ព័ត៌មានជាតិ
អាជ្ញាធររាជធានីប្តេជ្ញាដោះស្រាយឲ្យបានល្អជាមួយពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងដោះស្រាយបញ្ចប់ការជន់លិចនៅរាជធានី
អាជ្ញាធររាជធានីភ្នំពេញបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំដោះស្រាយឲ្យបានល្អបំផុតជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ចប់ បញ្ហាទឹកជន់លិចនៅរាជធានីភ្នំពេញ។

នេះជាការប្តេជ្ញាចិត្តរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំការងារដោះស្រាយផលប៉ះពាល់គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះ មានគោលដៅដោះស្រាយផលប៉ះពាល់អោយបានល្អ កាត់បន្ថយអោយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ លោក ឃួង ស្រេង បានបន្តថា រាជធានីភ្នំពេញបានកើតឡើងក្នុងតំបន់ទំនាប លិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយ នៅរដូវវស្សារាជធានីភ្នំពេញតែងប្រឈមនឹងបញ្ហាលិចលង់ បើទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាងណាក្តី។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ឥទាន ដើម្បីដោះស្រាយបញ្ចប់បញ្ហាទឹកជន់លិចនៅរាជធានីភ្នំពេញនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះមានផលប៉ះពាល់ខ្លាំង ដែលទាមទាអោយយើងយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពិសេសការផ្សព្វផ្សាយ និងពន្យល់ប្រជាពលរដ្ឋអោយបានយល់ពីសារៈសំខាន់នៃគម្រោងនេះ។ សម្រាប់ រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចិត្តថា នឹងខិតខំដោះស្រាយអោយបានល្អបំផុតជាមួយប្រជាពលរដ្ឋ។

លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានមានប្រសាសន៍ថា លោកបន្តគាំទ្រសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញក្នុងការអភិវឌ្ឍរាជធានីបន្តទៀត។ ជាធម្មតាមានការអភិវឌ្ឍគឺមានបញ្ហាប្រឈមហើយរួមនឹងបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ ការអភិវឌ្ឍ បូករួមជាមួយការបម្រែលបម្រួលអាកាសធាតុ វាពិតជានាំមកនូវភាពលិចលង់ហើយ សូម្បីប្រទេសជឿនលឿនមួយចំនួនដូចជា នៅប្រទេសជប៉ុន និងអាមេរិកជាដើមក៏ទទួលរងការលិចលង់ដែរ ជៀសមិនផុតទេ។ ដោយដោយមើលឃើញពីបញ្ហានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញជាគម្រោងធំមួយដើម្បីដោះស្រាយ សំដៅធ្វើយ៉ាងណាកុំអោយលិចលង់រាជធានីភ្នំពេញទៀត។ លោកបណ្ឌិតបានបញ្ជាក់ផងដែរថា គម្រោងនេះពាក់ព័ន្ធនឹងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ហើយម្ចាស់គម្រោង មានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ។

លោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក៏បានមានប្រសាសន៍លើកឡើងដែរថា គោលបំណងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល៥ឆ្នាំយ៉ាងយូរ នៅរដូវភ្លៀងធម្មតា ដោយត្រូវអនុលោមតាមផែនការមេ ច្បាស់លាស់ នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការរៀបចំ និងអនុវត្តផែនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដោយឈរលើមូលដ្ឋានសំខាន់ៗចំនួន ៣ ទី១) ការបញ្ចៀស និងការគ្រប់គ្រងហានិភ័យនៃការជន់លិច។ ២) ផែនការមេត្រូវមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានលំដាប់អាទិភាពច្បាស់លាស់ ព្រមទាំងមានភាពបំពេញឱ្យគ្នាទៅវិញទៅមកពីគ្រប់ប្រភពហិរញ្ញប្បទាន។ ៣) ការធានានិរន្តរភាពប្រតិបត្តិការបន្ទាប់ពីការវិនិយោគ។

លោកបញ្ជាក់បន្ថែមថា ចំពោះផលប៉ះពាល់នៃគម្រោងនេះ យើងនឹងអនុវត្តទៅតាមគោលការច្បាប់នៃផលប៉ះពាល់ ដោយកិច្ចសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យនៃគម្រោងនេះ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់