ព័ត៌មានជាតិ
ក្រសួង២ ចេញវិធានការរួម ៨ ចំណុច ទប់ស្កាត់ភ្លើងឆេះព្រៃ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ បានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ ត្រូវណែនាំដល់ប្រជាសហគមន៍ឱ្យមានការប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើងចម្អិនអាហារ យកឃ្មុំ ការដុតស្មៅ-ព្រៃ និងការប្រមូលផល ព្រៃឈើជាដើម។
បើយោងតាមសេចក្ដីជូនដំណឹងរួមរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ជារៀងរាល់ឆ្នាំ ធាតុអាកាសនៅកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅហួតហែង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។
ប្រភពដដែលបញ្ជាក់ថា ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែល គួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។
កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង ដូចជា ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃ ដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជា រៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារ ធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
វិធានការទាំង ៨ ចំណុចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានរួមមាន៖
១- អប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាសហគមន៍ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងសម្រាប់ ជាមធ្យោបាយដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ-ព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផល អនុផល ព្រៃឈើជាដើម។
២-ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និង រាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង ឬជុំវិញសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ តំបន់ការពារធម្មជាតិ និងរបៀង អភិរក្សជីវៈចម្រុះ។
៣-ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ក្រោមគោលបំណង ដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី ខេត្តសាមី ដែលជាសមត្ថកិច្ច ដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។
៤-ការរុករកផល អនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀតដែលចាំបាច់ត្រូវប្រើភ្លើងថា មធ្យោបាយ(ដុតរណ្ដៅជ័រ) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបទីរបរិស្ថាន ត្រូវធ្វើការណែនាំអ្នកពាក់ព័ន្ធ។ ពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើឈ្មោះ ទ័រ ឬទីតាំតដែលប្រើភ្លើងនោះ។ ៥-ត្រូវរៀបចំផ្លូវភ្លើងព្រៃដើម្បីការពារការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយ និងចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងករណីមានភ្លើងឆេះព្រៃជាយថាហេតុ។
៦-ក្នុងករណីកើតមានភ្លើងឆេះព្រៃ ត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងសរុបរួមមាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។
៧-ក្រោមការដឹកនាំរបស់ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលបានកាប់រុករាន ដុតព្រៃ និងកាន់កាប់ ដីព្រៃឈើដែលឆេះ ដោយអនាធិបតេយ្យដែលផ្ទុយនឹងច្បាប់ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាល។
៨-ត្រូវសហការជាមួយអាជ្ញាធរដែនដីក្នុងការហាមឃាត់ការចូលប្រើប្រាស់ដីព្រៃឈើ និងព្រៃលិចទឹកដែលបានឆេះរួច ដើម្បីទុកលទ្ធភាពឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិ ឬដាំស្ការព្រៃឈើឡើងវិញ។
អនុលោមតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែនដីគ្រប់ថ្នាក់ ត្រូវមានករណីយកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចូលរួមថែរក្សាជម្រកមច្ឆជាតិ ការពារ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹក នៅតាមមូលដ្ឋានរៀងៗខ្លួន។
ជនណាដែលបានប្រព្រឹត្ត ឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្តន្ទាទោសក្រោម បទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី០៥ឆ្នាំទៅ១០ឆ្នាំ ឬពី០៣ឆ្នាំ ទៅ០៥ឆ្នាំ។
ដោយឡែក តាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃ ដោយចេតនា ជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៤ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០៥ឆ្នាំ ដល់១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ