Connect with us

ព័ត៌មានជាតិ

លោក ព្រាប កុល៖ ដើម្បីកិត្តិនាមរដ្ឋាភិបាល លោកគ្មានជម្រើសអ្វីក្រៅពីប្ដឹងម្ចាស់គណនី Chivann Pen ឡើយ

បានផុស

នៅ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក​ ព្រាប​ កុល បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី២៥ ខែមករា​ នេះថា ដើម្បីរក្សាកិត្តិនាមរដ្ឋាភិបាល រក្សាកិត្តិយសផ្ទាល់ខ្លួន និងក្រុមគ្រួសារ លោកគ្មានជម្រើសអ្វីក្រៅពីប្ដឹងម្ចាស់គណនីហ្វេស​ប៊ុក Chivann Pen មានឈ្មោះពិតថា យ៉ង់ ប៉ាក់  ទៅកាន់តុលាការឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា គណនីហ្វេសប៊ុក Chivann Pen បានសរសេរថា លោក ព្រាប កុល ត្រូវបានគេសង្ស័យថាបានលេបយកទឹកប្រាក់ចំនួន៨០លានដុល្លារពីគម្រោងវិនិយោគអចលនទ្រព្យរបស់ក្រុមហ៊ុន CIC ។

លោក ព្រាប កុល បានចាត់ទុកទង្វើរបស់បុគ្គល យ៉ង់ ប៉ាក់ ម្ចាស់គណនីហ្វេសប៊ុក Chivann Pen ដែលផ្សាយព័ត៌មានប្រឌិត រហូតត្រូវបានបណ្តាញសារព័ត៌មានជាច្រើនយកផ្សព្វផ្សាយ គឺបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសុវត្ថិភាពរបស់លោក ព្រមទាំងក្រុមគ្រួសារ។

ប៉ុន្តែលោក ព្រាប កុល អះអាងថា ជាក្តីសណ្តោសជាបឋមដល់បុគ្គលយ៉ង់ ប៉ាក់ ដំបូងឡើយលោកបានឱ្យមេធាវីជូនដំណឹងទៅកាន់ម្ចាស់គណនី Chivann Pen ឱ្យលុបអត្ថបទចេញ និងសូមអភ័យទោស  ព្រោះមិនចង់ឃើញគាត់ប្រឈមការកាត់ទោសដែលអាចនាំឱ្យមានវិនាសកម្មដល់រូបគាត់ និងក្រុមគ្រួសារគាត់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរបន្តថា “ប៉ុន្តែជននេះមិនព្រមធ្វើតាមសេចក្តីជូនដំណឹងហើយបានទាមទារស្រាក្រហម១ដប និងសាច់ក្លែម១ចានជាថ្នូរនៃការលុបអត្ថបទប្រឌិតនោះចេញ។ មិនតែប៉ុណ្ណោះគាត់បានសាទរ ត្រេកអរពេលឃើញបណ្តាញសារពត៌មានជាច្រើនចុះផ្សាយអត្ថបទប្រឌិតរបស់គាត់ ហើយរីករាយពេលឃើញកេរ្តិ៍ឈ្មោះដែលខ្ញុំបានសាងជាច្រើនទស្សវត្សន៍ត្រូវបានបង្ខូច និងបង្ករឱ្យមានការរើសអើង បន្តុះបង្អាប់ និងចំអកឡកឡឺយ”។

លោក ព្រាប កុល បានចាត់ទុកទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុក Chivann Pen ថាជាការបង្កើតភាពសប្បាយរបស់ខ្លួនឯងដោយក្លែមការឈឺចាប់របស់អ្នកដទៃ។  “ជននេះបង្កើតភាពរីករាយសម្រាប់ខ្លួនឯង ដោយក្លែមនូវការឈឺចាប់របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ។ នេះជាសំណេររបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

គួរបន្ថែមថា ក្រោយបុគ្គល យ៉ង់ ប៉ាក់ មិនព្រមលុបសំណេរប្រឌិតចេញពីហ្វេសប៊ុក មេធាវីរបស់លោកព្រាប កុល បានដាក់ពាក្យបណ្ដឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ អនុវត្តន៍តាម តាមដីការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួន បុគ្គល យ៉ង់ ប៉ាក់ និងបញ្ជូនទៅកាន់តុលាការ។

ក្រោយដាក់ពាក្យបណ្ដឹង និងសមត្ថកិច្ចចាប់ឃាត់ខ្លួន បុគ្គលយ៉ង់ ប៉ាក់ លោក ព្រាប កុល បានពន្យល់ថា ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន និងក្រុមគ្រួសារផង និង ដើម្បីរក្សាកិត្តនាមរបស់រាជរដ្ឋាភិបាល លោកគ្មានជម្រើសអ្វីផ្សេងក្រៅពីប្តឹងទៅតុលាការ ដើម្បីឱ្យជននេះទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។ លោក ព្រាប កុល បន្ថែមថា ប្រទេសមានច្បាប់ បើមិនអនុវត្តច្បាប់ទេ សង្គមនឹងមានភាពអនាធិបតេយ្យជាមិនខាន ហើយជនទុច្ចរិត និងបន្តគឃ្លើនដើរបង្ខូចកេរ្តិ៍ឈ្មោះគេតាមទំនើងចិត្ត។

បើតាមសំណេរដដែល នៅចំពោះមុខសមត្ថកិច្ច លោក យ៉ង់ ប៉ាក់ បានសារភាពកំហុស និងស្នើសុំការអភ័យទោសពីសំណាក់លោកព្រាប កុល។

គួររំលឹកឡើងវិញបន្តិចថា ប្រធានគណកម្មការនៃស្ថាប័ន CIC បានបញ្ជាក់ក្នុងលិខិតជាផ្លូវការថា លោក ព្រាប កុល  មិនបានលេបយកលុយចំនួន៨០លានដុល្លារពីក្រុមហ៊ុន ដូចការចោទរបស់ម្ចាស់អាខោន Chivann Pen នោះទេ៕

ដោយ៖ ង៉ិល​ ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម