ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប បញ្ជាឱ្យអាជ្ញាធរទប់ស្កាត់ការសាងសង់សំណង់ថ្មីក្នុងតំបន់រមណីយដ្ឋានអង្គរ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យទប់ស្កាត់ការសាងសង់សំណង់ថ្មីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក។
បើតាមលោកអភិបាលខេត្ត គោលបំណងនៃកិច្ចប្រជុំនេះ គឺដើមី្បណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមសហការគ្នាឱ្យបានល្អលើការទប់ស្កាត់មិនឱ្យមានការសាងសង់សំណង់ថ្មីក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ។ ក្នុងនោះ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិ ក៏បានធ្វើសេចក្តីរាយការណ៍ស្តីពីកិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន ជាមួយកម្លាំងអាជ្ញាធរជាតិអប្សរា ក្នុងពេលកន្លងមក និងបញ្ហាប្រឈមដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពលរដ្ឋុ។
បើតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានស្ម័ត្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋានរបស់ខ្លួន ទៅរស់នៅលើតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង នាស្រុកអង្គរធំ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូន ក៏ប៉ុន្តែមួយចំនួន នៅមិនទាន់បានរុះរើផ្ទះនៅឡើយ។ តែយ៉ាងណា អាជ្ញាធរមូលដ្ឋាន បានប្តេជ្ញាក្នុងការទប់ស្កាត់មិនឱ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឬសំណង់អាណាធិបតេយ្យទៀតឡើយ។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងនូវចំណារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ត្រូវធ្វើការហាមឃាត់ដាច់ខាត គឺមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចូលទៅតាំងទីលំនៅ និងសាងសង់ផ្ទះ នៅក្នុងតំបន់ការពារបេតិកភណ្ឌឡើយ។
លោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវផ្តោតការយកចិត្តទុក ដាក់ខ្ពស់ ក្នុងការការពារនៅតំបន់ដែលប្រជាពលរដ្ឋបានស្ម័ត្រចិត្តផ្លាស់ប្ដូរ ទៅរស់នៅតំបន់រុនតាឯក ដើមី្បកុំឱ្យមានការចូលមករស់នៅបន្តទៀត។ លោកអភិបាលខេត្ត បានណែនាំអាជ្ញាធរមូលដ្ឋានឱ្យចូលរួមទប់ស្កាត់ និងបំពេញតួនាទីឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋកុំឱ្យសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់ផងដែរ។
រាល់ការងារដែលកំពុងអនុវត្តក្នុងយុទ្ធនាការតម្រង់ទិសនេះ ត្រូវបានលោកអភិបាលខេត្ត បញ្ជាក់ថា គឺដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល៕
ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ