ព័ត៌មានជាតិ
ផែរណបតាមដងទន្លេ ០៣ ទីតាំងបញ្ចប់ការសាងសង់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ចំណតផែរណបតាមដងទន្លេ ០៣ ទីតាំង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅព្រឹកមិញនេះ ដែលជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។
ពិធីសម្ពោធចំណតផែរណបពហុបំណង TS១១, M២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) នៅព្រឹកមិញនេះ ក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមប្រឹក្សាភិបាលខេត្តត្បូងឃ្មុំ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកពង់ផែស្វយ័តភ្នំពេញ។
ថ្លែងក្នុងឱកាសនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា សមិទ្ធផលដែលសម្រេចបាននេះឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅនឹងទិសដៅក្នុងការពង្រីកនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជា។
លោក ប៉េង ពោធិ៍នា បានបន្តថា ដើម្បីចូលរួមសម្រេចឱ្យបានស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកមានភាពប្រកួតប្រជែង និងការផ្តល់សេវាមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពផងដែរ។
ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបានណែនាំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យនិងសិក្សារៀបចំផែនការមេនិងក្របខណ្ឌអភិវឌ្ឍន៍គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ រួមទាំងមណ្ឌលអាជីវកម្មអាទិភាពសម្រាប់ប្រតិបត្តិការអាជីវកម្មកំពង់ផែផងដែរ។
បើតាមលោករដ្ឋមន្រ្តី ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានកំពុងចូលរួមសិក្សានិងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលភស្ដុភារកម្មនៅក្រុងព្រះសីហនុ ដើម្បីជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។
គួរជម្រាបដែរថា ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការសហការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ៤ ហិកតា។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង TS១១ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់កុងតឺន័រ និងទំនិញរាយដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូងមីជាដើម។ បច្ចុប្បន្ននេះ ចំណតផែរណបពហុបំណង TS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើឱ្យប្រតិបត្តិការលើកដាក់ទំនិញ និងកុងតឺន័រ និងស្ថិតនៅទីតាំងដែលមានសក្តានុពលខ្ពស់សម្រាប់បម្រើឱ្យសេចក្តីត្រូវការប្រើប្រាស់របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តផ្សេងៗទៀត ជាពិសេសចូលរួមចំណែកបានយ៉ាងច្រើនក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
ចំពោះចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ កើតចេញពីការសហការវិនិយោគរវាងពង់ផែស្វយ័តភ្នំពេញជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ ហិកតា។ គោលបំណងនៃការបង្កើតចំណត ផែរណបពហុបំណង UM២ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ចំណីសត្វ សសរគ្រឹះបេតុង ដែក កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។
ចំណតផែរណបពហុបំណង UM២ ក៏ជាចំណតផែទន្លេដែលមានសក្តានុពលខ្ពស់សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់នៅតំបន់ជុំវិញតាមដងទន្លេមេគង្គលើ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស និងនាំចូលទំនិញពីខាងក្រៅមកចំណតផែរណបនេះវិញ។ បន្ថែមពីនេះ ចំណតផែរណបពហុបំណងនេះនឹងចូលរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងការខូចខាតផ្លូវថ្នល់។
ដោយឡែកចំណតផែរណបពហុបំណង LM ២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ ហិកតា។ បច្ចុប្បន្នចំណតផែរណបពហុបំណងនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយប្រើប្រាស់ប្រភពទុនវិនិយោគផ្ទាល់របស់ពង់ផែស្វយ័តភ្នំពេញ។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង LM២៦ គឺដើម្បីបម្រើដល់ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ធ្យូងថ្ម ទំនិញកសិផល ដូចជា ស្រូវ អង្ករ ពោត ដំឡូងមី កៅស៊ូ ម្រេច ជាដើម៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី