ព័ត៌មានជាតិ
ពេញមួយឆ្នាំ ២០២៣ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជិត ៤៧ពាន់លានដុល្លារ ថយចុះជិត ១០%
រយៈពេល ១២ខែ ឆ្នាំ ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា អន្តរជាតិ សម្រេចបានទឹកប្រាក់ប្រមាណ ៤៦,៨ពាន់លានដុល្លារ ថយចុះជិត ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៤៧,៧ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា ចាប់ពីខែ មករា-ធ្នូ ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ២២,៦ ពាន់លានដុល្លារ កើនឡើង ១,៨ភាគរយ ខណៈនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ២៤,១ពាន់លានដុល្លារ ធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
អគ្គនាយកដ្ឋានគយ បានបង្ហាញឱ្យដឹងទៀតថា ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដោយសម្រេចបានជាង ១២,២ពាន់លានដុល្លារ រយៈពេល ១២ខែមកនេះ កើនឡើង ៥ភាគរយ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណជាង ៩,១៥ពាន់លានដុល្លារ, វៀតណាម នៅលេខរៀងទី៣ មានទំហំ ៦,៥៨ពាន់លានដុល្លារ បន្ទាប់មកថៃ ៣,៧ពាន់លានដុល្លារ ជប៉ុន ១,៧៩ពាន់លានដុល្លារ ឥណ្ឌូណេស៊ី ជាង ១ពាន់លានដុល្លារ និងប្រទេសផ្សេងៗមួយចំនួនទៀត។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ទំហំពាណិជ្ជកម្មកម្ពុជាអន្តរជាតិ បន្តថយចុះនេះ ដោយសាររងឥទ្ធិពលនៃវិបត្តិសកលដែលកំពុងកើតឡើង មានដូចជា សង្គ្រាមរុស្ស៊ី អ៊ុយក្រែង, សង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់ និងវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកជាដើម ដែលបង្កឱ្យមានប៉ះពាល់ដល់ការដោះដូរទំនិញរវាងប្រទេស និងប្រទេស។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានប្រាប់កម្ពុជាថ្មីថា ការនាំចេញរបស់កម្ពុជា មិនអាចមានកំណើនទេ ខណៈដែលវិបត្តិសកលនៅតែបន្តកើតមាន។ លើសពីនេះទៀត បច្ចុប្បន្នកម្ពុជា មានការប្រកួតប្រជែងជាមួយប្រទេសអ្នកផលិតជាច្រើនទៀត នៅលើសកលលោក ដែលផលិតទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារដូចគ្នា។ ដើម្បីឱ្យមានកំណើននៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកជាយោបល់ថា កម្ពុជាត្រូវតែព្យាយាមកាត់បន្ថយថ្លៃដើមឱ្យទាបជាងមុន បន្ធូរបន្ថយពន្ធ ឬលក្ខខណ្ឌណាមួយ ដើម្បីសម្រួលដល់ផលិតកម្ម នឹងជំរុញការនាំចេញឱ្យបានកាន់តែច្រើន។
ជាមួយគ្នានេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពិតជាមានសារសំខាន់ណាស់។ ប្រសិនបើកម្ពុជា បង្កើនកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផ្សេងៗទៀត ក៏អាចរួមចំណែកជួយជំរុញការនាំចេញទំនិញរបស់កម្ពុជា បន្ថែមទៀតដែរ។ នេះបើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ មានចំនួនសរុបជាង ៥២,៤ ពាន់លានដុល្លារ កើនឡើង ៩.២ ភាគរយបើធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួនជាង ៤៨ ពាន់លានដុល្លារ។ ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំទំនិញទៅទីផ្សារអន្តរជាតិ មានជាង ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦.៤ ភាគរយ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានជិត ៣០ ពាន់លានដុល្លារ កើនឡើង ៤.៣ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ