្មែរកាន់តែច្រើន និងរួមចំណែកជួយផ្សព្វផ្សាយលើឆាកអន្តរជាតិ។ ការគាំទ្រដ៏សំបូរបែប ការរៀបចំព្រឹត្តិការណ៍ធំ និងមានរង្វាន់កាន់តែល្អប្រសើរជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលជួយឲ្យកីឡាករ កីឡាការិនីមានសន្ទុះចិត្តចាប់អាជីពគុនខ្មែរ ហើយជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។

និយាយជារួម ប៉ុន្មានឆ្នាំចុងក្រោយនេះ បាល់ទាត់នៅតែមានសន្ទុះគាំទ្រខ្លាំងលើក្រុមជម្រើសជាតិ ប៉ុន្តែការគាំទ្រក្នុងលីគនៅមានកម្រិត ស្របពេលលទ្ធផលរបស់ក្រុមជម្រើសជាតិមិនសូវល្អប្រសើរ។ ទោះជាយ៉ាងណា រាល់ការប្រកួតបាល់ទាត់ទាំងជម្រើសជាតិ និងលីគលក់សំបុត្រដែលអ្នកគាំទ្រត្រូវតែចំណាយប្រាក់។ ចំណែកកីឡាប្រដាល់គុនខ្មែររីកចម្រើនយ៉ាងខ្លាំងលើឆាកអន្តរជាតិ ទាំងសមិទ្ធផល សន្ទុះការគាំទ្រ និងព្រឹត្តិការណ៍សំខាន់ៗ ប៉ុន្តែការចូលទស្សនាដោយឥតគិតថ្លៃ៕
ការលើកឡើងខាងលើគ្រាន់តែជាទស្សនៈរបស់ស្មេរប៉ុណ្ណោះ ចុះមិត្តអ្នកអានមានមតិយោបល់យ៉ាងណា?
អត្ថបទ៖ ទស្សនៈស្មេរ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក