ព័ត៌មានជាតិ
ក្រុមហ៊ុនឥណ្ឌូនេស៊ីធំមួយ ស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា
នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group លោក John Riady បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនរបស់លោក កំពុងស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា។
នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។
ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងសហការី និងអរគុណចំពោះក្រុមហ៊ុន Lippo Group ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និង ឥណ្ឌូនេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ក៏បានជម្រាបជូន លោកនាយកប្រតិបត្តិ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាពលើការកសាងធនធានមនុស្សជាមួយការយកចិត្តទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។
បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះវិនិយោគិនបរទេស។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងព្រះរាជាអាណាចក្រកម្ពុជា៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់