Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី អះអាងថា រាល់ពាក្យបណ្តឹងដែលក្រសួងអធិការកិច្ចទទួលបាន គឺ៩០% ជាទំនាស់ដីធ្លី

បានផុស

នៅ

ក្នុងវេទិកាពិភាក្សាមួយ ក្រោមប្រធានបទ៖ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អះអាងថា រាល់ពាក្យបណ្តឹងដែលក្រសួងទទួលបានប្រមាណ ៩០ភាគរយ ជាទំនាស់ដីធ្លី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោករដ្ឋមន្ត្រី ហួត ហាក់ ថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រសួងអធិការកិច្ច ទទួលបានពាក្យបណ្តឹងចំនួន៤៧បណ្តឹង ដែលក្នុងនោះ ៤០បណ្តឹង ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាបពរ ដោយសន្តិវិធី។ ដោយឡែក បណ្តឹងចំនួន៧ទៀត ក្រសួងកំពុងធ្វើការពិនិត្យ និងដោះស្រាយជាបន្តទៀត ព្រោះបណ្តឹងមួយចំនួនត្រូវការពេលវេលាក្នុងការពិនិត្យដោះស្រាយ និងពិនិត្យសម្រេចពីប្រមុខរាជរដ្ឋាភិបាល។

បើតាមការអះអាងរបស់លោករដ្ឋមន្ត្រី បណ្ដឹងពាក់ព័ន្ធនឹងវិវាទដីធ្លី មានចំនួនភាគច្រើនជាងគេ តែយ៉ាងណាមិញ លោក បញ្ជាក់ថា ក្រសួងអធិការកិច្ច មិនត្រឹមតែទទួលពាក្យបណ្តឹងវិវាទដីធ្លីប៉ុណ្ណោះទេ ពោល គឺទទួលទាំងបណ្តឹងតវ៉ាគ្រប់រូបភាព ដើម្បីឆ្លើយតបជាមួយនឹងបេសកកម្មរបស់ក្រសួង ដែលមានតួនាទីអធិការកិច្ច តាមដានការអនុវត្តច្បាប់ និងពិនិត្យ ដោះស្រាយ។

លោក ហួត ហាក់ បានបន្តថា ក្រសួងអធិការកិច្ច គឺមាននាយកដ្ឋានទទួលពាក្យបណ្តឹង និងស្រាវជ្រាវ សម្រាប់ទទួលពាក្យបណ្តឹង ដោយបេសកកម្ម គឺផ្តោតលើការបង្ការ ទប់ស្កាត់ និងលើកវិធានការ សំដៅប្រឆាំងអំពើពុករលួយ និងភាពអសកម្មនានានៅក្នុងសង្គម។

គួរជម្រាបថា ក្រសួងអធិការកិច្ច មានបេសកកម្មចម្បងសំខាន់ៗចំនួន៣ គឺទី១) ការធ្វើអធិការកិច្ចនៅគ្រប់វិស័យ សំដៅប្រឆាំងអំពើពុករលួយ និងបាតុភាពអសកម្មនានា ទី២) ការតាមដានត្រួតពិនិត្យរាល់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ព្រមទាំងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងទី៣) ក្រសួងអធិការកិច្ច មានតួនាទីទទួលពាក្យបណ្ដឹង អង្កេត និងបោសសម្អាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម