ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រី ជំរុញឱ្យដាក់ទោសមេខ្លោងគ្រឿងញៀនឱ្យតឹងរឹង ស្របតាមច្បាប់
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នាឆ្នាំនេះ ត្រូវបានដឹកនាំដោយលោក នេត សាវឿន និងលោក ស សុខា ជាគណៈបញ្ជាការ។ ដើម្បីអនុវត្តផែនការយុទ្ធនាការនេះជោគជ័យ សម្ដេចធិបតីជំរុញឱ្យអង្គភាពមានសមត្ថកិច្ច និងស្ថាប័នតុលាការ បង្កើនកិច្ចសហការគ្នាដើម្បីឱ្យដំណើរការសំណុំរឿងគ្រឿងញៀនរលូន សំដៅយកមេខ្លោងមកដាក់ទោសស្របតាមច្បាប់ ហើយលុបបំបាត់និទណ្ឌភាពលើសំណុំរឿងគ្រឿងញៀន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តរៀបចំកសាងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩ ឆ្នាំ២០២៤ ដែលមានរយៈពេល១ឆ្នាំពេញ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបន្តបញ្ចៀស ឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅរក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
តាមរយៈផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចាត់តាំងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ដឹកនាំដោយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធាន ហើយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធាន និងត្រូវមានគណៈកម្មការចម្រុះមួយ ដើម្បីធ្វើជាយន្តការក្នុងការដឹកនាំ បញ្ជា និងចាត់តាំងអនុវត្ត។
តាមផែនការណែនាំដដែលនេះ សម្ដេចធិបតី បានបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវដឹកនាំកម្លាំងអនុវត្តច្បាប់ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការស្វែងរកឱ្យឃើញ និងទប់ស្កាត់ការលួចលាក់នាំចូលគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែន ចូលមកក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន ឬឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ សម្ដេច នាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបមេខ្លោង និងបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែន បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ និងខិតខំស្រាវជ្រាវករណីសេសសល់ដែលមិនទាន់បានបញ្ចប់ ដោយបើកយុទ្ធនាការជាប្រចាំបោសសម្អាតពួកជួញដូរគ្រឿងញៀនជាក្រុមតូចៗឱ្យបានតឹងរឹងបំផុត និងអនុវត្តវិធានការច្បាប់។
ជាមួយគ្នានេះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើជាអ្នកសម្របសម្រួល ដើម្បីជំរុញកិច្ចពិគ្រោះពិភាក្សារវាងស្ថាប័នអយ្យការ តុលាការ ជាមួយអង្គភាពនគរបាល និងកងរាជអាវុធហត្ថ ដើម្បីធ្វើឱ្យកិច្ចសហការកាន់តែមានដំណើរការរលូន ដោយ លុបបំបាត់និទណ្ឌភាពលើបទល្មើសគ្រឿងញៀន និងរិះរកវិធីកសាងសំណុំរឿងធំៗ ដើម្បីផ្តន្ទាទោសដល់មេខ្លោង និងបណ្តាញជួញដូរគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់ ស្របតាមច្បាប់។
សម្ដេចធិបតី ក៏បានជំរុញឱ្យមានការតាមដាន គ្រប់គ្រង និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់សកម្មភាពកែច្នៃ ផលិតគ្រឿងញៀនសំយោគ ការដាំដុះ ការចម្រាញ់ ការនាំចូលវត្ថុធាតុដើមជាសារធាតុគីមីផ្សំអាចកែច្នៃ ផលិតគ្រឿងញៀនសំយោគ ដែលកើតមាននៅក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែន ដែលមានការិយាល័យទំនាក់ទំនងព្រំដែន BLO ត្រូវបានសម្ដេច នាយករដ្ឋមន្ត្រី ណែនាំឱ្យសហការជាមួយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ សំដៅរៀបចំកិច្ចប្រជុំត្រួតពិនិត្យក្នុងមួយខែម្តង ជាមួយប្រធាន និងមន្ត្រីការិយាល័យ BLO ដើម្បីជំរុញលើកទឹកចិត្តឱ្យមានកិច្ចសហការរួមគ្នា ក្នុងការផ្តល់ព័ត៌មាន និងផ្លាស់ប្តូរសភាពការណ៍ជាប់ជាប្រចាំ។ ទន្ទឹមនេះ គណៈកម្មការចម្រុះដោះស្រាយបញ្ហាគ្រឿងញៀននៅខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ ត្រូវខិតខំសហការជាមួយភាគីឡាវ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសហការស៊ើបអង្កេតរកមុខសញ្ញា ឈានទៅបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ការចរាចរគ្រឿងញៀនឆ្លងកាត់តាមព្រំដែន ផងដែរ៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់