ព័ត៌មានអន្ដរជាតិ
សាកលវិទ្យាល័យនៅជប៉ុនមិនត្រឹមជាកន្លែងអប់រំ ថែមទាំងជាថ្នាលអភិវឌ្ឍកីឡាករបាល់ទាត់គុណភាពលំដាប់កំពូល
បើនិយាយពីវិស័យកីឡាបាល់ទាត់ ប្រិយមិត្តប្រាកដជានឹកដល់ក្រុមមកពីអាស៊ីមួយក្រុមដែលមានសមត្ថភាពអាចប្រជែងនឹងក្រុមខ្លាំងលំដាប់ពិភពលោកនៅអឺរ៉ុប ឬអាមេរិកឡាទីនបាន គឺជប៉ុន។ មិនថាក្រុមជម្រើសជាតិ ឬកីឡាករជប៉ុនម្នាក់ៗ ដែលប្រកបអាជីពតាមបណ្តាក្លិបនានាលើពិភពលោកនោះទេ ពួកគេសុទ្ធសឹងតែមានសមត្ថភាព និងគុណភាព។ ប៉ុន្តែអ្នកដឹងទេថា កីឡាករកំពូលៗរបស់ជប៉ុនភាគច្រើនគឺឡើងមកពីសាកលវិទ្យាល័យ?
ជាក់ស្តែងកីឡាករក្នុងជម្រើស១១នាក់ គឺមាន៩នាក់មកពីថ្នាលក្លិបសាកលវិទ្យាល័យដែលចូលរួមក្នុងព្រឹត្តិការណ៍ World Cup ២០២២ នៅប្រទេសកាតា។
ដោយសង្កេតឃើញពីគុណភាពក្នុងវិស័យកីឡារបស់ជនជាតិអាស៊ីមួយនេះ ស្ថាប័ន FIFA ក៏បានសិក្សាយ៉ាងជិតស្និទ្ធបន្ថែម បើកបង្ហាញពីដើមហេតុគឺចេញពីបទពិសោធប្រកួតយ៉ាងក្រាសក្រែលពីសាកលវិទ្យាល័យ ដែលជាហេតុនាំឱ្យក្រុមរហ្សសនាម សាម៉ូរៃខៀវទ្វីបអាស៊ីនេះ តែងទទួលជោគជ័យលើគុណភាពកីឡាករ និងក្រុមរបស់ពួកគេ។ កត្តាសំខាន់ៗដែល FIFA បានបង្ហាញ និងផ្អែកទៅតាមបទពិសោធឱ្យឃើញរួមមាន៖
១. កីឡាករទទួលបទពិសោធន៍ច្រើន ហើយក្នុងកម្រិតស្មើពាក់កណ្តាលអាជីព
ប្រកួតដូចកម្រិតនឹងលីគលំដាប់ទី២ រយៈពេល៤ឆ្នាំកីឡាករវ័យក្មេងអាយុចន្លោះពី១៨-២២ឆ្នាំ ពួកគេជួបបទពិសោធប្រកួតស្វិតស្វាញជាច្រើន ខណៈពេលអ្នកលេងសម្រាប់ថា្នលយុវជននៅក្លិបអាជីព ពុំមានឱកាសលេងប្រកួតធំៗនោះទេ។ នៅសាកលវិទ្យាល័យ មានការប្រកួតសំខាន់ៗសឹងរាល់សប្តាហ៍។ បន្ថែមពីនោះ ក្រុមមកពីសាកលវិទ្យាល័យអាចយកឈ្នះ លើក្រុមអាជីពរៀងរាល់ឆ្នាំ និងមានចំនួនកើនឡើងទៀតផង។ បើកីឡាករបង្ហាញសមត្ថភាពលេចធ្លោនោះ និងអាចទទួលបានកុងត្រាជាមួយឈុតធំអាជីពទៀតផង ស្របពេលដែលកំពុងបន្តការសិក្សា ឧទាហរណ៍ជាក់ស្តែង កីឡាករYoshinori Muto ទើបតែរៀនសាកលវិទ្យាល័យ ដោយសារការប្រឹងប្រែង និងសមត្ថភាព រូបគេមានឱកាសកោះហៅទៅលេងជម្រើសជាតិឈុតធំ ស្របពេលដែលកីឡាកររូបនេះលេងឱ្យក្លិបនៅសាកលវិទ្យាល័យ Keio ។
២.បទពិសោធកីឡាផង រៀនចប់ពីសាកលវិទ្យាល័យផង មានឱកាសការងារច្រើន
បរិយាកាសរកការងារនៅជប៉ុនក្រោយពីចប់សិក្សាគឺមានលក្ខណៈពិសេសមួយ។ នៅក្រុមហ៊ុនជប៉ុនច្រើនចង់បានអ្នកដែលមានសក្តានុពលផ្នែកចិត្តសាស្រ្តរឹងមាំ ពោលគឺចង់អភិវឌ្ឍខ្លួន និងមានការរួមចំណែកច្រើនជាមួយក្រុមហ៊ុន ព្រមទាំងធ្វើការជាមួយក្រុមហ៊ុនក្នុងរយៈពេលវែង។ ពិសេសការមានឈ្មោះជាសមាជិកក្នុងក្លិបកីឡា គឺបានបង្កើនទំនាក់ទំនងច្រើន និងមានទំនុកចិត្តពីបណ្តាក្រុមហ៊ុនជាច្រើនទៀតផង ដោយសារមានអ្នកធានាពីសាកលវិទ្យាល័យ ជាហេតុនាំឱ្យមានឱកាសការងារច្រើនរត់ទៅតាមកីឡាករនិស្សិត។ ហេតុដូចនេះ និស្សិតចប់ពីសាកលវិទ្យាល័យ ដែលមានឈ្មោះលេងក្នុងក្លិបសាលា ច្រើនមានទំនុកចិត្ត ភាពកក់ក្តៅក្នុងការរកការងារធ្វើ មិនថាបន្តអាជីពជាអ្នកកីឡា ឬធ្វើការឱ្យក្រុមហ៊ុនផ្សេងៗ។
៣. ឱកាសជោគជ័យច្រើនក្នុងវ័យរៀនចប់ពីសាកលវិទ្យាល័យ
ភាគច្រើនអាយុ២២ឆ្នាំជាវ័យរៀនចប់សាកលវិទ្យាល័យ ។ វ័យនេះដែរជាវ័យដែលមានឱកាសច្រើនចូលរួមក្នុងក្លិបអាជីព ឬមួយក្រុមជម្រើសជាតិទៀតផង ឧទាហរណ៍ Kaoru Mitoma និង Junya Ito ដែលទីផ្សារកីឡាករអឺរ៉ុបភាគច្រើនត្រូវការ ក៏ដូចជាតាមសម្លឹងមើលកីឡាករជប៉ុនទាំងនេះ ហើយភាគច្រើនពួកគេចេញពីក្លិបសាកលវិទ្យាល័យ។ ឧទាហរណ៍កីឡាករ Yuto Nagatomo ដែលភាគច្រើនគេពុំសូរស្គាល់នោះទេ តាំងពីវិទ្យាល័យ ប៉ុន្តែចូលមកដល់សាកលវិទ្យាល័យ អ្វីៗចាប់ផ្តើមប្រែប្រួល នៅពេលដែលគេចូលលេងក្នុងក្លិបសាកលវិទ្យាល័យ រូបគេលេចធ្លោ រហូតទទួលបានការចាប់អារម្មណ៍ និងផ្តល់កុងតាពីក្លិបអាជីពនៅលីគប្រទេសអ៊ីតាលី Inter Milan ។ ដូច Nagatomo ដែរ Junya Ito ពុំសូវមានអ្នកស្គាល់ទេ ពេលនៅវិទ្យាល័យ ប៉ុន្តែសកម្មភាពលេចធ្លោជាប់មករហូតនៅសាកលវិទ្យាល័យ Kanagawa ធ្វើឱ្យរូបគេទទួលការចាប់អារម្មណ៍ទាំងក្លិបនៅអឺរ៉ុប និងក្រុមជម្រើសជាតិ។
កីឡាករលំដាប់កំពូលៗដែលលេងនៅលីគអង់គ្លេសផ្សេងទៀត ដូច Kaoru Mitoma ដែលកាលនៅជាយុវជន គឺលេងចេញពីថ្នាលក្លិបសាកលវិទ្យាល័យ Tsukuba កីឡាករ Kyogu Furuhashi លេងនៅលីគស្កុតឡែន មកពីថ្នាលសាកលវិទ្យាល័យជប៉ុន Chuo ជាដើម។
សរុបមកវិញ បើទោះបីជាករណីនេះជាឱកាសកម្រក្នុងការឈានឡើងទៅកាន់កីឡាករអាជីពនៅក្លិបធំៗ ក៏ដូចជាជម្រើសជាតិ ប៉ុន្តែមាគ៌ានេះ នៅតែផ្តល់ក្តីសង្ឃឹមដល់កីឡាករនិស្សិតដែលបន្តរៀន និងលេងក្នុងក្លិបសាកលវិទ្យាល័យ។ សាកលវិទ្យាល័យជប៉ុននៅតែផលិតបាននូវកីឡាករលំដាប់ៗកម្រិតកំពូលតាមរយៈ ឱកាសអភិវឌ្ឍខ្លួន ជាក់ស្តែងដូច Kaoru Mitoma និង Junya Ito ជាសមាជិកក្លិបនៅសាកលវិទ្យាល័យ ដែលមានក្តីសុបិនជាកីឡាករអាជីព។
ដូចនេះឱកាសអភិវឌ្ឍខ្លួនខ្លាំងពីសាកលវិទ្យាល័យ នៅតែជាជម្រើសដ៏ត្រឹមត្រូវសម្រាប់និស្សិតជប៉ុនដែលមានក្តីស្រមៃកា្លយជាអ្នកអាជីពក្នុងក្លិបធំ និងជម្រើសជាតិផង៕
អត្ថបទដោយ៖ មាន រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ