Connect with us

ព័ត៌មានជាតិ

ក្រសួង នឹងប្រកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់​យុវជនមកពីគ្រួសារក្រីក្រ នៅថ្ងៃទី ១៥ មករាខាងមុខ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ខាងមុខនេះ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១២ មករា នេះ​ថា វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា នឹង​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​តំណាង​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផង​ដែរ។

លោក កត្តា អ៊ន បាន​បន្ត​ថា ចាប់​តាំងពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១ លាន ៥ សែន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់​ថ្ងៃ​ទី ១១ មករា​នេះ មាន​អ្នក​ចុះឈ្មោះ​ចូលរៀន​សរុប​ចំនួន ២ ៣៣៣០ នាក់ (ស្រី ៨ ២០១ នាក់) ក្នុង​នោះ រាជធានី​ភ្នំពេញ ចំនួន ៨៩៣៣ នាក់ (ស្រី ៣០៥០ នាក់), បាត់ដំបង ៣១១២ នាក់ (ស្រី ១ ៣៤៨ នាក់), សៀមរាប ១៦៧៣ នាក់ (ស្រី ៤៥៦ នាក់), ព្រះសីហនុ ៨៤៦ នាក់ (ស្រី ៣០០ នាក់), កណ្ដាល ៨៣៦ នាក់ (ស្រី ២៣៥ នាក់), និង​បណ្ដា​ខេត្ត​ផ្សេងៗ ចំនួន ៧ ៩៣០ នាក់ (ស្រី ២ ៨១២ នាក់​)។

លោក កត្តា អ៊ន បាន​បន្ត​ទៀត​ថា ក្នុង​នោះ​អ្នក​រៀន​វិស័យ​សំណង់​មាន​ចំនួន ៣៤៧៤ នាក់ (ស្រី ៤៩៣ នាក់), អគ្គិសនី និង​ថាមពល ៥៩៩ នាក់ (ស្រី ៦២ នាក់), អេឡិចត្រូនិក ៤៧៣ នាក់ (ស្រី ៦៥ នាក់), កម្មន្តសាល ១៦៧ នាក់ (ស្រី ១១ នាក់​),មេកានិច​ទូទៅ​/​មេកានិច​រថយន្ត ៣ ៤៩៣ នាក់​(ស្រី ១៥៤ នាក់​), ធុរកិច្ច និង​ព័ត៌មានវិទ្យា ៧៥៧០ នាក់ (ស្រី ៤ ០២៩ នាក់), សេវាកម្ម ១៣២៣ នាក់ (ស្រី ១ ១៣៥ នាក់​), បរិក្ខារ​ត្រជាក់ និង​កម្ដៅ ៣ ៤៦៩ នាក់ (ស្រី ១១៨ នាក់​), ទេសចរណ៍ ១ ៦១៩ នាក់ (ស្រី ១ ២៣៣ នាក់), និង កសិកម្ម និង កសិ​-​ឧស្សាហកម្ម ១ ១៤៣ នាក់ (ស្រី ៩០០ នាក់​)។

លោក កត្តា អ៊ន បាន​បន្ថែម​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ៤ ខែ ហើយ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​មិន​តម្រូវ​ឱ្យ​បង់​ប្រាក់​ទេ។ ហើយ​ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែម​ចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែ។ ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បន្ថែម ក៏​អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​បាន​ដែរ តែ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ។

លោក កត្តា អ៊ន បាន​បញ្ជាក់​ទៀត​ថា មុខជំនាញ​សម្រាប់​ជំហាន​ដំបូង​មាន​ចំនួន ៣៨ មុខជំនាញ នៅ​ក្នុង​វិស័យ​អាទិភាព​ចំនួន ១០ រួមមាន ៖ សំណង់​, អគ្គិសនី និង​ថាមពល​,​អេឡិចត្រូនិក​, បរិក្ខារ​ត្រជាក់ និង​កម្ដៅ​,​កម្មន្តសាល​,​មេកា​និក​ទូទៅ​/​មេកា​និក​រថយន្ត​,​ទេសចរណ៍​, សេវាកម្ម​, កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​, និង ធុរកិច្ច និង​ព័ត៌មាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម