ព័ត៌មានជាតិ
អភិបាលរងខេត្តកំពង់ធំ អំពាវនាវឱ្យពលរដ្ឋ សិស្សានុសិស្សកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាព
លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋសិស្សានុសិស្ស ចូលរួមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពទាំងអស់គ្នា។ លោកបានអំពាវនាវបែបនេះ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិក” ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនក្រុងស្ទឹងសែន និងមន្ទីរវិស័យជុំវិញខេត្ត នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ ជិត ១ ៥០០នាក់ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
លោកអភិបាលរងខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តបានចុះអនុស្សារណៈយោគយល់រវាងក្រសួងបរិស្ថាន ស្តីពីយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ”។ លោកថា ពិតណាស់ នាពេលបច្ចុប្បន្នប្រទេសជាច្រើននៅលើសកលលោកកំពុងតែប្រឈមយ៉ាងខ្លាំងជាមួយបញ្ហាបរិស្ថាន ពិសេសសំណល់ប្លាស្ទិកដែលបានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក សង្គមជាតិ គ្រួសារ និងមនុស្សជំនាន់ក្រោយ។ ជាក់ស្តែង ការប្រើប្រាស់សម្ភារៈ ម្ហូបអាហារ និងផលិតផលផ្សេងៗ បានបន្សល់នូវកាកសំណល់យ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងមានកើនឡើងគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនតម្រូវការរបស់ប្រជាជនកាន់តែច្រើនឡើង ហើយការទុកដាក់ និងវេចខ្ចប់កាកសំណល់សំរាមថង់ប្លាស្ទិកពុំបានត្រឹមត្រូវល្អ។
លោកបន្តថា ស្ថិតក្នុងបញ្ហាប្រឈមខាងលើ ក្នុងនាមថ្នាក់ដឹកនាំខេត្ត បាននឹងកំពុងបន្តធ្វើការផ្សព្វផ្សាយដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យចូលរួមខិតខំថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំ និងរក្សាសោភណភាពបរិស្ថានបន្ថែមទៀត តាមរយៈការចូលរួមទាំងអស់គ្នា។ បន្ថែមពីនេះ ត្រូវខិតខំសិក្សាស្វែងយល់ពីផលប៉ះពាល់ដែលកើតមកពីថង់ប្លាស្ទិកដែលកំពុងនិយមប្រើប្រាស់ជាប្រចាំ ដោយរួមគ្នាខិតខំដោះស្រាយបញ្ហាសំណល់ប្លាស្ទិក សំដៅធ្វើឱ្យការប្រើប្រាស់ប្លាស្ទិកត្រូវបានកាត់បន្ថយមកតិចបំផុតតាមដែលអាចធ្វើបាន។ លោកថា រដ្ឋបាលខេត្ត ក៏មានទីលានគ្រប់គ្រងសំរាមត្រឹមត្រូវ ដែលកំពុងដំណើរការទុកដាក់សំរាមបានយ៉ាងល្អ មិនបង្កផលប៉ះពាល់ដល់បរិស្ថានទៀតនោះទេ។
លោក ជា វ៉ាន់ចាន់ បានគូសបញ្ជាក់ថា យុទ្ធនាការដែលបានរៀបចំក្នុងថ្ងៃនេះ គឺជាការបំផុសស្មារតីរបស់សាធារណជន ពិសេសស្រទាប់យុវជន ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃសំណល់សំរាម។ ជាពិសេសនោះ គឺសំណល់ប្លាស្ទិក ដែលបង្ករគ្រោះថ្នាក់បំផុតដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន ហើយក៏ជាឱកាសក្នុងការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជនទាំងអស់គ្នា ក៏ដូចជាប្រជាជនលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណ ភាពបរិស្ថាន ភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព ភាពស្រស់បំព្រងសម្រាប់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»