កីឡា
បាល់ទះកម្ពុជាចុះ MOU ជាមួយបារាំងអាចជាស្ពានទៅចាប់ដៃជប៉ុនថែមទៀត
សហព័ន្ធកីឡាបាល់ទះកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសហព័ន្ធកីឡាបាល់ទះបារាំងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាជាមួយលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង។
លោក ស សុខា មានប្រសាសន៍ថា ៖«ខ្ញុំគិតថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងសហព័ន្ធកីឡាបាល់ទះបារាំងនៅពេលនេះពិតជាមានសារសំខាន់។ នេះគឺដើម្បីផ្លាស់ប្តូរបទពិសោធ ចំណេះ ជំនាញ ទាំងគ្រូបង្វឹក និងកីឡាករ ការហ្វឹកហាត់ទាំងនៅកម្ពុជា និងបារាំង ទាំងក្រុមបុរស នារី។ ខ្ញុំគិតថា កិច្ចសហការនេះនឹងលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាមួយកម្រិតទៀត បន្ទាប់ពីបាល់ទះកម្ពុជាកំពុងមានដំណើរការគួរឲ្យកត់សំគាល់»។
លោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំងបានឲ្យដឹងថា នេះជាលើកទី១ដែលប្រទេសបារាំងបានចាប់ដៃគូជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន។ លោកសូមអរគុណដល់កម្ពុជាដែលបានទទួលក្រុមបាល់ទះជម្រើសជាតិបារាំងអាយុ១៩ឆ្នាំសម្រាប់ការប្រកួតមិត្តភាពកាលពីដើមឆ្នាំ២០២៣។
លោកបានលើកឡើងថា ៖«បន្ទាប់ពីមានការប្រកួតមិត្តភាពរវាងក្រុមបារាំងអាយុ១៩ឆ្នាំជាមួយកម្ពុជា ជាលទ្ធផលក្រុម U19 បារាំងបានឈ្នះជើងឯកពិភពលោកអាយុក្រោម១៩ឆ្នាំ ហើយក្រុមកម្ពុជាទទួលបានមេដាយប្រាក់ពីកីឡាស៊ីហ្គេម។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងមានកម្មវិធីប្រកួតបែបនេះទៀត»។
បន្ទាប់ពីបានទស្សនាការប្រកួតលីគបាល់ទះកំពូលកម្ពុជាកាលពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក Eric Tanguy បានកត់សំគាល់ពីសមត្ថភាពរបស់កីឡាករបាល់ទះកម្ពុជាដែលមានបច្ចេកទេសល្អ។ លោកជឿថា វិស័យកីឡាបាល់ទះកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ។
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះអាចជាស្ពានមួយនាំស្ថាប័នគ្រប់គ្រងកីឡាបាល់ទះកម្ពុជាឆ្ពោះទៅរកការចាប់ដៃជាមួយសហព័ន្ធកីឡាបាល់ទះប្រទេសផ្សេងៗដូចជាប្រទេសជប៉ុនជាដើមដែលមានការរីកចម្រើនខ្លាំងលើវិស័យបាល់ទះ។
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា គោលបំណងធំនៃការចុះអនុស្សរណៈយោគយល់គ្នានេះគឺដើម្បីផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរពាក់ព័ន្ធនឹងគ្រូបង្វឹក និងកីឡាករ។ ក្នុងនេះក៏ផ្តោតលើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ដែរដែលស្របតាមគោលដៅរបស់សហព័ន្ធក្នុងអាណត្តិនេះ។
លោកបានឲ្យដឹងថា ៖«យើងនឹងយកទិន្នន័យមកពីប្រទេសបារាំងពាក់ព័ន្ធនឹងជំនាញបច្ចេកទេសដើម្បីធ្វើការវិភាគលើកីឡាករម្នាក់ៗ ការលេងជាក្រុម ក៏ដូចជាការប្រកួត។ យើងអាចអញ្ជើញអ្នកជំនាញបារាំងមកបណ្តុះបណ្តាលនៅកម្ពុជា។ យើងក៏អាចនាំគ្រូបង្វឹក និងកីឡាករកម្ពុជាទៅបោះហ្វឹកហាត់ជុំគ្នាជាមួយបារាំង ហើយក៏អាចអញ្ជើញក្រុមបារាំងមកហ្វឹកហាត់ជុំគ្នាជាមួយកម្ពុជា និងប្រកួតជាមួយគ្នា ហើយក៍នឹងមានការប្រកួតមិត្តភាពរវាងប្រទេសទាំងពីរដែរ»។
លោក អាំង សិរីពិសិដ្ឋ បន្ថែមថា ៖«ភាគីបារាំងចង់ឲ្យយើងចូលរួមក្នុងលីគបាល់ទះដែលនិយាយភាសាបារាំង។ អីចឹងនៅពេលចូល យើងកាន់តែមានឱកាសក្នុងការចាប់ដៃគូជាមួយប្រទេសផ្សេងៗ។ ដូចបានជ្រាបហើយ បារាំងបានចុះ MOU ជាមួយជប៉ុន ហើយខ្ញុំនឹងជជែកជាមួយលោក Eric Tanguy ដើម្បីឲ្យលោកធ្វើជាស្ពានមួយដែលអាចឲ្យយើងទៅធ្វើកិច្ចការជាមួយជប៉ុន»៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៤ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤